ភ្នំពេញៈ អាជ្ញាធរខេត្តនៅតំបន់ប៉ូលទេសចរណ៍សំខាន់ៗ ដូចជា ខេត្តនៅតំបន់សមុទ្រ ខេត្តសៀមរាប ខេត្តភូមិភាគឦសានបាននិងកំពុងត្រៀមវិធានការបង្កើនការការពារវីរុសកូវីដ ១៩ ខណៈដែលគិតត្រឹមថ្ងៃសុក្រនេះនៅសល់តែ ២ ថ្ងៃទៀត ត្រូវដល់ថ្ងៃដែលរដ្ឋាភិបាលសងថ្ងៃឈប់សម្រាកចូលឆ្នាំជូនដល់អ្នកបម្រើការទាំងរដ្ឋ និងឯកជនវិញ ស្របពេលដែលអ្នកជំងឺកូវីដ ១៩ ត្រូវបានកើនដល់ ២៧២ នាក់។
អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានឲ្យដឹងកាលពីថ្ងៃ ១២ សីហា ថា វិធានការការពារកូវីដ ១៩ ក្នុងពេលសម្រាកសងថ្ងៃចូលឆ្នាំនេះជាគោលការណ៍ចម្បងគឺខេត្តធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ប៉ុន្តែការរៀបចំកម្មវិធីមួយចំនួននៅខេត្តសៀមរាបទាមទារឲ្យមានចំណាត់ការមួយចំនួន។
លោកថា៖ «យើងនឹងដាក់គម្លាតនៅតាមទីសាធារណៈ យើងនឹងសម្អាត និងជំរុញឲ្យបងប្អូនពលរដ្ឋគាត់យកម៉ាស់យកក្រមាមកផង ប្រសិនបើគាត់មានបំណងមកលេងខេត្តសៀមរាបទាំងបន្ទប់ទឹក ទាំងអី គឺយើងបានសម្អាតហើយមានដាក់ជាជួរមុននឹងចូល»។
ចំពោះភោជនីយដ្ឋាន និងសណ្ឋាគារលោក ទៀ សីហា ប្រាប់ថា ខេត្តបានដាក់ផែនការឲ្យជនបង្គោលត្រួតពិនិត្យតាមបន្ទប់ដោយត្រូវសម្លាប់មេរោគ រីឯនៅតាមភោជនីយដ្ឋានតម្រូវឲ្យដកតុចេញដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម។ ដោយឡែកនៅកន្លែងដែលធ្លាប់កកកុញត្រូវបានពង្រីកវិសាលភាពផ្លូវដើរដោយដាក់ជាជួរកុំឲ្យមានកន្លែងជួបជុំគ្នាច្រើន។
លោក សីហា បញ្ជាក់ថា៖ «ទោះបីកន្លែងតាំងពិព័រណ៍ក៏យើងរៀបកន្លែងផ្លូវដើរដែរ ដើរឲ្យមានគម្លាត ហើយមានក្រុមការងារណែនាំរហូតនៅក្នុងកម្មវិធីហ្នឹង [...] និយាយទៅយើងព្យាយាមបំបែកឲ្យទៅខាងអេកូទេសចរណ៍ក្នុងក្រុងស្រុករបស់យើង ដើម្បីកុំឲ្យកកកុញគ្នាក្នុងក្រុងតែមួយ»។
ស្រដៀងគ្នានេះដែរ អភិបាលខេត្តកំពតលោក ជាវ តាយ បានថ្លែងកាលពីថ្ងៃ ១២ សីហា ថា ខេត្តបានណែនាំតាមកន្លែងគោលដៅទេសចរណ៍ ពលរដ្ឋទៅកម្សាន្តត្រូវរៀបចំឲ្យមានការពាក់ម៉ាស់ លាងដៃនឹងអាល់កុល និង ហាមឃាត់ការជួបជុំគ្នាច្រើន។
លោកថ្លែងថា៖ «សំខាន់គឺនៅកន្លែងទីតាំងនីមួយៗ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ឬក៏រមណីយដ្ឋានដែលមានភ្ញៀវចូលទៅត្រូវធ្វើម៉េចយើងការពារដោយមានអាល់កុល មានម៉ាស់ មានប្រដាប់ការពារផ្សេងៗទៀតដើម្បីធ្វើកុំឲ្យមានចម្លងពីមួយទៅមួយ»។ រីឯសម្រាប់នៅតាមបណ្តាច្រកព្រំដែនក៏មានវិធានការទប់ស្កាត់ផងដែរ ខ្លាចមានការហូរចូលពីក្រៅមកវិញ។
ដោយឡែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានថ្លែងថា ខេត្តលោកស្រីបានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្រុងស្រុកអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
កន្លែងមកមានភ្ញៀវទេសចរទៅកម្សាន្ត ឬឆ្លងកាត់តម្រូវឲ្យមានពាក់ម៉ាស់ប្រើអាល់កុល ឬជែលលាងសម្អាតមេរោគ ថែមទាំងមានការវាស់កម្តៅផងដែរ។
លោកស្រីបានថ្លែងថា «យើងណែនាំដល់ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ឬរមណីយដ្ឋានផ្សេងៗឲ្យបង្កើតការការពារដូចជារក្សាអនាម័យ ដោយដាក់ទឹកអាល់កុលលាងសម្អាតដៃ និងវាស់កម្តៅក្នុងពេលចេញចូលនៅកន្លែងស្នាក់នៅ។ បន្ថែមលើនោះយើងឲ្យមន្ត្រីចុះណែនាំភ្ញៀវបន្ថែម ដើម្បីពញ្ញាក់ស្មារតីកុំឲ្យពួកគាត់ភ្លេចការពារខ្លួន»។
រីឯនៅខេត្តមណ្ឌលគិរី លោក ហៀក សុផាន នាយករដ្ឋបាលខេត្តនេះបានឲ្យដឹងថា ខេត្តបានណែនាំដល់បណ្តាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានឲ្យពង្រឹងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យមានអាល់កុល ជែល ឧបករណ៍វាស់កម្តៅសម្រាប់ត្រួតពិនិត្យភ្ញៀវដោយលោកថា ការអនុវត្តបែបនេះគឺអាចគ្រប់គ្រងស្ថានភាពបាន។
លោកបញ្ជាក់ថា៖ «ដោយសារតែយើងជាខេត្តនៅជាប់ព្រំដែន ហេតុនេះមិនអនុញ្ញាតឲ្យមានភ្ញៀវទេសចរឆ្លងកាត់ព្រំដែនឡើយ មានតែការផ្លាស់ប្តូរទំនិញចេញចូលប៉ុណ្ណោះ»។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃម្សិលមិញប្រទេសកម្ពុជាទើបបានរកឃើញមានអ្នកជំងឺកូវីដ ១៩ សរុបកើនដល់ ២៧២ នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជនមានសរុប ៤៩ នាក់ ចំណែកអ្នកជាសះស្បើយមាន ២២៣ នាក់៕