ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​ ៤​ ខែ​មិថុនា សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធយុវជន​ខ្មែរដើម្បី​ប្រជាធិបតេយ្យ បានប្រារព្ធពិធី​​កាន់ទុក្ខ​ ដើម្បី​រំឭក​អំពី​ការផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​​វៀតណាម​គ្រប់គ្រង​ដោយ​អាណា​និគមន៍​បារាំងកាលពី​ ៧១​ ឆ្នាំមុន​។

​កម្មវិធី​កាន់ទុក្ខ​អំពី​ការផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​នេះ គឺ​បាន​ធ្វើឡើង​ខុសប្លែក​ពី​ឆ្នាំមុន​ៗ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​​ ១៩​។

កម្មវិធី​នេះ គឺ​បាន​ធ្វើឡើង​ទ្រង់​ទ្រាយ​តូច​នៅក្នុង​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្ថិតក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយមាន​ព្រះសង្ឃ​និង​ពលរដ្ឋ​ចូលរួម​ប្រហែល​ ៥០ នាក់ និង​គ្មាន​វត្តមាន​អ្នកតំណាង​ព្រះមហាក្សត្រ​ចូលរួម​ដូច​រាល់​ឆ្នាំ​ឡើយ​។​

​លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ បានលើកឡើង​នៅក្នុង​ពិធី​នេះ​​ថា ទឹកដី​កម្ពុជា​ក្រោមត្រូវបាន​​​អាណានិគម​បារាំង​ សម្រេច​ដោយ​អត្តនោម័ត​ នៅ​ថ្ងៃទី​ ៤​ ខែ​ មិថុនា ​ឆ្នាំ​ ១៩៤៩ ដើម្បី​កាត់​ទៅ​ប្រទេស​វៀតណាម​គ្រប់​គ្រង ដោយ​គ្មាន​ការ​​ឯកភាព​និង​យល់ព្រម រួមទាំង​មិនបាន​សួរនាំ​មតិ​ពី​រដ្ឋាភិបាល​​​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែលជា​ម្ចាស់​ទឹកដី​ឡើយ​។

​ទោះ​យ៉ាង​ណា​លោក​អះ​អាង​ថា ខ្មែរ​នៅតែ​អាច​ទាមទារ​យកទឹក​​ដី​ខ្មែរ​កម្ពុជា​ក្រោម​មកវិញ ដោយសារ​ទឹកដី​កម្ពុជា​ក្រោម មិនមែន​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​បោះបង់ចោល ឬ​ប្រគល់​ទៅឱ្យ​វៀតណាម​ដោយ​ស្របច្បាប់ តាមរយៈ​កតិកាសញ្ញា សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​។​

​លោក​ថ្លែង​ថា​៖ «​ដូច្នោះ​ គឺធ្វើឡើង​ដោយ​បារាំង​ ដែ​លឃុ​ប​​ឃិត​ជាមួយ​យួន​ប៉ុណ្ណោះ ហើយ​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់ មិនដែល​ទទួលស្គាល់​ការផ្ទេរ​នោះ​ជាការ​ស្របច្បាប់​នោះដែរ​។ ដូច្នេះ បើ​យើង​និយាយ​អំពី​អាជ្ញា​យុ​កាល​នៃ​ច្បាប់ បើ​នៅតែមាន​ការតវ៉ា​ និង​ទាមទារ ដូច្នោះ​អាហ្នឹង​ មិនទាន់​ផុត​ទេ គឺ​នៅតែមាន​ដរាប​​។ ដូច្នេះ ទឹកដី​កម្ពុជា​ក្រោម ខ្មែរក្រោម​មិនដែល​បោះបង់ចោល​ម្ដងណា​ទេ គឺ​នៅតែ​និយាយ​និង​នៅ​តែ​ទាមទារ​ជា​ដរាប​»​។​

