ភ្នំពេញៈ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (​ខេមបូចា) ​បាន​រកឃើញ​ថា នៅ​ឆ្នាំ​ ២០២០ អ្នកសារព័ត៌មាន​យ៉ាងហោច​ចំនួន​ ៣១ ​រូប​ ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ ៧២ ​នាក់ ​ដែល​ត្រូវបាន​យាយី ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ និង​រង​ការប្រើ​អំពើហិង្សា​នៅពេល​បំពេញការងារ​។

ខេមបូចា កាលពី​ម្សិលមិញ​បាន​ចេញ​ផ្សាយ​របាយការណ៍​ដំបូង​របស់ខ្លួន​អំពី​ "​ស្ថានភាព​អ្នកសារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០” ដែលមាន​ ២៨ ​ទំព័រ បានលើកឡើងថា ភាពញឹកញាប់​នៃ​ការយាយី​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ដែល​ជារឿយៗ​ត្រូវបាន​គេ​ដៅ​ដោយ​អយុត្តិធម៌​ចំពោះ​ការអនុវត្ត​សិទ្ធិ​ស្របច្បាប់ និង​សេរីភាព​របស់​អ្នកកាសែត​នៅក្នុង​ការរាយការណ៍​ព័ត៌មាន​។

របាយការណ៍​បាន​បន្តថា​៖ ​«​ខេមបូចា បាន​កត់ត្រា​នូវ​ការយាយី​ចំនួន ​៣៥ ​ករណី ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ចំនួន​ ៧២ ​នាក់​ ក្នុង​ឆ្នាំ​ ២០២០​។ ប្រភេទ​នៃ​ការយាយី​ប្រឆាំងនឹង​អ្នក​សារព័ត៌មាន​ដែល​បាន​កើតមានឡើង​ច្រើន​ជាងគេ​គឺ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ និង​ការប្រើ​អំពើហិង្សា​»​។

«​យ៉ាងតិចណាស់​មាន​អ្នកសារព័ត៌មាន​ចំនួន​ ៣១ ​នាក់​ ត្រូវបាន​ចាប់ឃុំខ្លួន​ (​ស្មើនឹង​ប្រមាណ​ ៤៣ ​ភាគរយ​នៃ​ករណី​សរុប​) ​និង​ ២២ ​នាក់​ទៀត​ បានទទួលរង​ការវាយដំ​លើ​រូបរាងកាយ ឬ​រង​ការគំរាម​ប្រើ​អំពើហិង្សា នៅពេល​កំពុង​បំពេញ​ការងារ​»​។ នេះ​បើតាម​របាយការណ៍​បញ្ជាក់​។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក​ ណុប វី ថ្លែង​ក្នុង​របាយការណ៍​ថា ការរកឃើញ​នេះ​បង្ហាញ​ថា អ្នកសារព័ត៌មាន​ដែល​ចុះផ្សាយ និង​រាយការណ៍​អំពី​ផលប្រយោជន៍​របស់​មន្ត្រី​យោធា និង​អ្នកមានអំណាច​នៅតែ​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ​តាមរយៈ​ប្រព័ន្ធតុលាការ​ដែល​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​ជំនួស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ហើយ​ត្រូវបាន​គេ​វាយដំ និង​ទទួលរង​នូវ​អំពើហិង្សា​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​យើង​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ធានា​នូវ​សុវត្ថិភាព​ និង​សន្តិសុខ​របស់​អ្នកសារព័ត៌មាន​ទាំងអស់​ដើម្បីឱ្យ​ពួកគេ​អាចអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការរាយការណ៍​ព័ត៌មាន​ដោយ​សេរី និង​ដោយ​គ្មាន​ការភ័យខ្លាច​»​។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​ មាស ភ័ណ្ឌ ចាត់ទុក​របាយការណ៍​ដែល​ខេមបូចា​បាន​រកឃើញ​នោះ​មាន​ចរិត​ចោទប្រកាន់​ទៅលើ​ស្ថាប័ន​អនុវត្ត​ច្បាប់ ដោយ​មិន​ឈរលើ​គោលការណ៍​ច្បាប់​នៅ​កម្ពុជា​។ លោក​ថា ការអនុវត្ត​វិធានការ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​កន្លងមក​ដោយសារ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​នៅ​កម្ពុជា​។

