ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ខេត្ត​ទាំងអស់​ត្រូវអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ពេល​ខេត្ត​ចំនួន​ ៧ នៅតែ​ប្រឈម​នឹង​ការកើត​មាន​ករណី​ជំងឺ​គ្រុនចាញ់​ខ្ពស់​នៅ​ឡើយ​។ ការអំពាវនាវ​នេះ​ស្រប​ពេល​មានការ​ព្រួយបារម្ភ​ថា ផែនការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វាស៊ីប៉ារ៉ូម​ឱ្យ​អស់​ត្រឹម​ឆ្នាំ​ ២០២០ នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​នោះទេ​។

លោក ម៉ម ប៊ុនហេង បាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​លើ​វឌ្ឍនភាព​ការងារ​របស់​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុបបំបាត់​ជំងឺ​គ្រុនចាញ់ និង​យុទ្ធសាស្ដ្រ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ថ្ងៃ​ម្សិលមិញ​ថា ជំងឺ​គ្រុនចាញ់​មិន​ត្រឹមតែ​បាន​ធ្វើឱ្យ​ប៉ះពាល់​សុខភាព លុយកាក់ ការងារ ផលិតភាព និង​អាយុជីវិត​នោះ​ទេ ប៉ុន្តែ​វា​ក៏បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែរ​។

លោក ប៊ុនហេង ថ្លែង​ថា​ខេត្ត​ទាំងអស់​ត្រូវ​រួមសហការ​គ្នា ជាពិសេស​មន្ទីរសុខាភិបាល​ខេត្ត​ អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូ​សុខាភិបាល​នៅក្នុង​ខេត្ត​នីមួយៗ​ចាំបាច់​ត្រូវអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈាន​ទៅ​លុបបំបាត់​គ្រុនចាញ់​គ្រប់​ប្រភេទ​ឱ្យ​​បាន​ជោគជ័យ​តាម​ផែនការ​។

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណកសាស្ដ្រ​បាន​អះអាង​ថា បច្ចុប្បន្ន​តំបន់​ដែល​កើតមាន​ករណី​ជំងឺ​គ្រុនចាញ់​ខ្ពស់​គឺ​ស្ថិតក្នុង​ខេត្ត​ចំនួន​ ៧ ដូចជា ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី និង​បាន​ជំរុញ​ឱ្យ​ខេត្ត​ទាំងនេះ​អនុវត្ត​តាម​អនុសាសន៍​របស់​លោក ម៉ម ប៊ុនហេង ដូចជា ការរុករក​ធ្វើតេស្ដ ការព្យាបាល និង​ការផ្ដល់​ប្រឹក្សា​អប់រំ​សុខភាព​ពី​ជំងឺ​គ្រុនចាញ់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់​ខ្លួន​។

លោក ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​បាន​ឱ្យ​ដឹង​ថា ក្រចេះ​គឺជា​ខេត្ត​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេង​ច្រើន​ដែល​ចូលទៅ​រស់នៅ​តំបន់​ព្រៃ​ដើម្បី​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ និង​ស្វែងរក​អនុផល​ព្រៃឈើ​។ ពលរដ្ឋ​ចំណូល​ស្រុក​ថ្មី​ទាំងនោះ​គឺ​មិនទាន់​យល់ដឹង​អំពី​វិធី​បង្ការ​ជំងឺ​គ្រុនចាញ់​នៅ​ឡើយ​ទេ ហើយ​ម្យ៉ាង​ទៀត​ការរស់នៅ​ក្នុង​តំបន់​ព្រៃ​បែប​នេះ​គឺ​ធ្វើឱ្យ​ពិបាក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​ផ្ដល់​ការអប់រំ​សុខភាព​ដល់​ពួកគាត់​ដែរ​។

