ឧត្តរមានជ័យៈ មន្ត្រី​ឧទ្យានុរក្ស​នៅក្នុង​ស្នាក់ការ​អូរផាល​នៃ​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន​ខេត្ត​ឧត្តរមានជ័យ កំពុង​បណ្ដុះ​កូនឈើ​ប្រណីត​ឱ្យបាន​ ១ ​ម៉ឺន​ដើម ក្នុង​ឆ្នាំ ២០២០ ​ស្រប​ពេលដែល​មន្ទីរ​បរិស្ថាន​បាន​ដាក់​ចេញ​ផែនការ​ដាំ​កូនឈើ ដើម្បី​ស្ដារ​ព្រៃឈើ​ឡើងវិញ​ឱ្យបាន​ទំហំ​ ៣ ​ហិកតា​ក្នុង​ ១ ​ឆ្នាំៗ​។

លោក​ ភួង លីណា ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៩ ខែ​មេសា​ ថា ឆ្នាំ​ ២០២០ ​នេះ​ជា​ឆ្នាំ​ទី​ ១ ដែល​មន្ទីរ​បរិស្ថាន​ខេត្ត​ចាប់ផ្ដើម​បណ្ដុះ​កូនឈើ​ប្រណីត​ដោយ​ខ្លួនឯង​ឱ្យបាន​ ១ ​ម៉ឺន​ដើម​ក្រោយពី​បង្កើត​ឱ្យ​មាន​ផែនការ​ដាំ​កូនឈើ​ក្នុង​ ១ ​ឆ្នាំៗ​ឱ្យ​បាន​ទំហំ​ ៣ ​ហិកតា​។

លោក​បន្តថា​ កាលពី​ឆ្នាំមុន មន្ទីរ​បាន​ទទួល​កូនឈើ​ពី​ក្រសួងបរិស្ថាន ដើម្បី​យកទៅ​ដាំ​នៅលើ​ផ្ទៃដី​ ៣ ​ហិកតា​មាន​ជាង​ ៤ ​ពាន់​ដើម ដើម្បី​ស្ដារ​ព្រៃឈើ​ឡើងវិញ​ក្នុង​តំបន់​ដែល​មាន​កាប់បំផ្លាញ​ព្រៃឈើ​នៃ​ដែនជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​។

លោក​បញ្ជាក់ថា កូនឈើ​ជាង ៤ ​ពាន់​ដើម​ទៀត​នឹងត្រូវ​យក​ទៅ​ដាំ​ដោយ​មន្ទីរ​បរិស្ថាន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​នៅក្នុង​ចុងឆ្នាំ​នេះ ហើយ​នៅ​សេសសល់​នឹង​ទុក​សម្រាប់​លក់​ទៅខាង​ក្រៅ និង​មួយចំនួន​ទៀត​នឹង​ផ្ដល់​ទៅខាង​សាលារៀន​សហគមន៍​ព្រៃសង្ឃរុក្ខវ័ន វត្តអារាម និង​ទៅតាម​មន្ទីរ​ស្ថាប័ន​រដ្ឋាភិបាល​មួយចំនួន​ដោយ​មិន​គិតថ្លៃ​។

លោក​ថា​៖ «​ក្រៅពី​មាន​ផែនការ​ដាំ​ខ្លួនឯង​យើង​ក៏​អាច​លក់ ព្រោះ​យើង​ត្រូវការ​ថវិកា​ជាច្រើន​ដែរ ដើម្បី​គាំទ្រ​គម្រោង​នេះ​ឱ្យមាន​និរន្តរភាព ព្រោះ​យើង​មាន​ផែនការ​ធំ គឺ​នឹង​ដាំ​កូនឈើ​ជា​រៀងរាល់​ឆ្នាំ​»​។ លោក​ថា កូនឈើ​ប្រណីត​ទាំង​ ១ ​ម៉ឺន​ដើម ​ដែល​កំពុង​បណ្ដុះ​នោះ​គឺ​ភាគច្រើន​បំផុត​ជា​ប្រភេទ​ឈើ​គ្រញូង រីឯ​ឈើ​ប្រភេទ​នាងនួន និង​ធ្នង់​គឺ​មាន​ប្រហែល​ ១០ ​ភាគរយ​ប៉ុណ្ណោះ និង​បណ្ដុះ​ជិត​គ្រប់​ចំនួន​ហើយ ដោយ​មន្ត្រី​ឧទ្យានុរក្ស និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ខាង​បរិស្ថាន​។

កាលពី​ថ្ងៃទី​ ១៨ មេសា មន្ទីរបរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​បាន​ដឹកនាំ​យុវជន​បរិស្ថាន​មួយក្រុម​មាន​គ្នា​ ១១ ​នាក់​ចុះ​ទៅ​បណ្ដុះ​កូនឈើ ១ ១០០ ​ថង់​ នៅ​ស្នាក់ការ​អូរផាល​។

