
លោកថាច់ សេដ្ឋាក្នុងពិធីខ្មែរកម្ពុជាក្រោមពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ សមាគមខ្មែរកម្ពុជា-ក្រោម ចង់ឲ្យរដ្ឋាភិបាលកម្ពុជាយកថ្ងៃទី ៤ ខែ មិថុនា ធ្វើជាថ្ងៃបុណ្យជាតិដើម្បីឱ្យពលរដ្ឋខ្មែរទូទាំងប្រទេស បានឈប់សម្រាកពីការងារ និងចូលរួមបង្ហាញការ សោកស្ដាយការដែលបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឱ្យទៅវៀតណាមគ្រប់គ្រង កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកការបាត់បង់ទឹកដីនេះ ថាជារឿងប្រវត្តិសាស្ត្រ ។
សមាគមខ្មែរកម្ពុជាក្រោមបានប្រារព្ធពិធីរំឭកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោមលើកទី៧០ ឆ្នាំកាលពីថ្ងៃទី ៤ មិថុនា ម្សិលមិញនៅលើទីតាំងឯកជនមួយកន្លែង ដែលមានលក្ខណៈតូចចង្អៀត ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានសម្រេចហាមការប្រារព្ធពិធីនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ នៅទីលានប្រជាធិបតេយ្យ និងនៅវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ។
បើតាមអ្នករៀបចំកម្មវិធី ពិធីនេះមានការនិមន្តព្រះសង្ឃចំនួន ១៩៤៩ អង្គដើម្បីបង្សុកូល ឧទ្ទិសកុសល ដល់បុព្វបុរសខ្មែរ ដែលបានលះបង់ជីវិត ដើម្បីថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជំនឿសាសនា និងអក្សរសាស្ដ្រជាតិនៅលើទឹកដីកម្ពុជាក្រោម និងមានតំណាងព្រះមហាក្សត្រយាងចូលរួមព្រមទាំងមានពលរដ្ឋរាប់រយនាក់ផ្សេងទៀត។
ប៉ុន្តែបើតាមអ្នកកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចុះទៅដល់ផ្ទាល់នៅទីតាំងប្រារព្ធពិធីនេះហាក់ពុំសូវឃើញមានអ្នកចូលរួមច្រើនដូចពិធីដែលបានធ្វើឡើងជារៀងរាល់ឆ្នាំនោះទេ ហើយក៏មិនឃើញមានវត្តមានមន្ត្រីរដ្ឋាភិបាលចូលរួមដែរ។
លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោមបានថ្លែងក្នុងពិធីនេះថា ការចងចាំអំពីថ្ងៃដែលបារាំងសម្រេចផ្ទេរទឹកដីកម្ពុជាក្រោមឱ្យទៅវៀតណាមគ្រប់គ្រង គួរតែត្រូវបានរដ្ឋាភិបាលកំណត់ជាថ្ងៃបុណ្យជាតិ ដូចជាបុណ្យ ៧ មករា និងទិវាចងកំហឹង ២០ ឧសភាដែរ ព្រោះលោកថា ថ្ងៃទី ៤ មិថុនា ឆ្នាំ ១៩៤៩ គឺជារឿងប្រវត្តិសាស្ដ្រ ដែលខ្មែរគ្រប់រូប ត្រូវតែដឹង និងចងចាំអំពីការបាត់បង់ទឹកដីរបស់ខ្លួន និងមិនមែនជារឿងនយោបាយឡើយ។
លោកបានថ្លែងទៅកាន់អ្នកចូលរួមថា៖ «ថ្ងៃនេះជាថ្ងៃយើងធ្វើទិវារំឭកខួបផង និងធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកតស៊ូ និងអ្នកស្នេហាជាតិទាំងអស់ផង ដែលនេះជាអំពើកុសលមួយ ដែលយើងនឹកឃើញដល់គុណូបការៈគុណរបស់វីរបុរសទាំងអស់ហ្នុង ពីព្រោះយើងជាអ្នកគោរពព្រះពុទ្ធសាសនា ការតបស្នងសងគុណមានតែនិមន្តព្រះសង្ឃដើរបង្សុកូលឧទ្ទិសកុសលនេះទេ»។
លោកបញ្ជាក់ថា៖ «អ្នកខ្លះមិនសូវដែលរំឭកគុណដល់អ្នកដែលតស៊ូ»។
