ភ្នំពេញៈ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើឱ្យ​អភិបាល​ខេត្ត​ទាំងអស់​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩​ ជូន​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​នៅ​តាម​ខេត្ត​នីមួយៗ​ក៏​បាន​ចាប់ផ្តើម​រៀបចំ​បណ្តើរៗ​ផងដែរ ប៉ុន្តែ​ខេត្ត​ខ្លះ​មាន​ធនធាន​គ្រូពេទ្យ និង​កន្លែង​ស្នាក់នៅ​ស្រាប់ ដោយ​មិន​ត្រូវការ​ត្រៀម​កន្លែង​ស្នាក់នៅ​នោះឡើយ​។

លោក​ ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ថ្នាក់ដឹកនាំ​ខេត្ត​បានរៀបចំ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​រួចហើយ​ក្នុង​ក្រុង និង​ស្រុក​ធំៗ​ចំនួន​ ៣ ​ដោយសារ​កន្លែង​ផ្សេង​មិនមាន​ផ្ទះសំណាក់ និង​សណ្ឋាគារ​។

លោក​ប្រាប់ថា​៖ «​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​នេះ​គឺ​យើង​រៀបចំ​កន្លែង​ស្នាក់នៅ​ក្នុង​ក្រុង​សំរោង ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ​។ ដោយឡែក​សម្រាប់​ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយអំពិល​មិនទាន់​មាន​សណ្ឋាគារ និង ផ្ទះសំណាក់​ទេ​។ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​អាច​ធ្វើ​ដំណើរ​ទៅ​មក​ស្នាក់នៅ​ក្នុង​ក្រុង​សំរោង​វិញ​បាន បន្ទាប់ពី​បំពេញ​ការងារ​ចប់​ដោយសារ​មិនសូវ​ជា​ឆ្ងាយ​ប៉ុន្មាន​ទេ​»​។

លោក​ ឌី រ៉ាដូ បន្ថែម​ថា​លោក​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ថ្នាក់ជាតិ​នៅឡើយ​ថា តើ​នឹងមាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទៅ​ចាក់វ៉ាក់សាំង​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ប៉ុន្មាន​នាក់​នោះទេ​។

ចំណែក​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ដែរ​ថា សម្រាប់​ខេត្ត​នេះ​ក៏​បាន​រៀបចំ​រួចរាល់​ហើយ​ដែរ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​នឹង​ចុះជួយ​ចាក់វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​អ្នកនាំពាក្យ​រូបនេះ​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ទីតាំង នៅពេល​នេះ​បាន​នៅឡើយ​ទេ​ដោយ​លោក​នឹង​ប្រាប់​តាម​ក្រោយ​ទៀត​។

អភិបាលខេត្ត​ព្រះសីហនុ​លោក​ គួច ចំរើន ស្នើឱ្យ​អភិបាល​ស្រុក​ក្នុង​ខេត្ត​នេះ​ស្រង់​បញ្ជី​ឈ្មោះ អ្នក​ប្រកបរបរ​រត់​ម៉ូតូឌុប ម៉ូតូកង់​ ៣ តាក់ស៊ី និង​អ្នកផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ផ្សេងទៀត​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​។

លោក​ គួច ចំរើន បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ដើម្បី​ការពារ​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រកបមុខរបរ​ទាំងនេះ​មាន​ការប្រឈម​ខ្លាំង​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩ ដោយ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​ ដោយ​ឥតគិតថ្លៃ​ដល់​ពួកគាត់​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅពេល​ឆាប់ៗ​ខាងមុខនេះ​»​។

ជាមួយ​គ្នា​នេះ អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី សំណាង ប្រាប់​ឱ្យដឹង​ដែរ​ថា សម្រាប់​ខេត្ត​របស់​លោក​មិនមាន​បញ្ហា​ទាក់ទង​នឹង​កន្លែង​ស្នាក់​នៅទេ ដោយសារ​ខេត្ត​នេះ​មាន​គ្រូពេទ្យ​ច្រើន​សម្រាប់ ចូលរួម​ជួយ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​។

