ភ្នំពេញៈ អភិបាលខេត្ដ​កំពត កំពង់ស្ពឺ តាកែវ និង​កែប បាន​​ឯកភាពគ្នា​បង្កើត​ក្រុមការងារ​បច្ចេកទេស​អន្តរខេត្ដ ដើម្បី​សិក្សា​ស្រាវជ្រាវ​កំណត់​ព្រំប្រទល់​រដ្ឋបាល​ភូមិ ឃុំ ស្រុក ខេត្ដ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ ស្រប​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០​។

ការឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​នេះ​ធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​រួម រវាង​អភិបាលខេត្ត​ទាំង ​៤ កាលពី​ថ្ងៃទី​ ៦ ខែមករា នៅ​សាលា​ខេត្ដ​កំពត ដើម្បី​ពិភាក្សា​លើ​ការងារ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​អន្តរ​ខេត្ត​ទាំងនេះ​។ ក្នុង​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អភិបាលស្រុក និង​មន្ត្រី​ជំនាញ​នៃ​ខេត្ត​ទាំង​ ៤ សរុប ​៦៧ ​នាក់​។

សេចក្ដី​ជូន​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ខេត្ដ​ទាំង​ ៤ បញ្ជាក់ថា​៖ «​អង្គប្រជុំ​ឯកភាព​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​អន្តរខេត្ត​នៃ​ខេត្ត​ទាំង​ ៤ ​ក្នុង​ការកំណត់​ព្រំប្រទល់​រដ្ឋបាល ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការស្រង់​ទិន្នន័យ​មួយ​ច្បាស់លាស់​របស់​ខ្លួន ដោយ​ផ្អែក​តាម​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​»​។

អភិបាលខេត្ដ​ទាំង​ ៤ ក៏បាន​ឯកភាព​ឱ្យ​ក្រុមការងារ​បច្ចេកទេស​អន្តរខេត្ត ធ្វើការងារ​នេះ​ស្រប​តាម​គោលការណ៍​ និង​នីតិវិធី​រួម​សម្រាប់​ការសិក្សា​ស្រាវជ្រាវ កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​មូលដ្ឋាន​ដោយ​ដោះស្រាយ​ឯកភាព គ្នា​ជារួម​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​សង្គម​ទាំងមូល​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា ឆ្នាំ​ ២០២០ បាន​ស្នើឲ្យ​អភិបាល​រាជធានី-ខេត្ត​កំណត់​ព្រំប្រទល់​រដ្ឋបាល​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ពិសេស​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្ដិ​ទី​ ៥ ​ខាងមុខ​។

លោក ស ខេង បញ្ជាក់ថា ភាពមិន​ច្បាស់លាស់​នៃ​ព្រំប្រទល់​រដ្ឋបាល​ខេត្ដ​នាំឱ្យ​មាន​ការប្រទាញ​ប្រទង់​ដណ្តើម​សមត្ថកិច្ច​គ្នា​ក្នុង​ការគ្រប់គ្រង ជះឥទ្ធិពល​មិនល្អ​ដល់​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ការរៀបចំ​ផែនការអភិវឌ្ឍន៍ ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ និង​កិច្ចការ​ផ្សេងៗ​ទៀត​នៅ​តំបន់​ទាំងនោះ​។

លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​ការកំណត់​ និង​កែសម្រួល​ព្រំប្រទល់​រដ្ឋបាលខេត្ត​ទាំង​ ៤ ​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការកំណត់​ព្រំប្រទល់​រដ្ឋបាល​ភូមិ ឃុំ ស្រុក ខេត្ដ គឺ​ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការផ្ដល់​សេវា​សាធារណៈ​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​។ ការកំណត់​ព្រំប្រទល់​បែបនេះ ក៏​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព រហ័ស ងាយស្រួល​។

លោក​ថ្លែងថា​៖ «​យើង​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​អន្តរខេត្ដ​រួចហើយ​។ ខេត្ដ​នីមួយៗ​នឹង​ទំនាក់ទំនង​រវាង​ក្រុមការងារ​របស់​ខេត្ដ​ទាំង​ ៤ ដើម្បី​ធ្វើយ៉ាងណា​ចុះ​ទៅ​កំណត់​ព្រំប្រទល់​ឱ្យ​បាន​ច្បាស់លាស់ និង​ឯកភាពគ្នា​»​។

លោក​ អំ សំអាត នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ថ្លែងថា​បញ្ហា​កំណត់​ព្រំប្រទល់​រដ្ឋបាល​រាជធានី-ខេត្ដ-ក្រុង-ស្រុក​ខណ្ឌ និង​ឃុំ-សង្កាត់ មិនទាន់​មាន​ភាពច្បាស់លាស់​នាំ​ឱ្យ​មាន​បញ្ហា​កើតឡើង​ច្រើន​ដល់​ពលរដ្ឋ​។ ជាពិសេស​នៅពេល​មាន​បញ្ហា​ដីធ្លី​កើតឡើង រដ្ឋបាល​រាជធានី-ខេត្ដ​តែងតែ​រុញ​បញ្ហា​ដាក់គ្នា​។

លោក​ថា​៖ «​ការមិន​កំណត់​ព្រំប្រទល់​របស់​រដ្ឋបាល​រាជធានី-ខេត្ដ បានច្បាស់លាស់​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​ពលរដ្ឋ ដូចជា​ការបញ្ជាក់ អត្តសញ្ញាណ និង​ស្នើសុំ​សេវា​សាធាណៈ​របស់​​រដ្ឋបាល​ភូមិ ឃុំ ជាដើម​»៕