ភ្នំពេញៈ ​យ៉ាងហោចណាស់​មាន​មនុស្ស​ ៧ ​នាក់​ បាន​រងរបួស​ ខណៈ​ផ្ទះ​ពលរដ្ឋ​រួមទាំង​តូប​លក់ដូរ សាលារៀន និង​រោងម៉ាស៊ីន​កិនស្រូវ សរុប​ជិត​ ៤០០ ​ខ្នង​ បាន​រង​ការខូចខាត ដោយសារ​បាតុភូត​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​ ២ ​ខែ​ដើមឆ្នាំ​នេះ​។ នេះ​បើតាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ពី​ម្សិលមិញ តែ​មិនទាន់​រាប់បញ្ចូល​​ករណី​ថ្មីៗ​ចុងក្រោយ​ទេ​។

លោក សៀក វិចិត្រ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ២ ​ខែ ដើម​ឆ្នាំ​នេះ បាតុភូត​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​ ១១ ​លើក​ដោយ​បាន​បង្ក​ឱ្យ​មនុស្ស​ ៧ ​នាក់ រងរបួស និង​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ ក្នុង​ខេត្ត​បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កណ្ដាល និង​ខេត្ត​ព្រះសីហនុ​សរុប​ ៣៨៨ ​ខ្នង ក្នុង​នោះ​ផ្ទះ​ ៩ ​ខ្នង​​រង​ការខូចខាត​ទាំងស្រុង និង​ខូចខាត​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ២ សាលារៀន​ ១ ​ខ្នង​ព្រមទាំង​ទូក​នេសាទ​សមុទ្រ​ចំនួន​ ១ ។

លោក​ថ្លែងថា​៖ «​ជាទូទៅ​បាតុភូត​ខ្យល់​កន្ត្រាក់ ច្រើន​ចាប់ផ្ដើម​កើតមាន​ពី​ខែឧសភា ដល់​ដំណាច់​ខែ​វិច្ឆិកា ប៉ុន្តែ​នៅ​ឆ្នាំនេះ វា​បាន​ប្រែប្រួល​ខុសពី​ធម្មតា ដោយ​បាន​កើតមាន​តាំងពី​ចុងខែ​មករា​មក​។ ​ខេត្ត​ដែល​កើត​ញឹកញាប់​ជាងគេ គឺ​ខេត្ត​បាត់ដំបង​»​។

បើតាម​លោក វិចិត្រ ភាព ​ប្រែប្រួល​នៃ​អាកាសធាតុ​បាន​ជំរុញ​ឱ្យ​មាន​បាតុភូត​នេះ​ខុស​ប្រក្រតី​។

ជាពិសេស​ពេលនេះ ប្រទេស​​កម្ពុជា​ កំពុង​ស្ថិតក្នុង​អន្តរកាល​នៃ​​ការផ្លាស់ប្ដូរ​រដូវ​រំហើយ​មកជា​រដូវប្រាំង ដែល​ធ្វើឱ្យ​តំបន់​មួយ​​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​ដោយ​មាន​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ពី​បាតុភូត​នេះ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ដោយ​ត្រូវ​ដាំ​ដើមឈើ​ធំៗ​​ជុំវិញ​ផ្ទះ ដើម្បី​ជួយ​ទប់​ខ្យល់​​ និង​មិនត្រូវ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ដែលជា​ប្រភព​ចម្លង​អគ្គិសនី​ពេល​មាន​ភ្លៀង​ផ្គរ​នោះទេ ។

ជុំវិញ​បាតុភូត​ខ្យល់​កន្ត្រាក់​នេះ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ដែរ​ថា ផ្ទះ​ពលរដ្ឋ ២៦ ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​នៅ​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្ដាល​បាន​ដួលរលំ និង​ប៉ើង​ដំបូល​ខូចខាត​យ៉ាងដំណំ បន្ទាប់ពី​មាន​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី​ ៣ មីនា ឆ្នាំ​ ២០២១​។

លោក​ថា​៖ «​ភ្លៀងខ្យល់​កាលពី​រសៀល​ថ្ងៃ​ពុធ​នោះ គឺ​ពិតជា​គួរឱ្យ​​ខ្លាច​ណាស់​គឺ​វា​ធ្លាក់​មក​ប្រាវៗ​ហើយ​បក់បោក​ផ្ដួលរំលំ​ផ្ទះ​ពលរដ្ឋ​អស់​ ១០ ​ខ្នង និង​ ១៦ ​ខ្នង​ទៀត​ប៉ើង​របើក​អស់​ដំបូល​»​។

បើតាម​លោក​ ហ៊ុល គណៈបញ្ជាការ​កងឯកភាព​ក្រុង​ប៉ោយប៉ែត​​ជាង​ ២០០ ​នាក់ បាន​ចុះ​អន្តរាគមន៍​​ជួយ​ជួសជុលផ្ទះ​ឡើងវិញ ជូន​គ្រួសារ​ក្រីក្រ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំងនោះ ព្រមទាំង​ចែក​ស្បៀង​សង្គ្រោះ​បឋម​ក្នុង​ ១ ​គ្រួសារ​បាន​អង្ករ​ ២៥ ​គីឡូ ទឹកត្រី​ ៦ ​ដប ទឹកស៊ីអ៊ីវ​ ៦ ​ដប និង​មី​ ១ ​កេស​។

លោក​បាន​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ម៉ោង​ ៣ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ [​ម្សិលមិញ​] ​នេះ​ក្រុម​ការងារ​យើង​បាន​ជួយ​ជួសជុលផ្ទះ​អ្នកភូមិ​ដែល​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​បាន​ចំនួន​ ១៥ ​ខ្នង​ផ្ទះ​ហើយ​។ យ៉ាងយូរ​នៅ​ព្រឹកស្អែក​ [​ថ្ងៃ​សុក្រ​] ​នេះ​យើង​នឹង​បន្ត​ជួយ​ជួសជុល​ជូន​ពួកគាត់​ឱ្យបាន​រួចរាល់​ទាំងអស់​តែម្ដង​»​។

ចំណែក​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៤០ ​ខ្នង​នៅ​ឃុំ​ចំនួន​ ៣ ក្នុងស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង បាន​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ បន្ទាប់ពី​មាន​ភ្លៀង​ ១ ​មេ​ធំ​កើតឡើង​លាយឡំ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ ២ មីនា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​សម្ដី​លោក ឆែ ម៉ាប់ អធិការ​ស្រុក​​រុក្ខគិរី​កាលពី​ម្សិលមិញ​។

លោក​ថ្លែងថា ក្រោយពី​មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង​​នា​រសៀល​ថ្ងៃ​អង្គារ​នោះ សមត្ថកិច្ច​បាន​ចុះ​ស្រង់​ស្ថិតិ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ខូចខាត​ក្នុង​នោះ​នៅ​ឃុំ​ស្តុក​ប្រវឹក សមត្ថកិច្ច​បាន​រកឃើញ​ផ្ទះ​ពលរដ្ឋ​ចំនួន​ ២២ ​ខ្នង ប៉ើង​របើក​ដំបូល ខណៈ​នៅ​ឃុំ​ព្រៃត្រឡាច រកឃើញ​មាន​ ១៣ ​ខ្នង​ផ្ទះ ប៉ើង​របើក​ដំបូល​ និង​នៅ​ឃុំ​មុខរាហ៍ ដួលរលំ​ផ្ទះ​ ៥ ​ខ្នង និង​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ១ ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រងរបួស ឬ​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ​ទេ​៕