លោក​ថ្លែងថា​៖ «​យើង​មិនបាច់​រក​ទីតាំង​សណ្ឋាគារ ឬ​ផ្ទះសំណាក់​សម្រាប់​ឱ្យ​ក្រុមគ្រូពេទ្យ​ទៅ​ពី​ថ្នាក់ជាតិ​ទេ គឺ​ខេត្តកំពង់ស្ពឺ​មាន​ក្រុមគ្រូពេទ្យ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​លើ​ការងារ​នេះហើយ​»​។

បើតាម​លោក​ វ៉ី សំណាង ខេត្ត​កំពង់ស្ពឺ​មាន​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ចំនួន​ ៩ ​កន្លែង​ដែល​កន្លែង​ទាំងនេះ​ក៏មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ជួយ​សង្គ្រោះ​ពួកគាត់ នៅពេល​ដែល​មាន​ប្រតិកម្ម​ណាមួយ​កើតឡើង បន្ទាប់ពី​ចាក់​វ៉ាក់សាំង​នេះ​រួច​។

លោក​ថា​៖ «​គ្រូពេទ្យ​ដែល​យើង​បាន​ត្រៀម​សម្រាប់​ចាក់​វ៉ាក់សាំង​នេះ​មាន​ចំនួន​ ៩០ ​នាក់ ​ដោយ​យើង​បាន​ធ្វើការ​បែងចែក​ជា​ ១០ ​ក្រុម​ដែល​ក្នុង​ ១ ​ក្រុម​មាន​គ្រូពេទ្យ​ចំនួន ៩ ​នាក់ ហើយ​ ១ ​ថ្ងៃ​យើង​គ្រោង​ចាក់​ឱ្យបាន​យ៉ាងហោចណាស់ ២ ០០០ ​នាក់​»​។

នៅ​ថ្ងៃទី​ ២៩ មីនា លោក​ ហ៊ុន សែន បានប្រកាស​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ជូន​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យបាន​ ១ ​លានដូស​ក្នុង​រយៈពេល​ ១ ​ខែ​។ លោក​បានស្នើ​ទៅគ្រប់​អភិបាលខេត្ត​ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​នឹង​ចុះទៅ​គ្រប់​បណ្តា​ខេត្ត​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​។

ពី​ម្សិលមិញ ក្រសួង​សុខាភិបាល​ឱ្យដឹងថា មនុស្ស​ចំនួន​ ១០៥ ​នាក់​ទៀត ​ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩​។ ក្នុងនោះ​ ១០៤ ​នាក់​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ខណៈ​មាន​អ្នក​ជា​សះស្បើយ​តែ​ចំនួន​ ៤ ​នាក់​ប៉ុណ្ណោះ​។

របាយការណ៍​ក្រសួង​សុខាភិបាល​ឱ្យ​ដឹងថា អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ​មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ៤៥ ​នាក់​ ខេត្ត​ព្រះសីហនុ​ ៣៤ ​នាក់ ខេត្ត​ស្វាយរៀង​ ២០ ​នាក់ ខេត្តកំពង់ចាម​ ២ ​នាក់ ខេត្តព្រៃវែង ១ ​នាក់ ខេត្ត​ត្បូងឃ្មុំ​ ១ ​នាក់ និង​ខេត្តតាកែវ​ចំនួន​ ១ ​នាក់​។

ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ មកដល់​ថ្ងៃទី​ ២៩ ​មីនា ២០២១ ​បាន​ឡើងដល់ ១ ៨៥១​ ​នាក់​ ក្នុង​នោះ​អ្នក​បាន​ព្យាបាល​ជាសះស្បើយ​ ៦៦២ ​នាក់​ក្នុង​រយៈពេល​ជាង​ ១ ​ខែ​មកនេះ​។

គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ មីនា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​ ១៩ សរុប ២ ៣៧៧ ​នាក់ អ្នកជាសះស្បើយ​ចំនួន ១ ១៧៦ ​នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន​ ១ ១៨៦ ​នាក់ និង​អ្នកស្លាប់​ ១១ ​នាក់​៕