ភ្នំពេញៈ ពលរដ្ឋ​កម្ពុជា​មាន​សញ្ជាតិ​ស្វ៊ីស​បាន​សរសេរ​ញត្តិ​មួយ​កាលពី​ថ្ងៃ​ទី​ ៣ ខែ​កក្កដា​ជូន​ចំពោះ​លោក Alain Berset ប្រធានាធិបតី​សហព័ន្ធ​ស្វ៊ីស ដើម្បី​ស្នើសុំ​ប្រទេស​ស្វ៊ីស​កុំ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​កុំ​ចូលរួម​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា​។

យោង​តាម​លិខិត​ដែល​បញ្ចេញ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹងថា​ញត្តិ​នោះ​មាន​បំណង​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​។ ញត្តិ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​​គាំទ្រ​ដោយ​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ ៧០ នាក់​។

ញត្តិ​នេះ​បាន​សរសេរ​ថា៖ «​ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រសិន​បើ​ការដាក់​ទណ្ឌកម្ម​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​សហព័ន្ធ​ស្វ៊ីស​។ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ទេ​ដែល​អ្នក​រងគ្រោះ​ជាងគេ​គឺ​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ប្រជាជន​ងាយ​រងគ្រោះ​ផ្សេង​ទៀត ជាពិសេស​កម្មករ និង​កសិករ​»​។

«​ដូច្នេះ​យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​សហព័ន្ធ​ស្វ៊ីស សូមកុំ​ដាក់​ទណ្ឌកម្ម​ណា​មួយ​រួម​ទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​ក៏​គាំទ្រ​ដល់​ទណ្ឌកម្ម​ណា​មួយ និង​សកម្មភាព​ដាក់​ទណ្ឌកម្ម​ផ្សេង​ទៀត​ដែល​បាន​ចាប់ផ្តើម​ដោយ​បណ្ដា​ប្រទេស​នានា សម្ព័ន្ធមិត្ត​ដៃគូ​អាជីវកម្ម ឬ​ក្រុម​ដទៃ​ទៀត​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​ប្រឆាំង​មួយ​ក្ដាប់​តូច និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ជាពិសេស​កម្មករ​ និង​កសិករ​»​។

លិខិត​ដដែល​បាន​អះអាង​ថា មិន​មាន​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ទេ ផ្ទុយ​ទៅ​វិញ​ប្រទេស​កម្ពុជា​ បាន​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និង​បណ្ដាញ​សង្គម ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ ឬ​ក៏​មិន​គាំទ្រ​រាជរដ្ឋាភិបាល​។ ថ្វីបើ​ពួកគេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​អវិជ្ជមាន​អំពី​រាជរដ្ឋាភិបាល​ក៏ដោយ​ក៏​ពួកគេ​នៅ​តែ​ធ្វើ​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​បាន​ដដែល​។ ការចៀសវាង​មិន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ​គឺ​ចៀសវាង​នាំ​ប្រទេស​កម្ពុជា​វិល​ត្រឡប់​ទៅ​រក​សង្គ្រាម​ស៊ីវិល​។

ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ស្វ៊ីស​បាន​ទេ ​កាលពី​ម្សិលមិញ​។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការដាក់​ញត្តិ​នេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ហើយ​ក្រសួង​ការបរទេស មិនមាន​ព័ត៌មាន​បន្ថែម​អំពី​ញត្តិ​នេះ​ទេ​។ ក្រៅពី​ពលរដ្ឋ​នៅ​ប្រទេស​ស្វ៊ីស​មិន​ទាន់​មាន​ព័ត៌មាន​ថា មាន​ការ​ដាក់​ញត្តិ​ស្រដៀង​គ្នា​នេះ​នៅក្នុង​ប្រទេស​ផ្សេង​ទេ​។

លោក សុន្ទរី ថ្លែង​ថា​៖ «​កម្ពុជា​មិន​ចង់​ឃើញ​មាន​ទណ្ឌកម្ម​ណា​មួយ​ទេ ដោយសារ​វា​ប៉ះពាល់​ធំ​ដល់​ជីវភាព​របស់​ពលរដ្ឋ​។ បងប្អូន​ខ្មែរ​យើង​ទាំង​នៅក្នុង​ប្រទេស​ទាំង​ក្រៅ​ប្រទេស​មួយ​ចំនួន​បាន​លើក​ឡើង​នូវ​សំណូមពរ​មិន​ចង់​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ក្នុង​រូបភាព​ណា​មួយ​មក​លើ​កម្ពុជា​​នោះ​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ដំបូង​បំផុត​គឺ​កម្មករ​កម្ពុជា​យើង និង​ក្រុម​គ្រួសារ​ដែល​រស់នៅ​អាស្រ័យ​ដោយ​ការងារ​របស់​កម្មករ​យើង​ជាង​មួយ​លាន​នាក់​។ ដូច្នេះ​ជារួម​មតិ​ទូទៅ​មិន​ចង់​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ផ្ទាល់​ទៅ​ដល់​កម្មករ​»​។

ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បញ្ជូន​ប្រតិភូ​មួយ​ក្រុម​ទៅ​កាន់​សហភាព​អឺរ៉ុប ដើម្បី​ទៅ​បំភ្លឺ​ជូន​មន្ត្រី​ជាន់​ខ្ពស់​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប អំពី​ស្ថានការណ៍​កម្ពុជា​។

