ភ្នំពេញៈ ពលរដ្ឋខ្មែរ-អ៊ិស្លាមជាង ២០ នាក់តំណាងឲ្យ ១៣៦ គ្រួសារនៅស្រុកស្នួលខេត្តក្រចេះដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនវិនិយោគចំនួន ២ អស់ពេលជាង ៧ ឆ្នាំហើយនោះបានឡើងមករកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដីម្តងទៀតកាលពីម្សិលមិញដើម្បីជំរុញទៅអាជ្ញាធរខេត្តពន្លឿនការដោះស្រាយជូនពួកគេខណៈមន្រ្តីខេត្តពុំបានយកចិត្តទុកដាក់តាមការអន្តរាគមន៍របស់ក្រសួងនេះ។
លោក ចាន់ យុង ដែលមានដីទំហំ ១០ ហិកតាតំណាងឱ្យពលរដ្ឋផ្សេងទៀតថ្លែងថាពួកគាត់ឡើងមកនេះដើម្បីចង់ដឹងពីដំណោះស្រាយរបស់ក្រសួង និងជំរុញឱ្យពន្លឿនដំណោះស្រាយខណៈពលរដ្ឋជាច្រើនកំពុងជួបការលំបាកមិនមានដីធ្វើចម្ការ។ លោកថា៖ «យើងបានដាក់ពាក្យបណ្តឹងមកក្រសួងវគ្គមុនជិតមួយខែមកហើយយើងមកចង់ដឹងថាក្រសួងមានចំណាត់ការទៅខេត្តយ៉ាងណាហើយព្រោះពលរដ្ឋចេះតែទន្ទឹងរង់ចាំមើលដំណោះស្រាយពីក្រសួងហើយខាងខេត្តក៏អត់ឃើញចុះមកដោះស្រាយបាត់ដំណឹងឈឹង»។
បើតាមលោក ចាន់ យុង ពលរដ្ឋចំនួន ១៣៦ គ្រួសារបានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ ហិកតាជាយូរឆ្នាំមកហើយប៉ុន្តែនៅអំឡុងឆ្នាំ ២០០៩ ស្រាប់តែក្រុមហ៊ុនរតនៈស្តោន និងក្រុមហ៊ុនថេរៈវិនិយោគបានឈូសឆាយដំណាំរបស់ពួកគាត់រួចដាំកៅស៊ូវិញ។ លោកបានរៀបរាប់ថាបន្ទាប់ពីក្រុមហ៊ុនចូលឈូសឆាយដោយមានការបើកដៃពីអាជ្ញាធរមូលដ្ឋានដែលធ្វើឱ្យពួកគាត់បាត់បង់ដីស្រែមកពួកគាត់មួយចំនួនក្លាយជាកម្មករស៊ីឈ្នួលគេ និងអ្នកខ្លះរត់ទៅធ្វើកម្មករនៅថៃក៏មាន។
អ្នកស្រី រឹម អេន អាយុ ៥៨ ឆ្នាំមានដី ៣ ហិកតាបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងដែនដីជួយផ្តល់ដំណោះស្រាយសមរម្យឱ្យបានឆាប់រហ័សខណៈគាត់កំពុងជួបការខ្វះខាតច្រើន។ អ្នកស្រីបានបញ្ជាក់ថា៖ «សុំឱ្យជួយដោះស្រាយជូនពលរដ្ឋផងព្រោះសព្វថ្ងៃខ្វះខាតខ្លាំងពេលខ្លះអត់មានបាយស៊ីផងបើមានគេជួលជម្រះស្មៅបានបាយស៊ីទៅពេលខ្លះគេមិនជួលទៀតអត់មានបាយស៊ីទៅតែបើកាលពីនៅមានដីដាំដំឡូងយើងបានហូប ១ ឆ្នាំគ្រប់គ្រាន់ហើយឥឡូវបើជួលដីគេធ្វើ ១ ហិកតា ៥០០ ដុល្លារ»។
ប្រធានក្រុមទី ៣៥ ផ្នែកដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីដែលចេញមកជួបពលរដ្ឋលោក ហេង រ៉ាន់ បានស្នើឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់សិនខណៈក្រសួងកំពុងដោះស្រាយបញ្ហានេះ និងវិវាទដីធ្លីដទៃទៀតដែលទាមទារត្រូវប្រើពេលយូរ។ តែលោកបញ្ជាក់ថាបញ្ហាដីធ្លីនេះនឹងមានដំណោះស្រាយឆាប់ៗខាងមុខនេះ។ លោកថា៖ «ក្រសួងនៅមាននីតិវិធីដោះស្រាយជូនបងប្អូនទាំងអស់មិនចាំបាច់បារម្ភទេបើសិនជាខេត្តមិនមានចំណាត់ការក្រសួងក៏បានត្រៀមលក្ខណៈដែរព្រោះក្រសួងបង្កើតក្រុមការងារដោះស្រាយ ៣៦ ក្រុមអ៊ីចឹងគង់តែដល់ពេលវេលាត្រូវដោះស្រាយឱ្យមិនយូរទេ»។ លោកបន្ថែមថា «បើគេមិនដោះស្រាយគេមានរបាយការណ៍មកតែទោះបីដោះឬមិនដោះក្រសួងមានតួនាទីចុះទៅដោះស្រាយក្រសួងគឺមានក្រុមការងារចុះទៅ»។
អភិបាលខេត្តក្រចេះលោក សរ ចំរុង ថ្លែងថាករណីនេះខេត្តធ្លាប់បានបំភ្លឺជូនពលរដ្ឋហើយថាខេត្តអនុវត្តទៅតាមនីតិវិធីរបស់គណៈកម្មការសុរិយោដីហើយខេត្តនឹងធ្វើរបាយការណ៍បំភ្លឺជូនថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ។ លោកថា៖ «ខ្ញុំទទួលបានលិខិតពីអាជ្ញាធរជាតិដោះស្រាយដីធ្លីខ្ញុំកំពុងធ្វើរបាយការណ៍ជូនក្រសួងដែនដីវិញ និងអាជ្ញាធរដីធ្លីព្រោះគេបានដាក់លិខិតមកឱ្យខ្ញុំ»។ ប៉ុន្តែលោកបានបដិសេធអធិប្បាយលម្អិតពីចំណាត់ការរបស់អាជ្ញាធរលើបញ្ហាវិវាទដីធ្លីនេះ។
លិខិតអន្តរាគមន៍ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលចុះហត្ថលេខាដោយអគ្គនាយករដ្ឋបាលលោក សេង ឡូត ចុះថ្ងៃទី ២៥ ខែសីហាបានស្នើឱ្យអភិបាលខេត្តពិនិត្យ និងដោះស្រាយ។ ក្នុងលិខិតបញ្ជាក់ថា «តំណាងពលរដ្ឋ ១៣៦ គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុនថេរៈវិនិយោគស្នើមកក្រសួងសុំប្តឹងអាជ្ញាធរខេត្តក្រចេះដែលមិនបានអនុវត្តតាមលិខិត (បញ្ជា) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី»។ ក្រសួងសូមបញ្ជូនករណីនេះជូនឯកឧត្តមអភិបាលពិនិត្យដោះស្រាយជាសមត្ថកិច្ច៕