បើតាមលោក ថាច់ សេដ្ឋា ពិធីបុណ្យបង្សុកូលគម្រប់ខួប ៧០ ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ គឺដើម្បីឧទ្ទិសដល់អ្នកខំតស៊ូដែលបានលះបង់ជីវិតដើម្បីថែរក្សាឱ្យគង់វង្សនូវសាសនា និងទំនៀមទម្លាប់ខ្មែរនៅកម្ពុជាក្រោម ដូចជា លោកឧកញ៉ា សឺន គុយ ដែលត្រូវអាជ្ញាធរវៀតណាមកាត់ក្បាល និងការសុគតរបស់ព្រះសង្ឃជាច្រើនអង្គផ្សេងទៀត។
លោក ថាច់ សេដ្ឋា អះអាងថា ក្នុងរយៈពេលតស៊ូប្រឆាំងវៀតណាម ដែលកំពុងព្យាមលុបបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោមកន្លងមក គឺមានពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមជាច្រើននាក់ បានទទួលរងអំពើអមនុស្សធម៌យ៉ាងព្រៃផ្សៃបំផុតដែលប្រព្រឹត្តឡើងដោយអាជ្ញាធរវៀតណាម ដូចជាការចាប់ដាក់គុក ដើម្បីធ្វើទារុណកម្ម ឬត្រូវសម្លាប់ចោល ប្រសិនអ្នកទាំងនោះហ៊ានបង្ហាញទឹកចិត្តស្នេហាជាតិ ដើម្បីការពារទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្មែរ។
ប៉ុន្តែលោកថា ទោះជាយ៉ាងណា ក្នុងរយៈពេល ៧០ ឆ្នាំមកនេះ ពលរដ្ឋខ្មែរក្រោមនៅតែចាត់ទុកទឹកដីកម្ពុជាក្រោមថាជាទឹកដីរបស់ខ្លួនដដែល តាមរយៈការងើបតស៊ូប្ដូរផ្ដាច់យ៉ាងខ្លាំង ដើម្បីការពារវប្បធម៌ និងពូជសាសន៍របស់ខ្លួនឱ្យគង់វង្សតទៅមុខទៀត។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានឆ្លើយតបជុំវិញការលើកឡើងនេះថា រដ្ឋាភិបាល អនុវត្តទៅតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ក្នុងនោះ មានដូចជារដ្ឋធម្មនុញ្ញ បានកំណត់យ៉ាងច្បាស់លាស់ អំពីព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ហើយលោកថា រដ្ឋាភិបាលក៏កំពុងអនុវត្តគោលនយោបាយសន្ដិសហវិជ្ជមាន ដែលមានន័យថា មិនយកប្រទេសណាមួយ ដើម្បីធ្វើការសងសឹកឡើយ ប៉ុន្តែត្រូវគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាកំពុងកើតឡើងនាពេលបច្ចុប្បន្ន។
លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាល បានចាត់ទុកការបាត់បង់ទឹកដីកម្ពុជាក្រោម គឺជារឿងប្រវត្តិសាស្ដ្រ ព្រោះកើតឡើងមុនពេលកើតមានរដ្ឋាភិបាលបច្ចុប្បន្ននេះ និងមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលកំពុងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ននេះទេ។
លោកបញ្ជាក់ថា៖ «រីឯការសោកស្ដាយ គ្មានជនណាមួយដែលនិយាយមិនសោកស្ដាយទេ ក៏ប៉ុន្តែបើយើងយកការសោកស្ដាយ ក្លាយទៅជាចម្បាំងជាមួយប្រទេសជិតខាង យើងមិនធ្វើទេ ប៉ុន្តែយើងទុកឱ្យសកម្មជនណាធ្វើក៏ធ្វើទៅ អាហ្នឹងជារឿងរបស់គេផ្ទាល់»។
សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានអានរាជសារខ្លីមួយនៅក្នុងពិធីកាលពីម្សិលមិញនេះ ដោយលើកឡើងពីបណ្ដាំសួរសុខទុក្ខរបស់ព្រះមហាក្សត្រ ទៅកាន់ព្រះសង្ឃ និងអ្នកចូលរួមទាំងអស់ នៅក្នុងពិធីបុណ្យរំឭកនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ៕