រតនគិរី: អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ដំឡើង​ឧបករណ៍​ DTV ចំនួន ​១១ ​គ្រឿង ​នៅ​តាម​តំបន់​ដាច់​ស្រយាល ដើម្បី​ឲ្យ​សិស្សានុសិស្ស​ប្រមាណ​ជាង ៣ ​ពាន់​នាក់​ មាន​ឱកាស​សិក្សា​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ឬ​តាម​អ៊ីនធឺណិត ​ខណៈ​មន្ត្រី​គ្រោង​បំពាក់​ចំនួន​ជាង ​៤០ គ្រឿង​បន្ថែម​ទៀត នៅ​​តាម​តំបន់​ដែល​មាន​ភាព​ចាំបាច់​បំផុត​។

លោក ខាត់ សាម៉ាល់ ប្រធាន​មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ខេត្ត​រតនគិរី​ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការ​ដំឡើង​ឧបករណ៍​ DT​V នេះ គឺ​ជា​ជំហាន​ទី ១​ដែល​មាន​ចំនួន ​១១ ​ឈុត (ថាស​តេជោធីវី+ទូរទស្សន៍ ​៣២ ​អ៊ិញ) សម្រាប់​បំពាក់ ១១ ​កន្លែង​ ក្នុង​ស្រុក​ចំនួន ​៦ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ចំនួន ៣ ១០៤ នាក់​ បាន​សិក្សា​ពី​ចម្ងាយ​តាម​ទូរទស្សន៍​ខ្សែ​កាប​ និង​ប្រព័ន្ធ​អ៊ីនធឺណិត។ លើស​ពី​នេះ លោក​គ្រោង​បំពាក់​បន្ថែម ​៤១ ​គ្រឿង​ទៀត​នៅ​តាម​តំបន់​ដាច់​ស្រយាល​ផ្សេងៗ​។

លោក​បញ្ជាក់​ថា៖ ​«ការ​ផ្តល់​ជូន​ឧបករណ៍​សម្ភារ​សិក្សា​ពី​ចម្ងាយ​នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​ការ​បិទ​សាលា​បណ្តោះ​អាសន្ន​ទាំង​រដ្ឋ និង​ទាំង​ឯកជន​ដោយសារ​តែ​ជំងឺ​កូវីដ ១៩។ ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​សិស្សានុសិស្ស​ ​ដែល​ទទួល​បាន​ការ​អប់រំ​ពី​ចម្ងាយ​ដែល​ក្រសួង​បាន​បង្កើត​កម្មវិធី​បង្រៀន​តាម​បែប​ឌីជីថល។ ការ​សិក្សា​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ ដើម្បី​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​តាម​ប្រព័ន្ធ​អនឡាញ»​។

លោក​បន្ដ​ថា នៅ​ទូទាំង​ខេត្ត​រតនគិរី​មាន​សាលា​ចំនួន ២២២ ដោយ​មាន​សិស្ស​សរុប​ចំនួន ​៤០ ៩៣០ ​នាក់ ​(ស្រី ​១ ០៤៧ នាក់) សិស្ស​ដែល​ឪពុក-ម្ដាយ​មាន​ស្មាតហ្វូន​ចំនួន ៩ ៧៨៧ នាក់ សិស្ស​ដែល​ឪពុក​ម្ដាយ​មាន​ហ្វេសប៊ុក ចំនួន ៨ ៩៩៨ ​នាក់ និង​សិស្ស​​ដែល​ឪពុក-​ម្ដាយ​មាន Telegram ឬ​Whatsapp ចំនួន ២៤៥ ​នាក់។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្រសួង​អប់រំ ​ស្វាគមន៍ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ចូលរួម​អនុវត្ត​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ពី​គណ:អភិបាល​ខេត្ត​រតនគិរី និង​ខេត្ត​នានា ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការ​គាំទ្រ​ដល់​ការ​សិក្សា​ពី​ចម្ងាយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​​ចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​តាម​ស្មារតី​លិខិត​លេខ ​២៣ ចុះ​ថ្ងៃទី ​២៤ ខែ ​មេសា ឆ្នាំ ​២០២០ របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​។

