ភ្នំពេញៈ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាបបានរកឃើញពលរដ្ឋខ្មែរចំនួន ៤៤ នាក់ ដែលបានប៉ះពាល់ជាមួយបុរសជនជាតិជប៉ុនម្នាក់ដែលត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ ១៩ ហើយបានដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសគ្រោងចំណាយថវិកាជាង ៣០ លានដុល្លារ ដើម្បីត្រៀមទប់ទល់ការរីករាលដាលនៃជំងឺនេះ និងជំងឺឆ្លងផ្សេងទៀត។
លោក លី សូវ៉ាន អ្នកនាំពាក្យក្រសួងសុខាភិបាលបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា៖ «យើងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤ នាក់ និងប្រមាណ ៤០ នាក់ប៉ះពាល់ប្រយោលដែលតម្រូវឱ្យពួកគាត់នៅដោយឡែកពីគេចំនួន ១៤ ថ្ងៃ និងតាមដានសុខភាព។ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់។ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ»។
កាលពីថ្ងៃទី ៤ មីនា ក្រសួងសុខាភិបាលប្រទេសវៀតណាមបានរាយការណ៍ថាអ្នកដំណើរជនជាតិជប៉ុនម្នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបផ្ទេរជើងហោះហើរនៅទីក្រុងហូជីមិញ ដើម្បីបន្តដំណើរទៅកាន់ប្រទេសជប៉ុនគឺត្រូវបានគេធ្វើតេស្ដ រកឃើញឆ្លងវីរុសកូវីដ ១៩ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះប្រទេសជប៉ុន។ លោក លី សូវ៉ាន់ បន្ថែមថាជនជាតិជប៉ុនរូបនេះគឺបានធ្វើដំណើររយៈពេលខ្លីៗគឺពីប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសកម្ពុជា និងបន្ទាប់មកទៅវៀតណាម ដើម្បីត្រឡប់ទៅជប៉ុនវិញ។
ជាមួយគ្នានេះលោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើលិខិតមួយបញ្ជាក់មកកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីម្សិលមិញថា បុរសជនជាតិជប៉ុននេះគឺបានរាយការណ៍ថា រូបគាត់មានអាការមិនស្រួលខ្លួនគឺអំឡុងស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ លោក អ៊ឹង រចនា បន្តថានៅព្រឹកថ្ងៃទី ៤ ខែមីនា ជនជាតិជប៉ុនដែលមានអាយុជាង ៤០ ឆ្នាំរូបនេះត្រូវបានរកឃើញថា មានផ្ទុកវីរុស កូវីដ ១៩ នៅពេលមកដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់បានទៅពិភាក្សាជាមួយក្រុមមន្ត្រីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។
លោកបានសរសេរនៅក្នុងលិខិតមួយថា៖ «បុរសជនជាតិជប៉ុនរូបនេះបានធ្វើដំណើរទៅកម្ពុជានៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ឆ្លងកាត់វៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី ២១ ខែកុម្ភៈ។ គាត់បញ្ជាក់ថា មិនសូវស្រួលខ្លួននៅថ្ងៃទី ២១ ខែកុម្ភៈ។ គាត់ត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ២៨ ខែកុម្ភៈហើយនៅថ្ងៃទី ៣ ខែមីនាបានទៅពេទ្យនៅស្រុកខ្មែរ មិនបញ្ជាក់ឈ្មោះ។ ពាក់ព័ន្ធនឹងការទៅពេទ្យនេះ Nagoya TV បានបញ្ជាក់ថា គាត់មានអាការពិបាកដកដង្ហើម»។
ចំណែកលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញដែរថា កម្ពុជាមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីស្ថានទូតជប៉ុននៅកម្ពុជាដែលបញ្ជាក់ថា បុរសជនជាតិជប៉ុនរូបនេះពិតជាឆ្លងកូវី ១៩ នៅឡើយទេ។
លោកស្រីថា៖ «យើងអត់គិតរឿងហ្នឹងទេ (គេឆ្លើយតប ឬមិនឆ្លើយតប) រឿងគេទៅដល់ជប៉ុនហើយ ហើយចូលទៅសម្រាកនៅពេទ្យនៅជប៉ុនហើយ។ ប៉ុន្តែសំខាន់យើងនៅទីនេះយើងត្រូវតែធ្វើសកម្មភាពទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីស្វែងរកអ្នកដែលប៉ះពាល់ជាមួយជនជាតិជប៉ុននេះ។ មន្ទីរសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាបមិនបាននៅស្ងៀមទេ»។
ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខ័ណ្ឌរួមជាវិធានការ និងយន្តការជាកញ្ចប់ពាក់ព័ន្ធនឹងការការពារវីរុសកូវីដ ១៩ និងមេរោគឆ្លងនានា សម្រាប់រយៈពេល ៦ ខែដោយគ្រោងចំណាយថវិកាជាង ៣០ លានដុល្លារអាមេរិក «តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយក៏ដូចជាស្វែងរកអ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាលសំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០ ដែលទើបតែឃើញចែកចាយដល់អ្នកសារព័ត៌មានកាលពីម្សិលមិញ៕