មណ្ឌលគិរីៈ សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី ​ពី​ម្សិលមិញ ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ខ្មែរ ​និង​ចិន​ចំនួន ​៦ នាក់ ​ក្នុងនោះ​មាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ​២ នាក់ ​និង​មន្ត្រី​បរិស្ថាន​ម្នាក់ ​ដោយ​ចោទ​ក្នុងករណី​ផ្សេងគ្នា ​បន្ទាប់ពី​កម្លាំង​គណៈ​កម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ​បាន​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៦-២៧​ កក្កដា​ ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។

លោក​ មាស ប្រុស​ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ម្សិលមិញ​ថា​ បន្ទាប់ពី​ទទួល​ជន​សង្ស័យ​ទាំង ៦ នាក់​​ ពី​សមត្ថកិច្ច​បញ្ជូន​មក​ កាលពី​ថ្ងៃទី​ ២៨ កក្កដា​ លោក​បាន​បញ្ជូន​បន្ត​ទៅ​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត។ នៅ​ថ្ងៃទី ២៩ ​កក្កដា​ ​តុលាការ​បានសម្រេច​ឃុំខ្លួន​ អ្នក​ទាំង ៦ នាក់ ​រួចរាល់​ហើយ​ ក្រោម​បទ​ចោទ​ផ្សេងៗ​គ្នា។

លោក​បន្តថា​ ជនជាប់ចោទ​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ២ នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ពីបទ «ផ្ដល់​ការ​អនុញ្ញាត​ណាមួយ ​ដែល​ផ្ទុយ​នឹង​បទ​ប្ប​ញ្ញត្តិ​ និង​ច្បាប់​ស្ដីពី​ព្រៃ​ឈើ​ អនុគ្រោះ​ចំពោះ​បទ​ល្មើស​ព្រៃឈើ»​ តាម​មាត្រា ១១១ ​ស្ដីពី​ច្បាប់​ព្រៃឈើ។

ឯ​មន្ត្រី​បរិស្ថាន​ម្នាក់ ​ត្រូវបាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពីបទ «សមគំនិត​ក្នុង​អំពើ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ ដែល​គ្មាន​លិខិត​អនុញ្ញាត»​ តាម​មាត្រា​ ៦៤ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ»​ តាម​មាត្រា ៩៨ ​ចាត់​ចូល​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ​ និង​មាត្រា ២៩ នៃ​ច្បាប់​ព្រហ្មទណ្ឌ។

លោក​បន្តថា​៖ «ចំពោះ​ជនជាតិ​ចិន​ចំនួន ២ នាក់ ​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ «កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ប្រាស់​អាវុធ» តាម​មាត្រា ៣៦៣ ​និង​ ៣៦៦ នៃ​ក្រម ព្រហ្មទណ្ឌ​ និង​ជន​ជាតិ​ចិន​ម្នាក់ទៀត​ត្រូវ​ចោទ​ពីបទ​​ «សម​គំនិត​ ក្នុង​អំពើ​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ប្រាស់​អាវុធ» តាម​មាត្រា២៩, ៣៦៣ ​និង ៣៦៦ ផងដែរ»។

​មន្ដ្រី៣រូប ​ដែលត្រូវ​បាន​ឃុំខ្លួន ​រួមមាន​ ទី១​ លោក ហាន សា​ខន​ ជានា​យក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ​ស្រុក​លំផាត់ ​ទី២​ លោក​ សារ៉ូ រតនា ​នាយករង​រដ្ឋបាល​ព្រៃឈើ ​និង​ទី៣​ លោក​ ហ៊ុន វណ្ណេ​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រយ៉​ ក្នុងស្រុក​លំផាត់​។ ពួកគេ​ត្រូវបាន​រកឃើញ​ជាប់​​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជាមួយ​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ​ដែល​ក្នុងនោះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនជាតិ​វៀតណាម ​ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​រួច​មក​ហើយ​កាល​ពី​ដើម​ខែ​កក្កដា។

