ក្រចេះ : កុមារាវ័យ ៧ ឆ្នាំម្នាក់ ក្នុងចំណោម ២ នាក់ ត្រូវបានខ្លាត្រីខាំ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលពួកគេ កំពុងត្រឡប់មកពីឃ្វាលគោ នៅឯព្រៃខាងក្រោយភូមិ កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន។
លោក ហ៊ន ពន្លក នាយប៉ុស្តិ៍នគរបាល ឃុំបឹងចារ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា កុមារារងគ្រោះដោយសារខ្លាត្រីខាំ មានឈ្មោះរស់ សុខុន ជាកូនទី៥ ក្នុងចំណោមបងប្អូន ៧ នាក់ នៃគ្រួសារកសិករក្រីក្រមួយ នៅភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ។ លោកបានបន្តថា តាមការបញ្ជាក់ពីកុមារា ឈ្មោះតឿ ដែលដើរត្រឡប់ពីឃ្វាលគោ ជាមួយនឹងសុខុន [កុមាររងគ្រោះ] គឺស្រដៀងគ្នា នឹងការរៀបរាប់របស់សុខុន ក្រោយពីពួកគេ បាននាំគ្នាដេញគោឲ្យត្រឡប់មកផ្ទះវិញរួចពួកគេបានទៅចុះងូត ទឹកអូរ នៅក្បែរព្រៃខាងក្រោយភូមិ។ ក្រោយពីងូតទឹករួច ពួកគេក៏ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែសត្វខ្លាមានទំហំប៉ុនឆ្កែ មានមុខនិងពុកមាត់ដូចសត្វឆ្មាហើយមានខ្លួនក្រឡេក្រឡាអុចៗ ពណ៌ស និង ស្លាទុំ បានលោតចេញពីព្រៃ ហើយខាំជើងរបស់កុមារងគ្រោះ។ លោកបានថ្លែងថា៖«យើងសន្និដ្ឋានថា សត្វនោះជាខ្លាត្រី ព្រោះរបួសនៅលើជើងទាំងសងខាង និងនៅដៃខាងឆ្វេងរបស់ សុខុន គឺមានស្នាមចង្កូមខាំដាច់សាច់ទាំងដុំៗតែម្ដង»។ លោកបានបន្ថែមថា៖«បច្ចុប្បន្ន កុមាររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ»។
ម្ដាយកុមា ររងគ្រោះ អ្នកស្រីទួន សារ៉ុន អាយុ ៤២ ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នៅពេលដែលឃើញកុមារា តឿ រត់មកប្រាប់ថា កូនរបស់គាត់ត្រូវខ្លាខាំ គាត់ភ័យស្លុតខ្លាំងណាស់ ហើយគិតថា កូនរបស់គាត់ ត្រូវខ្លាស៊ីបាត់ទៅហើយ។ ប៉ុន្តែសំណាងល្អ ពេលគាត់និងប្ដីព្រមទាំងអ្នកភូមិបាននាំគ្នា ទៅដល់ សត្វចង្រៃនោះ វាគេចខ្លួនបាត់ ហើយឃើញកូនគាត់ស្រែកយំទធាក់ជើងននៀលដី និងពោរពេញដោយឈាមហូរកក្លាក់។ អ្នកស្រីបានបន្តថា៖«ខ្ញុំត្រេកអរណាស់ ពេលដែលឃើញកូនខ្ញុំនៅមានជីវិត...ឥឡូវនេះវានៅមានអាការភ័យខ្លាច នៅឡើយ ដោយវាចេះតែស្រែកយំមមើមមាយ នៅពេលយប់ថា វាឃើញខ្លាមកខាំវាទៀត»។
លោក ញឹក វិបុល អធិការរង ស្រុកសម្បូណ៌ ខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពក្មេងៗ ដែលជាកូនចៅរបស់ពួកគេ ដោយលោកបានឲ្យដឹងថា តំបន់នោះ ជាតំបន់ព្រៃដាច់ស្រយាល ដែលអាចសម្បូរទៅដោយសត្វសាហាវ ដូចជា ខ្លា ដំរីព្រៃពស់និង សត្វព្រៃមួយចំនួនទៀតរស់នៅ។ លោកបានថ្លែងបន្តថា៖«ពួកគេមិនគួរបណ្ដោយឲ្យកូនអាយុ ៧ ឆ្នាំទៅឃ្វាលគោ នៅក្នុងព្រៃបែបនេះទេ ពីព្រោះព្រៃនៅតំបន់នោះ មានសត្វសាហាវច្រើនណាស់»៕