តាកែវៈ ខ្លាដំបង ឬខ្លាធំមួយក្បាលអាយុ ២១ ឆ្នាំ នៅក្នុងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានងាប់កាលពីថ្ងៃទី ៨ ខែ សីហា ដោយសារមានវ័យចំណាស់ និងកើតជំងឺមហារីកក្នុងមាត់។
មន្ត្រីនិយាយថា សត្វខ្លាដំបងឈ្មោះ ម៉ាប់ ដែលងាប់នេះ ត្រូវបានរក្សាទុកស្បែក និងគ្រោងឆ្អឹង ដើម្បីធ្វើជារូបសំណាករក្សាទុកនៅឧទ្យានភ្នំតាម៉ៅដដែល។
លោក ញឹក រតនពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា សត្វខ្លាធំដែលងាប់នេះ គឺបន្ទាប់ពីលែងស៊ីចំណីរយៈពេលប្រហែល ៣ ថ្ងៃ ហើយបើតាមគ្រូពេទ្យបានពិនិត្យឃើញថា មាត់របស់វាកើតមានជំងឺមហារីកដោយសារដុះដុំឆ្អឹងមានខ្ទុះចាក់ទៅច្រមុះ និងចាក់មកក្រអូមមាត់ខាងក្រោម។
ទោះយ៉ាងណាលោកបញ្ជាក់ថា បច្ចុប្បន្ននៅភ្នំតាម៉ៅ នៅសល់សត្វខ្លាធំ ឬខ្លាដំបងចំនួន ៣ ក្បាលទៀត ដែលមានអាយុចាប់ពី ២ ទៅដល់ ៧ ឆ្នាំ ហើយតាមធម្មជាតិសត្វខ្លាប្រភេទនេះ អាចរស់នៅត្រឹមអាយុពី ១៦ ទៅ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកថាខ្លាចំណាស់ដែលងាប់កាលពីថ្ងៃទី ៨ សីហា គឺមានអាយុរហូតដល់ ២១ ឆ្នាំ។ លោកថា៖ «ខ្លាហ្នឹង គឺមានអាយុវែង ... អាហ្នឹងដោយយើងមានការមើលថែដិតដល់ ហើយ (ងាប់) ហ្នឹង ដោយសារវាចាស់ហើយនឹងមានមហារីក ព្រោះសត្វខ្លាហ្នឹងឱ្យតែមានវ័យចំណាស់ភាគច្រើនតែងកើតមានមហារីក មិនដឹងយ៉ាងម៉េចដែរ»។
លោកបន្តថា៖ «ឥឡូវយើងកំពុងធ្វើសំណាកវា ដោយយកឆ្អឹង និងស្បែកវា ដើម្បីទុកធ្វើជាអនុស្សាវរីយ៍ និងរក្សាទុកនៅក្នុងសារមន្ទីរព្រៃឈើក្នុងភ្នំហ្នឹង»។
បើតាមលោក រតនពេជ្រ សត្វខ្លាងាប់នេះត្រូវសង្គ្រោះបាននៅក្នុងបទល្មើសសត្វព្រៃមួយ នៅខេត្តក្រចេះ និងបានយកមកឱ្យរស់នៅនិងមើលថែ លើភ្នំតាម៉ៅតាំងពីឆ្នាំ ១៩៩៨។
ភ្នំតាម៉ៅ គឺមានផ្ទៃដីសរុបចំនួន ២ ២៨៥ ហិកតា ដែលគ្របដណ្ដប់ដោយព្រៃឈើមានដើមឈើជាច្រើនប្រភេទ។ ភ្នំនេះ កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការថែរក្សា និងអភិរក្សជីវចម្រុះសត្វព្រៃប្រហែល ១២០ ប្រភេទ ឬស្មើជាង ១ ពាន់ ៥ រយក្បាល ដែលក្នុងនោះមានទាំងសត្វស្លាប ថនិកសត្វ និងសត្វល្មូន ដែលកំពុងជិតរងការផុតពូជ និងងាយរងគ្រោះ។
សត្វខ្លាធំ ឬខ្លាដំបង គឺជាសត្វប្រឈមនឹងការផុតពូជមួយនៅកម្ពុជា ហើយនៅឆ្នាំ ២០២២ ខាងមុខ កម្ពុជាគ្រោងនាំយកសត្វខ្លាប្រភេទនេះចំនួន ៦ ក្បាលពីប្រទេស ឥណ្ឌា មកលែងចូលទៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរីដើម្បីជួយស្ដារពូជសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
គម្រោងនេះបានកើតឡើង បន្ទាប់ពីមានសត្វខ្លាធំពី ១០ ទៅ ១៥ ក្បាល ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយស្ថិតក្នុងព្រៃមួយរបស់ខេត្តមណ្ឌលគិរី កាលពីឆ្នាំ ២០០៧ ប៉ុន្តែចាប់តាំងពីពេលនោះមក គេពុំបានប្រទះឃើញមានសត្វខ្លាធំស្ថិតក្នុងព្រៃរបស់ប្រទេស កម្ពុជា ទៀតឡើយ។
លោក ញឹក រតនពេជ្រ មិនអាចចាំអំពីចំនួនតួលេខសត្វខ្លាធំ ដែលងាប់ដោយសារមានវ័យចាស់នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានទេ ដោយលោកគ្រាន់តែបញ្ជាក់ថា កន្លងមកក៏មានងាប់ដូចគ្នានេះដែរ៕