លោក ភួង លីណា លើកឡើង​ថា កូនឈើ​ដែល​ត្រូវបាន​ដាំ​កាលពី​ឆ្នាំមុន គឺ​ត្រូវបាន​ថែទាំ​ដោយ​យកចិត្ត​ទុកដាក់​បំផុត​ទើប​អាច​លូតលាស់​ល្អ​ដោយ​ត្រូវ​សម្អាត​ស្មៅ​ជាប្រចាំ ធ្វើ​ប្រព័ន្ធ​ការពារ​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ​។ លោក​ថា មកទល់​ពេល​នេះ​កូនឈើ​ដែល​បាន​ដាំ​ទាំងនោះ​គឺ​បាន​លូតលាស់​ឡើង​ជាង​ ៩០ ​ភាគរយ​ ដែល​មាន​កម្ពស់​ជាង​ ១ ​ម៉ែត្រ​។

លោក​ថា​៖ «​អ្វីដែល​យើង​បាន​ដាំ​នៅលើ​ផ្ទៃដី​ ៣ ​ហិកតា​កន្លងមក​នេះ​ គឺ​មាន​ផលវិបាក​ខ្លាំង​មែនទែន ទី​១ ​កន្លែង​ដែល​យើង​ដាំ​ប៉ះពាល់​ជាមួយ​សត្វពាហនៈ​របស់​ប្រជាជន ហើយ​សំខាន់​បំផុត​គឺ​ភ្លើង​ឆេះ​ព្រៃ ដែល​យើង​ទាមទារ​ឱ្យ​ធ្វើ​ប្រព័ន្ធ​ការពារ​ភ្លើង​ឆេះ​ព្រៃ​ហ្នឹង និង​កាត់​ស្មៅ​ជា​ប្រចាំ ហើយ​បើ​អាច​មាន​លទ្ធភាព​ទៀត​គឺ​អាចមាន​ប្រព័ន្ធ​សម្រាប់​ការដាំដុះ​ផង និង​សម្រាប់​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ផង​»​។

ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​ព្រៃសង្ឃ​រុក្ខវ័ន​មាន​ថេរ​ដីកា​ថា នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន​ត្រូវ​បាន​បែងចែក​ជា​ ៣ ​សណ្ឋាន​គឺ​ព្រៃរបោះ​មាន​ប្រហែល​ ៦០ ​ភាគរយ ព្រៃ​ពាក់កណ្ដាល​ព្រៃស្រោង​ ២០ ​ភាគរយ និង​ព្រៃស្រោង​ ១០ ​ភាគរយ​។ ព្រះអង្គ​ឲ្យ​ដឹងថា​ឆ្នាំ​មុន​ខាង​សហគមន៍​ដែល​ទទួល​បាន​កូនឈើ​ពី​មន្ទីរ​បរិស្ថាន គឺ​បាន​យក​ទៅ​ដាំ​លើ​ផ្ទៃដី​ជាង​ ៤ ​ហិកតា​ ក្នុង​តំបន់​ព្រៃរបោះ និង​ដាំ​កូនត្នោត​ជាង​ ១ ​ម៉ឺន​គ្រាប់​ថែមទៀត​។

ព្រះអង្គ​បញ្ជាក់ថា​៖ «​ដោយសារ​ខាង​អាត្មា​ធ្វើ​សកម្មភាព​ខ្លាំង​ជាង​មន្ទីរ​ដូចជា សកម្មភាព​​ចុះ​ល្បាត​អីហ្នឹង អ៊ីចឹង​! យើង​អត់​មាន​ពេល​បណ្ដុះ​ទេ​។ ខាង​មន្ទីរ​បណ្ដុះ​ខាងយើង​បាន​តែ​ដាំ​ទេ​»​។ ព្រះតេជព្រះគុណ​បន្តថា​នៅក្នុង​ឆ្នាំនេះ ព្រះអង្គ​មាន​ផែនការ​ដាំ​កូន​ត្នោត គ្រញូង និង​ដើម​ធ្នង់​នៅ​លើ​ដី​ប្រហែល​ ៣ ​ហិកតា​បន្ថែមទៀត​។ កូនឈើ​ទាំងនេះ​នឹង​អាច​ដុះ​ឡើង​ប្រសិនបើ​មាន​ការការពារ​កុំ​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​។ ព្រះអង្គ​បន្តថា នៅក្នុង​រដូវប្រាំង​នេះ​កូនឈើ​ដែល​ដាំ​ទើប​មាន​អាយុ​ ៥ ​ឆ្នាំ ​ប្រហែល​ ១ ​ម៉ឺន​ដើម​ត្រូវ​បាន​បំផ្លាញ​ដោយសារ​មាន​អ្នក​លួច​ដុត​ព្រៃ​៕