លោក​ ជុំ សុន្ទរី បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​នៅឡើយ​ទេ​ពី​ក្រុម​ប្រតិភូ​ទាំងនោះ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​ ៤ ខែ​កក្កដា​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​សហភាព​​អឺរ៉ុប​ (EU) ​នឹង​មក​តាមដាន ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ដំណើរការ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​បោះឆ្នោត​នៅ​ចុង​ខែ​នេះ​។ គណៈប្រតិភូ​សហភាព​អឺរ៉ុប​នឹង​ជួប​លោក​ ហ៊ុន សែន ផ្ទាល់​ជុំវិញ​ស្ថានភាព​នយោបាយ​ដែល​មូលហេតុ​អ្វី​បាន​ជា​ផាត់​គណបក្ស​ដែល​ជា​គូប្រកួត​ដ៏​ស័ក្តិសម​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​ពី​ការបោះឆ្នោត​។

លោក​ សម រង្ស៊ី ថ្លែង​ថា​៖ «​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​គឺ​មាន​គណៈប្រតិភូ​មួយ​ពី​សហភាព​អឺរ៉ុប​នឹង​ទៅដល់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ហើយ​ក៏​មាន​គណៈប្រតិភូ​ពី​កម្ពុជា​មក​សហភាព​អឺរ៉ុប​ដែរ​។ ប៉ុន្តែ​មក​ជា​ឡប់ឡែ អត់​មាន​នរណា​គេ​ឲ្យ​តម្លៃ​ទេ ពីព្រោះ​មក​ហ្នឹង​គ្រាន់​តែ​សូត្រ សូត្រ​ការឃោសនា​ដូច​លោក​ ហ៊ុន សែន និយាយ​ពី​ស្រុក​ខ្មែរ​មក គេ​ឮ​​អស់​ហើយ អត់​ចូល​ត្រចៀក​ទេ មក​សូត្រ​នៅ​អឺរ៉ុប​ក៏​គ្មាន​អ្នក​ណា​ស្តាប់​ដែរ​»​។

យោង​តាម​លិខិត​ដែល​ចែកចាយ​តាម​ធ្វីធើរ​បាន​ឲ្យ​ដឹង​ថា​ចាប់​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ១១ ខែ​កក្កដា​នេះ​សមាជិក​នៃ​សភា​អឺរ៉ុប​កំពុង​ចុះ​មក​ប្រទេស​កម្ពុជា​រយៈពេល​ ៧ ​ថ្ងៃ​ក្នុង​បេសកកម្ម​មួយ​ស្វែងរក​ការពិត​អំពី​សភាពការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​កម្ពុជា​ត្រូវ​អនុវត្តតាម​ផ្អែក​លើ​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខ​ទំនិញ​លើកលែង​តែ​គ្រឿង​សញ្វវុធ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ការ​ចុះ​មក​ស្វែងរក​ការពិត​នេះ​ដោយ​លោក​ថ្លែង​ថា​៖ «​យើង​មាន​ការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​របស់ EU ប្រសិន​បើ​មក​កម្ពុជា​លោក​នឹង​បាន​យល់​ច្បាស់​អំពី​សភាពការណ៍​ពិត​អំពី​កម្ពុជា មិន​ដូច​ការឃោសនា​នៅក្រៅ​ប្រទេស​របស់​ពួកឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ទេ​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ពេល​ណា​ក្រុម​ការងារ​របស់ EU ចុះ​មក​ដល់​កម្ពុជា​លោក​នឹង​មាន​ការ​ភ្ញាក់ផ្អើល​អំពី​សភាព​ពិត​នៅ​កម្ពុជា​។ អ៊ីចឹង​សេចក្តី​រាយការណ៍​ណា​ដែល​ធ្វើ​ត្រឹមត្រូវ​នៃ​សភាពការណ៍​ពិត​នៃ​កម្ពុជា គឺជា​សេចក្តី​រាយការណ៍​ប្រកប​ដោយ​លក្ខណៈ​វិជ្ជមាន​។ ក៏ប៉ុន្តែ​បើ​សិន​ជា​គាត់​និយាយ​ខុស​ពី​ការពិត អាហ្នឹង​ជា​រឿង​គាត់ យើង​មិន​អាច​ទទួល​បាន​អ្វី​ដែល​ខុសពី​ការពិត​នោះ​ទេ​»​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ម្នាក់​នៅ​ក្នុង​សង្គម​ស៊ីវិល​ថ្លែង​ថា EU នឹង​មិន​ដាក់​ទណ្ឌកម្ម​ ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សញ្វវុធ​» ​នេះ​ទេ ប៉ុន្តែ​អាច​ដាក់​ទណ្ឌកម្ម​លើ​ផ្នែក​ណា​មួយ​ដែល​គេ​មើល​ឃើញ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​ EU ​នឹង​បញ្ចប់​ ឬ​ព្យួរ​វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សញ្វវុធ​» ​នោះ​ទេ​។ គេ​អាច​អនុម័ត​វិធានការ​តាម​គោលដៅ​ណា​មួយ និង​ដាក់​ទណ្ឌកម្ម​លើ​ផ្នែក​ណា​មួយ ដែល​គេ​មើលឃើញ​ថា​ជា​ផ្នែក​ដែល​ទទួល​ខុសត្រូវ​លើ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​កម្ពុជា ហើយ​ប្រហែល​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ស្និទ្ធ​បំផុត​ដែល​ទទួល​បាន​ផល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហើយ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ EU​។ ការដាក់​ទណ្ឌកម្ម​ដោយ​ផ្នែក​ទាំង​នេះ​អាច​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​តិចតួច​បំផុត​ដល់​អ្នក​ដែល​ធ្វើការ​នៅក្នុង​វិស័យ​នាំ​ចេញ​»៕