ភ្នំពេញៈ ពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនៅតែរក្សាជំហរធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈពេលដែលថ្នាក់ដឹកនាំកម្ពុជាគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចមួយនេះបើទោះលោក សម រង្ស៊ី បានព្រមាន និងអំពាវនាវដល់អ្នកគាំទ្រ និងពលរដ្ឋខ្មែរកុំឲ្យធ្វើបាតុកម្មក៏ដោយ។
តាមគម្រោងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ និង ១៦ ខែកុម្ភៈឆ្នាំ ២០១៦ នៅរដ្ឋកាលីហ្វ័រនីញ៉ាតាមការអញ្ជើញរបស់លោក បារ៉ាក់ អូបាម៉ា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងសំណេះសំណាលជាមួយជនរួមជាតិកម្ពុជារាប់រយនាក់មកពីគ្រប់ទីកន្លែងនៅអាមេរិកផងដែរ។ ចំណែកប្រតិភូអមដំណើររួមមានលោក ហោ ណាំហុង លោក ស៊ុន ចាន់ថុល លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ហង់ ជួនណារ៉ុន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាចេញកាលពីម្សិលមិញ។
យ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍របស់ប្រធានអង្គការសម្ព័ន្ធមិត្តភាពខ្មែរ-អាមេរិកលោក ទូច វិបុល ចុះថ្ងៃទី ៧ កុម្ភៈបានលើកឡើងថាថ្មីៗនេះមេដឹកនាំគណបក្សនយោបាយនានាបានវាយប្រហារ និងចោទប្រកាន់គ្នាទៅវិញទៅមកក្នុងន័យបង្កការរារាំង និងបំបែកទំនុកចិត្តពលរដ្ឋខ្មែរអាមេរិកាំងឲ្យដកថយការតាំងចិត្តចូលរួមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន។
តែក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការធ្វើបាតុកម្មនឹងប្រព្រឹត្តទៅតាមការគ្រោងទុកដោយពុំមានការអាក់ខានឡើយហើយសូមបញ្ជាក់ថាអង្គការយើងខ្ញុំជាអង្គការឯករាជ្យមិនពាក់ព័ន្ធគណបក្សនយោបាយឡើយ»។
សេចក្តីថ្លែងការណ៍បន្តថាកម្មវិធីបាតុកម្មនឹងមានសេចក្តីថ្លែងការណ៍របស់អ្នកចូលរួមញត្តិស្តីពីការរំលោភសិទ្ធិមនុស្ស និងការចាប់ដាក់គុកនូវក្រុមសកម្មជនប្រជាធិបតេយ្យជាដើម។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖ «ប្រាកដណាស់ជាង ៣០ ឆ្នាំក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បានធ្វើខ្លួនជាជនមិនគួរឲ្យទុកចិត្តបានសម្រាប់ពលរដ្ឋខ្មែរ ។
លោក ហ៊ុន សែន ជាជនគ្រោះថ្នាក់បំផុតដល់សង្គមកម្ពុជាជាពិសេសជាជនគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ ASEAN ដែលយើងទាំងអស់គ្នាមិនត្រូវការមេដឹកនាំរូបនេះទៀតឡើយ»។
កាលពីថ្ងៃសៅរ៍វីដេអូមួយបានផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយថាប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងវ៉ាស៊ីនតោនដោយអំពាវនាវទៅអ្នកគាំទ្រនៅអាមេរិកមិនឲ្យធ្វើការតវ៉ានយោបាយនៅរដ្ឋកាលីហ្វ័រនីញ៉ាទេ។
លោក សម រង្ស៊ី ថ្លែងថា៖ «បាតុកម្មនេះឥឡូវនេះមិនល្អទេវាធ្វើឲ្យខូចការងារគណបក្សសង្គ្រោះជាតិ»។ លោកថាគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់អ្នកដែលចូលរួមការតវ៉ានេះទេហើយបានអំពាវនាវឲ្យមានការ «ស្ងប់ស្ងៀម» និង «ភាពអំណត់អត់ធ្មត់» ខណៈគណបក្សស្វែងរកការសម្រេចគោលដៅនយោបាយរបស់ខ្លួន។
ចំណែកកាលពីម្សិលមិញមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថ្មីថាគណបក្សរបស់លោកពុំមានគោលការណ៍រៀបចំធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ លោកថា «យើងមានការសោកស្តាយដោយសារចែកគ្នាមិនដាច់ថាអ្វីទៅជាស្ថាប័នហើយអ្វីទៅជាបុគ្គលដូច្នេះយើងចង់ឲ្យមានការយល់ដឹងពីលក្ខណៈជាស្ថាប័ន និងជាបុគ្គលឲ្យបានពិតប្រាកដ»។
«ជាគោលការណ៍គណបក្សសង្គ្រោះជាតិឥតមានរៀបចំធ្វើបាតុកម្មទេតែការធ្វើបាតុកម្មជាសិទ្ធិសេរីរបស់បុគ្គលទាំងនោះអាហ្នឹងជារឿងមួយដាច់ដោយឡែក»។
បើទោះជាមានការអត្ថាធិប្បាយពីបក្សប្រឆាំងថាមិនជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មក្តីក៏អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាលោកមិនចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេតែបើរកឃើញថាបក្សសង្គ្រោះជាតិនៅពីក្រោយនៃការធ្វើបាតុកម្មនេះ ឬផ្តល់ជាមធ្យាបាយណាមួយគឺគង់តែដឹងទេ។
លោកបញ្ជាក់ថា «បើអ្នកផ្សេងអាចធ្វើបាតុកម្មបានអ្នកគាំទ្រគណបក្សប្រជាជនអាចធ្វើបាតុកម្មបានដូចគ្នាព្រោះពលរដ្ឋមានសិទ្ធិស្មើភាពគ្នា! នៅពេលសួរថាហេតុការណ៍នោះអាចកើតឡើងដូចករណីបាតុកម្មប្រឆាំងលោកថា កឹម សុខា ទេ? លោក សុខ ឥសាន បានឆ្លើយថា បាទ»!
សូមរំឭកថាកាលពីចុងឆ្នាំ ២០១៥ នៅពេលពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅបារាំងនោះមិនបានប៉ុន្មានថ្ងៃផងស្រាប់តែនៅក្នុងស្រុកវិញអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់បានធ្វើបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ពីអនុប្រធានទី ១ រដ្ឋសភាដែលគ្រានោះបណ្តាលឲ្យតំណាងរាស្ត្របក្សប្រឆាំងពីរនាក់រងការវាយដំឲ្យរបួសយ៉ាងដំណំ៕