លោក សុវត្ថា ថ្លែង​ថា​៖ «​អ៊ីចឹង​! វា​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​ពិបាក​នឹង​ថយចុះ ហើយ​មួយ​ទៀត​គាត់​ចំណូល​ថ្មី គាត់​អត់​ទាន់​ដឹងថា សេវា​សុខាភិបាល​យើង​នៅ​កន្លែង​ណា ហើយ​អ្នកណា​ជា​អ្នកស្ម័គ្រចិត្ត​គ្រុនចាញ់​ដែល​យើង​បាន​បង្កើតឡើង​។ ប៉ុន្តែ​បើ​និយាយ​ពី​វិធានការ​គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​សហការ​ជាមួយ​អង្គការ​ដៃគូ​ក្រៅ​រដ្ឋាភិបាល ដើម្បី​រុករក​ពួកគាត់ ហើយ​ចែកមុង​ជូន​គាត់ អប់រំ​ពន្យល់​គាត់ ឱ្យ​ចេះ​វិធានការ​ការពារ​ជំងឺគ្រុនចាញ់ និង​ណែនាំ​ឱ្យ​គាត់​រត់​ទៅ​រក​ពេទ្យ​នៅពេល​ឈឺ​»​។

លោក សុវត្ថា ថ្លែងថា​កាលពី​ឆ្នាំ​ ២០១៨ ក្នុង​ខេត្តក្រចេះ​មាន​អ្នក​ឈឺ​ដោយសារ​ជំងឺគ្រុនចាញ់​ចំនួន​ ២ ៩៩២ ​នាក់ ខណៈ​ក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០១៩ ​នេះ​មាន​អ្នក​ឈឺ​តែ​ចំនួន ១ ១៧៦ ​នាក់​ដែលជា​ចំនួន​ច្រើន​នៅឡើយ និង​ជា​ចំនួន​ដ៏​ព្រួយបារម្ភ​មួយ​ដែល​ធ្វើឱ្យ​ផែនការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វាស៊ីប៉ារ៉ូម​ត្រឹម​ឆ្នាំ​ ២០២០ របស់​រដ្ឋាភិបាល​មិន​អាច​អនុវត្តបាន​ជោគជ័យ​។

ស្ថិតិ​ក្រសួង​សុខាភិបាល​បាន​បង្ហាញថា ករណី​ឈឺ​ដោយសារ​គ្រុនចាញ់​បាន​ថយចុះ​ពី​ ៥១ ២៦២ ករណី​ក្នុង​ឆ្នាំ​ ២០១៥ មក​ត្រឹម ២៣ ៦២៧ ករណី​ក្នុង​ឆ្នាំ​ ២០១៦ ប៉ុន្តែ​មកដល់​ឆ្នាំ​ ២០១៧ អ្នក​ឈឺ​ដោយ​គ្រុនចាញ់​បាន​កើនឡើង​វិញ​ដល់​ចំនួន ​៤៥ ៩៩១ ​ករណី និង​កើន​ដល់ ៦៥ ១១៤ ​ករណី​ក្នុង​ឆ្នាំ​ ២០១៨​។ ទោះជា​យ៉ាងណា ករណី​ស្លាប់​ដោយសារ​គ្រុនចាញ់​មាន​ចំនួន​ ៩៣ ​នាក់​ ​នៅ​ឆ្នាំ​ ២០១១ ​និង​ថយចុះ​រហូត​មក​ដល់​ ១ ​នាក់ ​នៅ​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​ ២០១៧ និង​ក្នុង​ឆ្នាំ​ ២០១៨ គឺ​ពុំមាន​អ្នកស្លាប់​នោះទេ​។ រដ្ឋាភិបាល​មាន​ផែនការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ប្រភេទ​ហ្វាស៊ីប៉ារ៉ូម​នៅ​ឆ្នាំ​ ២០២០ និង​ឈានទៅ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​គ្រប់​ប្រភេទ​ឲ្យ​អស់​​នៅ​ឆ្នាំ​ ២០២៥​។

អ្នកស្រី លឹម សាមាន ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ មាន​ករណី​គ្រុនចាញ់​ចំនួន​ ១១៧ ​ករណី ហើយ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​​ ២០១៨ គឺ​ថយចុះ​ចំនួន​ ៤០២ ​ករណី​។ រាល់​ករណី​ជំងឺ​គ្រុនចាញ់​នាំចូល​ពី​ខេត្ត​ផ្សេង​៕