​ពិធី​កាន់ទុក្ខ​នេះ គឺ​​មាន​​ការ​ប្រគេនចង្ហាន់​ដល់​ព្រះសង្ឃ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វបុរស​ទាំង​អស់ ដែល​បាន​ពលី​អាយុជីវិត ក្នុងការ​ថែរក្សា​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា​នៅ​ទឹកដី​កម្ពុជា ខណៈ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​បញ្ជាក់ថា ការផ្ទេរ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យ​ ​វៀតណាម​ត្រួត​ត្រា​​មកដល់​សព្វថ្ងៃនេះ គឺជា​ការឈឺចាប់​បំផុត​ នៅក្នុង​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជាតិ​របស់​ខ្មែរ​។​

បើ​តាម​លោក ថាច់ សេដ្ឋា ទឹកដី​កម្ពុជា​ក្រោម​ ដែលមាន​ចំនួន​ ២១​ខេត្ត គឺមាន​ទំហំ​ជិត​ពាក់កណ្ដាល​នៃ​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន​។​

​ចំណែក​លោក វឿន វី​រ៉ាត់ តំណាង​សម្ព័ន្ធ​យុវជន​ខ្មែរ​ ដើម្បី​ប្រជាធិបតេយ្យ​ក៏​​បានលើកឡើង​ដែរ​ថា អាណានិគម​បារាំង​ និង​វៀតណាម ​បាន​ឃុ​ប​ឃិត​គ្នា​ ដើម្បី​បង្កើតឱ្យមាន​សន្ធិសញ្ញា​ជាច្រើន ក្នុងការ​រៀបចំ​ដាក់បញ្ចូល​ទឹកដី​កូសាំងស៊ីន​ ឬ​កម្ពុជាក្រោម​ ឱ្យទៅជា​រដ្ឋ​ចំណុះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រទេស​វៀតណាម។

លោក​ថា ប៉ុន្តែ​បើតាម​ច្បាប់​មាត្រា​ ២​ នៃ​សហភាព​សភា​បារាំង​ ស្ដី​ពី​គម្រោង​ដាក់បញ្ចូល​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ ឱ្យ​ស្ថិតក្រោមការ​គ្រប់​គ្រង​របស់​​វៀតណាម​នោះ គឺ​មិនមែន​បារាំង​កាត់​ទឹកដី​នេះ​ ទៅឱ្យ​វៀតណាម​នោះទេ​។​

​លោក​ថា​៖ «​ខ្ញុំ​សុំឱ្យ​យុវជន​របស់​យើង នៅពេល​ទំនេរ ត្រូវ​សិក្សា​ពី​ប្រវត្តិសាស្ដ្រ​របស់ខ្លួន​ឱ្យ​ច្បាស់​ថែមទៀត ហើយ​ប្រសិនបើ​មិន​ច្បាស់​កន្លែង​ណា ត្រូវ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​សាស្ដ្រាចារ្យ​នៅតាម​មហាវិទ្យាល័យ ឬ​ចាស់ព្រឹទ្ធាចារ្យ​ ដែល​អាច​ផ្ទេរ​ចំណេះដឹង ​អំពី​ប្រវត្តិសាស្ដ្រ​ពិត ដើម្បី​កុំឱ្យ​គេ​បន្ត​បោក​ប្រាស់​យើង​តទៅទៀត​»​។​

លោក ផៃ ស៊ី​ផាន អ្នក​​នាំពាក្យរាជ​រដ្ឋាភិបាល​​កម្ពុជា​មិនអាចទាក់ទង​បានទេ​។​

​ប៉ុន្តែ​កាលពី​ឆ្នាំមុន លោក ផៃ ស៊ី​ផាន ធ្លាប់​លើកឡើងថា ការផ្ទេ​​រទឹកដី​កម្ពុជា​ក្រោម ​គឺជា​រឿង​ប្រវត្តិសាស្ដ្រ​ដែល​បាន​កើតឡើង​មុន​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោក​បន្តថា អ្នកណា​ក៏មាន​ការសោកស្ដាយ​ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​ដែរ ប៉ុន្តែ​មិនអាច​យក​ការសោកស្ដាយធ្វើឱ្យ​ក្លាយជា​ចម្បាំង​ជាមួយ​ប្រទេសជិតខាង​ឡើយ​៕