ភ្នំពេញៈ សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ប្រមាណ​ជា​រាប់រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​សួន​​ហ៊ីប៊ីយ៉ា​កណ្តាល ទីក្រុង​តូក្យូ​ (Tokyo) ​ក្បែរ​ក្រសួង​ការបរទេស​ជប៉ុន​កាលពី​ម្សិលមិញ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ទាត់​ចោល​លទ្ធផល​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨​។

លោក ហៃ វណ្ណា មេដឹកនាំ​ក្បួន​បាតុកម្ម​បាន​ឲ្យ​ដឹង​តាម​ការសន្ទនា​តាមរយៈ​ហ្វេសប៊ុក​ កាលពី​ម្សិលមិញ​ថា​៖ «​ពួកខ្ញុំ​ធ្វើ​បាតុកម្ម​នេះ​មិនទាន់​យក​ញត្តិ​ទៅ​ដាក់់​នៅ​កន្លែង​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្ដែ​យើង​គ្រោង​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការបរទេស​ជប៉ុន​នៅក្នុង​អំឡុង​ខែ​មិថុនា​នេះ​។ យើង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ទទួល​ស្គាល់​លទ្ធផល​ពី​ការបោះឆ្នោត​ក្លែងក្លាយ​នេះ​ទេ ហើយ​បើ​អាច​យើង​ទាមទារ​ឲ្យ​ជប៉ុន​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ពុករលួយ និង​មន្ត្រី​រំលោភ​សិទ្ធិមនុស្ស​របស់​កម្ពុជា​កុំ​ឲ្យ​ចូល​ក្នុង​ប្រទេស​ជប៉ុន​ទៀត​»​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នក​តវ៉ា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៧ មិថុនា បាន​ឲ្យ​ដឹង​ថា​ការទាមទារ​ទៅ​ជប៉ុន​នោះ​មាន ២ ​ចំណុច​ដោយ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​បញ្ឈប់​ជំនួយ​គាំទ្រ​ដំណើរការ​បោះឆ្នោត និង​ស្នើសុំ​ឲ្យ​ជប៉ុន​ប្រកាស​ជា​ផ្លូវ​ការមិន​គាំទ្រ​ការបោះឆ្នោត និង​លទ្ធផល​ការបោះឆ្នោត​នៅ​កម្ពុជា​។

លោក Yasushi Akashi មន្ត្រី​ជំនួយការ​ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា មិន​ទាន់​មាន​ការឆ្លើយតប​ដល់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​អ៊ីមែល​ទេ​ កាលពី​ម្សិលមិញ ​ក្នុង​ការសុំ​អត្ថាធិប្បាយ​ទាក់ទង​នឹង​ការទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​នោះ​។

ប៉ុន្ដែ​លោក ហៃ វណ្ណា អះអាង​ថា​ញត្តិ​នោះ​មាន​មន្ត្រី​នៅក្នុង​ក្រសួង​ការបរទេស​ជប៉ុន​ក្នុង​ប្រទេស​ជប៉ុន​ម្នាក់​មក​ទទួល​ដោយ​ប្រាប់​ថា​គេ​នឹង​យក​ទៅ​ពិនិត្យ និង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ជប៉ុន​នាពេល​ឆាប់ៗ​នេះ​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​គឺជា​ជំនួយ​មិត្តភាព​យ៉ាង​ស្មោះត្រង់​ជាមួយ​កម្ពុជា រួមទាំង​ជួយ​ផ្នែក​សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ផង​ដែរ​។ ដូច្នេះ​ប្រទេស​ជប៉ុន​នឹង​មិន​ធ្វើ​អ្វី​មួយ​តាម​ការ​ញុះញង់​របស់​ជន​មួយ​ក្ដាប់​តូច​នោះ​ទេ​។

លោក ពុទ្ធា ថ្លែង​ថា​៖ «​យើង​មិន​មាន​អ្វី​ព្រួយបារម្ភ​ទេ ព្រោះ​ប្រទេស​ជប៉ុន​ជា​ប្រទេស​ឯករាជ្យ ហើយ​ជប៉ុន​នឹង​មិន​អាច​ស្ដាប់​តាម​ការ​ញុះញង់​របស់​អ្នកនយោបាយ​មកពី​ប្រទេស​មួយ​ណា​ឡើយ​។ ការតវ៉ា​នេះ​វា​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ ប៉ុន្ដែ​ពេល​ថ្មីៗ​កន្លង​មក​នេះ​អះអាង​ថា​ការតវ៉ា​នេះ​គឺជា​សិទ្ធិ​របស់​ពួកគាត់ ប៉ុន្ដែ​ក៏​គ្មាន​ប្រយោជន៍​ដែរ​។

លោក​ថ្លែង​ថា​៖ «​ចំណែក​កម្ពុជា​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ ព្រោះ​សកម្មភាព​ពួកគេ​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ទេ ហើយ​ពលរដ្ឋ​កំពុង​ត្រៀម​ខ្លួន​នាំ​គ្នា​ទៅ​បោះឆ្នោត​ដែរ​គឺ​មិនមែន​អត់​បក្ស​មួយ​ហើយ ស្រែក​ថា​គ្មាន​ប្រជាធិបតេយ្យ​ទេ​»៕