មន្ត្រី​នាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​កន្លងមកនេះ​ស្ថាប័ន​អនុវត្ត​ច្បាប់​បាន​អនុវត្ត​នូវ​សំណុំរឿង​នានា ដោយ​ផ្អែកលើ​អង្គហេតុ​ និង​អង្គច្បាប់​។ ដូច្នេះ​ការអនុវត្ត​ច្បាប់​លើ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ពុំមែន​ជា​ការយាយី ឬ​ការធ្វើ​ទុក្ខបុកម្នេញ ឬ​បំភិតបំភ័យ​ដល់​អ្នកសារព័ត៌មាន​ទេ​»​។

លោក​បន្ថែមថា​៖ «​មានន័យថា ប្រសិនបើ​អ្នកសារព័ត៌មាន​អនុវត្ត​ដោយ​វិជ្ជាជីវៈ ប្រកបដោយ​ភាពត្រឹមត្រូវ ក្រមសីលធម៌​គឺ​គាត់​អាចបំពេញ​តួនាទី​របស់គាត់​នៅ​កម្ពុជា​ដោយ​សេរី ដោយ​គ្មាន​ការទទួល​ខុសត្រូវ ឬ​ប្រឈមមុខ​ផ្លូវច្បាប់​ឡើយ​»​។

ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់​ថា ស.ស.ស.ក. លោក ហ៊ុយ វណ្ណៈ យល់ស្រប​ទៅនឹង​ការរកឃើញ​នៃ​របាយការណ៍​នេះ​។ ប៉ុន្តែ​លោក​ថា បញ្ហា​ប្រឈម​ភាគច្រើន​កើត​លើ​អ្នកសារព័ត៌មាន​ដែល​ពុំមាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​។

លោក​ ហ៊ុយ វណ្ណៈ បញ្ជាក់ថា​៖ «​យើង​ទទួលស្គាល់ថា មាន​បញ្ហា អ្នកកាសែត​ដែល​ប្រឈម​នៅក្នុង​ផ្លូវច្បាប់​តុលាការ ប៉ុន្តែ​ភាគច្រើន​អ្នកសារព័ត៌មាន​អនឡាញ​ (​ពុំមាន​ច្បាប់​ត្រឹមត្រូវ​)​។ ប៉ុន្តែ​បើ​អ្នកសារព័ត៌មាន​មាន​ស្ថាប័ន​ត្រឹមត្រូវ​មាន​វិជ្ជាជីវៈ​មិនសូវ​ប្រឈម​ទេ​»​។

លោក​បន្តថា​៖ «​ទី​១ បើ​យើង​មើល​មួយ​ភ្លែត ដូច​អាជ្ញាធរ​ឃោរឃៅ​អ៊ីចឹង ដោយសារ​បាតុភាព​របស់​អ្នកកាសែត​មួយចំនួន​ខ្វះ​សីលធម៌ ទី​២ ​ធ្វើ​ឱ្យគេ​វាយតម្លៃ​រួម ប៉ះពាល់​ដល់​អ្នកកាសែត​ដែលមាន​វិជ្ជាជីវៈ​ទៅវិញ​»​។

ខេមបូចា​ចាត់ទុក​ថា ការបន្ត​ចាប់ឃុំខ្លួន ការឃុំឃាំង និង​ការគំរាមកំហែង​ជា​បន្តបន្ទាប់​លើ​អ្នកសារព័ត៌មាន​ធ្វើឱ្យ​ខូច​ដល់​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងសង្គម​ប្រជាធិបតេយ្យ និង​ធ្វើឱ្យមាន​ការភ័យខ្លាច​ចំពោះ​អ្នក​ដែល​ចុះផ្សាយ​រឿងរ៉ាវ ឬ​ករណី​ពាក់ព័ន្ធ​នឹង​មន្ត្រី​អ្នកមានអំណាច​។ ក្នុងនោះ ក្រមព្រហ្មទណ្ឌ​នៅតែ​ជា​ឧបករណ៍​ច្បាប់​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់​ដើម្បី​បំភិតបំភ័យ និង​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​៕