យ៉ាងណា​ក្ដី​ លោក សុវាចា ​មិន​បាន​បញ្ជាក់​​ពី​ចំនួន​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ដែល​នឹង​អនុវត្ត​តាម​ខេត្ត​រតនគិរី​នោះ​ទេ ​ដោយ​លោក​បង្វែរ​ឲ្យ​យោង​តាម​ស្មារតី​នៃ​លិខិត​លេខ ​២៣ ចុះ​ថ្ងៃទី ២៤ ខែ​មេសា​ វិញ។

តាម​លិខិត​លេខ ២៣ ​នៃ​សេចក្ដី​ណែនាំ​អំពី​ការ​សិក្សា​ពី​ចម្ងាយ​ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក របស់​ក្រសួង​អប់រំ​ឲ្យ​ដឹង​ថា ដើម្បី​ធានា​ថា សិស្ស​អាច​បន្ត​​រៀន​បាន​នៅ​តាម​ផ្ទះ ក្រោម​ការ​សម្រប​សម្រួល​ពី​មាតា​បិតា អ្នក​អាណាព្យាបាល​សិស្ស លោក​គ្រូ អ្នក​គ្រូ និង​គណៈ​គ្រប់គ្រង​សាលា​រៀន ក្រសួង​អប់រំ​នៅ​តែ​​បន្ត​ផលិត​វីដេអូ​សម្រាប់​ការ​បង្រៀន​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) សម្រាប់​សិស្ស​រៀន​នៅ​តាម​ផ្ទះ ចាប់​ពី​មត្តេយ្យ​សិក្សា បឋមសិក្សា ដល់​មធ្យម​សិក្សា​ទុតិយភូមិ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន។

សេចក្ដី​ណែនាំ​​បន្តថា អាសយដ្ឋាន​ គេហទំព័រ ទំព័រ​ហ្វេសប៊ុក និង​ទូរទស្សន៍​សម្រាប់​បម្រើ​ឲ្យ​ការ​បង្រៀន​​ពី​​ចម្ងាយ​រួម​មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ទី​ ២ ទទក ២ ឬTVK2 ដែល​ជា​ប៉ុស្ដិ៍​ទូរទស្សន៍​ទើប​តែ​បង្កើត​ថ្មី​សម្រាប់​ការ​អប់រំ​ ទូរទស្សន៍​​ផ្កាយ​រណប​តេជោឌីធីវី (Decho DTV ប៉ុស្ដិ៍ ២២) ទូរទស្សន៍​អប្សរា ទូរទស្សន៍ Wiki TV ទូរទស្សន៍ One TV បណ្ដាញ You Tube ផ្លូវ​ការ​របស់​ក្រសួង​គឺ WWW.youtube.com/moeys និង​គេហ​ទំព័រ​ជាច្រើន​ផ្សេង​ទៀត។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ​១៣ ឧសភា​ ថា រដ្ឋបាល​ខេត្ត​បាន​ប្រគល់​ថាស​តេជោធីវី និង​ក្បាល​ទូរទស្សន៍​ជូន​ដល់​ស្រុក​ចំនួន ​៦ រួមមាន ស្រុក​លំផាត់ ៣​ គ្រឿង ស្រុក​វើនសៃ ២ ​គ្រឿង ស្រុក​បកែវ ២ ​គ្រឿង ស្រុក​អណ្ដូង​មាស ១​ គ្រឿង ស្រុក​តាវែង ២ ​គ្រឿង​ និង​ស្រុក​អូរយ៉ាដាវ ​១ ​គ្រឿង សម្រាប់​យក​ទៅ​បំពាក់​នៅ​តាម​សាលា​ឲ្យ​សិស្ស​តាម​សហគមន៍​បាន​សិក្សា​រៀន​សូត្រ​ពី​ចម្ងាយ​៕

វីដេអូ៖