ភ្នំពេញៈ មន្រ្តីយោធាប្រចាំនៅព្រំដែនជាប់ថៃបានឲ្យដឹងកាលពីម្សិលមិញថា យ៉ាងហោចមានទាហានកម្ពុជាម្នាក់ និងទាហានថៃម្នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃចន្ទនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៃខេត្តព្រះវិហាររបស់កម្ពុជា។
លោកវរសេនីយ៍ឯក មាស យឿន មេបញ្ជាការរងប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅជិតម៉ោង ១ រសៀល កាលពីថ្ងៃចន្ទនៅក្បែរច្រកព្រំដែនអានសេះ ភាគខាងកើតនៃប្រាសាទព្រះវិហារ ខណៈដែលទាហានកម្ពុជាកំពុងដើរល្បាតនៅព្រំដែន រួចបានទទួលការបាញ់ប្រហារពីសំណាក់កងទាហានឆ្មាំព្រំដែនថៃ។
តាមលោក មាស យឿន ឲ្យដឹងទៀតថា មេបញ្ជាការកំពូលប្រចាំទិស លោកនាយឧត្តមសេនីយ៍ ជា តារា និងលោកឧត្តមសេនីយ៍ ស្រី ឌឹក បានចុះទៅតំបន់អានសេះ នៅព្រឹកថ្ងៃអង្គារ ដើម្បីពិនិត្យរកមូលហេតុនៃហេតុការណ៍ផ្ទុះអាវុធនេះ ហើយលោកបន្ថែមថា ស្ថានការណ៍មានសភាពវិលមកធម្មតាវិញហើយ។
លោក ព្រាប ធឿត មន្រ្តីព័ត៌មាននៃកងយោធា នៅខេត្តព្រះវិហារ បានថ្លែងថា យុទ្ធជនរងគ្រោះឈ្មោះ វ៉ា សាវុធ អាយុ ៣៥ ឆ្នាំ បានរងរបួសបីកន្លែងលើខ្លួន គឺពីរគ្រាប់ចំជើងទាំងសងខាង និងមួយគ្រាប់ទៀតចំខ្នង នៅការផ្ទុះអាវុធរបស់ទាហានថៃ នៅវេលាម៉ោង ១២និង៥០នាទី ថ្ងៃចន្ទ។
លោកបានបន្តថា៖ «បច្ចុប្បន្ន គាត់សម្រាកនៅមណ្ឌលសុខភាពយោធា ដើម្បីព្យាបាល។ គាត់ត្រូវទាហានថៃបាញ់ពេលដើរល្បាត ដូចធម្មតា»។
មន្រ្តីកងទ័ពម្នាក់ទៀតនៅខេត្តព្រះវិហារ ដែលប្រាប់ថាឈ្មោះ ចំរើន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង មិនមែនដោយសារការភាន់ច្រឡំទេ ប៉ុន្តែ ផ្ទុយទៅវិញ ខាងទាហានថៃមានចេតនាបង្កហេតុមកលើកម្ពុជា។
លោកបានបញ្ជាក់ថា ៖ «ជាធម្មតា មានកិច្ចប្រជុំជាប្រចាំ ហើយមានការជូនដំណឹងគ្នាទៅវិញទៅមកអំពីការដើរល្បាត ដូច្នេះ ខ្ញុំគិតថា ខាងទាហានថៃបានរៀបចំទុកជាមុន»។
ទាំងលោកនាយឧត្តមសេនីយ៍ ជា តារា និងលោកឧត្តមសេនីយ៍ ស្រី ឌឹក ដែលបានចុះទៅកន្លែងប៉ះទង្គិចគ្នាកាលពីថ្ងៃម្សិលមិញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែ យោងតាមគេហទំព័រ ដើមអម្ពិល លោក ជា តារា បានថ្លែងឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយសារការភាន់ច្រឡំ ហើយទាហានថៃម្នាក់ ក៏បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានេះផងដែរ។
តាមការស្រង់សម្តីពីលោក ជា តារា ថា៖ «ទាហានក្លាហានរបស់កម្ពុជាម្នាក់មកពីអង្គភាព ៤០៥ ប្រចាំនៅខេត្តព្រះវិហារ និងទាហានថៃម្នាក់ បានរងរបួសកាលពីថ្ងៃចន្ទ ដោយសារពួកគេភាន់ច្រឡំ ហើយថា ស្ថានការណ៍មានភាពធម្មតាទេ ដោយសារទាហានតែងតែគោរពបញ្ជាពីថ្នាក់លើ»។
យោងតាមលោក ព្រាប - ធឿត បានឲ្យដឹងថា អ្នកកាប់ឈើកម្ពុជាពីរនាក់ក៏ត្រូវបានបាញ់សម្លាប់ដោយអាជ្ញាធរថៃ នៅក្បែរកន្លែងបាញ់ប្រហារគ្នាពីថ្ងៃចន្ទនេះដែរ កាលពីមួយថ្ងៃមុន [ថ្ងៃទី ២៨ ខែកញ្ញា] ដែលសាកសពពួកគេនៅក្នុងប្រទេសថៃនៅឡើយទេ ហើយមន្រ្តីកម្ពុជាកំពុងតែទាក់ទងឲ្យបញ្ជូនសពមកឲ្យគ្រួសារវិញ។
លោកបញ្ជាក់ថា៖«ថៃគេមិនអនុញ្ញាតឲ្យយើងចូលដីគេទេ»។
លោកបន្ថែមថា ចាប់តាំងពីដើមខែកញ្ញាមក កង ទាហានថៃបានបាញ់អ្នកកាប់ឈើ ដែលចូលទឹកដីថៃច្រើនដងរួចមកហើយ។
លោកឧត្តមសេនីយ៍ ផាត់ សុផេន មេបញ្ជាការរងកងពលលេខ ៣ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា លោកមិនបានទទួលព័ត៌មាន អំពីការបាញ់សម្លាប់អ្នកកាប់ឈើទេ ដោយលោកជាប់ទៅប្រជុំនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃមុន។
ប្រទេសកម្ពុជានិងថៃ មិនបានកំណត់ព្រំដែនរួមប្រមាណ ៨០៥ គីឡូម៉ែត្រឲ្យបានពេញលេញទេ ហើយទាហានប្រចាំព្រំដែននៃប្រទេសទាំងពីរ តែងប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើកច្រើនសា នៅតាមបណ្តោយព្រំដែន និងបានសម្លាប់និងបង្ករបួសមនុស្សរាប់សិបនាក់ ចាប់តាំងពីប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងឆ្នាំ ២០០៨ នោះមក។
ទាក់ទិននឹងការផ្ទុះអាវុធនេះមិនអាចទាក់ទងមន្ត្រីទូតថៃសុំការបញ្ជាក់បានទេ ហើយក៏គ្មានការបញ្ជាក់ពីនាយទាហានព្រំដែនថៃដែរ៕ TK