​ជនជាតិ​ចិន​ទាំង​ ៣ នាក់​នោះ ​រួមមាន ​ឈ្មោះ​ ចូវ លិហុង,​ កើ អីកឡុង​ និង​ ស៊ូ ជីង​ហ័រ។ ពួកគេ​ទាំង ៣ នាក់​នេះ ​ក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការគំរាមកំហែង​ជនជាតិ​ចិន​ម្នាក់​ផ្សេងទៀត​ ដើម្បី​យក​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ក្រុមហ៊ុន​ ថាច់​វូដ។

លោក ​អេង ហ៊ី​ អ្នកនាំពាក្យ​​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ម្សិល​មិញ​ថា ​នៅ​ថ្ងៃទី ២៨ ​កក្កដា​ ក្រុម​ការងារ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​បាន​ចុះ​ត្រួតពិនិត្យ​រោង​សន្និធិ​ សួន គឹម​ហេង ​នៅក្នុង​ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គិរី ​ដោយ​បាន​រកឃើញ​ឈើ​ខុស​​ច្បាប់​ចំនួន ៩៨ ម៉ែត្រ​គុប។

លោក​ថា​៖ «ខ្ញុំ​ទទួលបាន​ព័ត៌​​មាន​តែ​ប៉ុណ្ណឹង​ទេ​ ព្រោះ​សមត្ថ​កិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត ​ហើយ​ព័ត៌មាន​ក្រៅពី​នេះ​គឺ​ព័ត៌មាន​មិន​ច្បាស់លាស់​ទេ។

​ហ្វេស​ប៊ុក​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ហាញ​ពី​ម្សិល​មិញ​ថា​ នៅ​ថ្ងៃ​ទី ២៨ ​​កក្កដា​ ​ក្រុមការងារ​បង្ក្រាប​​បទ​ល្មើស​ធនធាន​ធម្មជាតិ ​បាន​ចុះ​ត្រួតពិនិត្យ​រោង​សន្និធិ ​និង​ច្រក​ព្រំដែន​ជា​លទ្ធផល ​បាន​ត្រួតពិនិត្យ​ច្រក​ឡា​ប៉ា​ខេ​និង​ច្រក​ដាក់ដាំ​ ក្នុង​ខេត្ត​មណ្ឌល​គិរី មាន​សភាព​ស្ងប់ស្ងាត់ ដោ​យ​បាន​ត្រួត​ពិនិត្យ​រោង​សន្និធិ​ចំនួន​ ២ កន្លែង។ ក្នុង​នោះ ​ទី១ រោង​សន្និធិ​ស្ថិត​ក្នុង​ស្រុក​​កែវ​សីមា ​ចម្ងាយ​ពី​ព្រំដែន​ ច្រក​ឡា​ប៉ា​ខេ​ប្រហែល​ ៣ គីឡូ​ម៉ែត្រ ​រោង​សន្និធិ​នេះ ​មានច្បាប់​អនុញ្ញាត ​ប៉ុន្តែ​មិនទាន់​ដំណើរការ​ទេ។

ចំណែក​ទី ២ រោង​សន្និធិ​ឈ្មោះ​ សួន គឹម​ហេង ​នៅក្នុង​ស្រុក​កែវ​សីមា ​ចម្ងាយ​ពី​ច្រក​ឡា​ប៉ា​ខេ ​ប្រហែល​ជាង​ ៧ គីឡូ​ម៉ែត្រ​ មាន​ស្តុក​ឈើ​ចំនួន​ ៩៨ ម៉ែត្រ​គុប។ ​ឈើ​នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ពិនិត្យឃើញ​ឈើ​ល្មើស​លើស​ចំនួន ៦២​ ម៉ែត្រ​គុប​​ដឹក​ពី​ក្រុមហ៊ុន​ថាច់​វូដ ក្រុមការងារ​សន្មត​ថា​ ឈើ​​នេះ​ខុស​ច្បាប់៕