ភ្នំពេញៈ ខ្សែ​វីដេអូ​គំនូរជីវចល​មួយ​ដែលមាន​ចំណងជើង​ថា «​គ្រួសារ​រីករាយ​» ដែល​ផ្តោតលើ​ការផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ផ្តល់​សកម្មភាព​ផ្សេងៗ​ពី​ហានិភ័យ នៃ​ការប្រាស្រ័យ​ទាក់ទង​ស្តីពី​ជំងឺ​កូវីដ ​១៩​ នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ជ្រើសរើស ឬ​ឈ្នះ​សម្រាប់​ការប្រកួតប្រជែង​ជយលាភី​ចំនួន​ ២ ​ពី​ពានរង្វាន់​បែប​ច្នៃប្រឌិត​នៅ​តំបន់​អាស៊ី​ឆ្នាំ​ ២០២០ កាលពី​សប្តាហ៍​មុន​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ USAID អង្គការ Save the Children ​អង្គការ UNICEF និង Breakthrough-ACTION កាលពី​ថ្ងៃទី​ ២៦ តុលា ឱ្យដឹង​ថា​ «​គ្រួសារ​រីករាយ​» ដែលជា​វីដេអូ​គំនូរ​ជីវចល​ភាគ​សម្រាប់​កុមារ​បាន​ឈ្នះ​ការប្រកួតប្រជែង​កម្រិត​ថ្នាក់​ប្រទេស​សម្រាប់​ពានរង្វាន់​បែប​ច្នៃប្រឌិត​នៅ​តំបន់​អាស៊ី​ឆ្នាំ​ ២០២០ គឺជា​ពានរង្វាន់​ដែល​ល្អ​បំផុត​សម្រាប់​កម្មវិធី​មត្តេយ្យ​សិក្សា និង​ពានរង្វាន់​ដែល​ល្អ​បំផុត​សម្រាប់​កម្មវិធី​គំនូរជីវចល​។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ខាងលើ​ក៏​បាន​លើកយក​សារ​របស់​អគ្គនាយិកា​ពានរង្វាន់​បែប​ច្នៃប្រឌិត​នៅ​តំបន់​អាស៊ី លោកស្រី Fiona McKay ​ដែល​បាន​សាទរ​ចំពោះ​ការឈ្នះ​ការប្រកួត​ជុំ​ថ្នាក់ជាតិ​នេះ​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​តាង​នាម​ឱ្យ​ពានរង្វាន់​បែប​ច្នៃប្រឌិត​នៅ​តំបន់​អាស៊ី ខ្ញុំ​សូម​អបអរសាទរ ដែល​អ្នក​បានឈ្នះ​ការ​ប្រកួតប្រជែង​ជុំ​ថ្នាក់ជាតិ​។ មានន័យថា គណៈកម្មាធិការ​បាន​វាយតម្លៃ​ថា វីដេអូ​របស់​អ្នក​គឺ​ល្អ​បំផុត​នៅក្នុង​ប្រទេស​របស់​អ្នក​»​។

ខ្សែ​វីដេអូ​ភាគ​នេះ​ត្រូវ​បាន​ផលិតឡើង​ដើម្បី​ចែករំលែក​ពីសារ​ដែល​ទាក់ទង​នឹង​ការការពារ​ពី​ជំងឺ​កូវីដ​ ១៩​ ជាមួយ​កុមារ និង​អាណាព្យាបាល​។ ខ្សែ​វីដេអូ​នេះ ផ្តល់​ជំនាញ​ពេញ​ ១ ​ជីវិត​ដល់​កុមារ និង​អ្នក​ថែទាំ​អំពី​វិធី​ការពារ​ខ្លួន​ពី​វីរុស​កូវីដ​១៩​ក៏ដូចជា​វិធី​ទប់ទល់​ជាមួយ​រោគរាតត្បាត និង​បញ្ឈប់​ការរាតត្បាត​របស់​វា​។ អ្នកចូលរួម​ជាច្រើន​មកពី​ប្រទេស​ផ្សេងគ្នា​ក្នុង​តំបន់​អាស៊ី​បាន​ចូលរួម​ក្នុង​ការប្រកួតប្រជែង​ពានរង្វាន់​នេះ និង​គណៈកម្មាធិការ​សរុប​ច្រើនជាង​ ៣០០ ​នាក់​បាន​ពិនិត្យ និង​ឱ្យ​ពិន្ទុ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ខ្សែ​វីដេអូ​ភាគ​ដែលមាន​លក្ខណៈ​សប្បាយ​ក្នុងន័យ​អប់រំ​នេះ ផលិតឡើង​សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី​ ៥ ​ដល់​ ១០ ​ឆ្នាំ​ហើយ​មានគ្រួសារ​ទន្សាយ​ជា​តួអង្គ​។ ដំណើរ និង​សារ មានដូចជា​ការលាង​ដៃ ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ស្វ័យ​សិក្សា​នៅផ្ទះ សុខុមាលភាព​ផ្លូវចិត្ត និង​ផ្លូវកាយ និង​ការរើសអើង​។ វគ្គ​នីមួយៗ​មាន លក្ខណៈ​ប្លែកៗ​ពីគ្នា និង​ទាក់ទាញ​សម្រាប់​ឪពុកម្តាយ និង​អ្នក​ថែទាំ​កុមារ​ផ្សេងទៀត​ដែល​នឹង​រៀន​ជាមួយ​កូនៗ​ផងដែរ​ពី​វិធី​អនុវត្ត​វិធានការ​ការពារ​ពី​ជំងឺ​កូវីដ​១៩​។

លោកស្រី សាយ សុខភាព ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ Save the Children ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២៦ តុលា ថា អង្គការ Save the Children មាន​សេចក្តីរំភើប​ជាខ្លាំង​ដែល​វីដេអូ​នេះ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​ថ្នាក់ជាតិ​នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ពានរង្វាន់​បែប​ច្នៃប្រឌិត​អាស៊ី​ចំនួន​ ២ សម្រាប់​កម្មវិធី​មត្តេយ្យសិក្សា​ល្អ​បំផុត និង​កម្មវិធី​ជីវចល​ល្អ​បំផុត​។ វីដេអូ​នេះ​ត្រូវ​បាន​ពិនិត្យ និង​ដាក់ពិន្ទុ​ដោយ​ចៅក្រម​ជាង​ ៣០០ ​នាក់​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្សែ​វីដេអូ ភាគ​ដែលមាន​លក្ខណៈ​សប្បាយ​ក្នុងន័យ​អប់រំ​នេះ ផលិតឡើង​សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី​ ៥ ​ដល់​ ១០ ​ឆ្នាំ​។ វីដេអូ​នេះ​បង្រៀន​ក្មេងៗ​អំពី​ការលាងដៃ​ការរក្សា​គម្លាត​សង្គម ការរៀនសូត្រ​ពី​ផ្ទះ សុខុមាលភាព​ផ្លូវចិត្ត និង​រាងកាយ និង​ការមាក់ងាយ​ និង​ការរើសអើង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩»​។

លោកស្រី​ សុខភាព ថ្លែង​ថា វគ្គ​នីមួយៗ​មាន​លក្ខណៈ​ប្លែក និង​ធ្វើឡើង​ដើម្បី​អំពាវនាវ​ដល់​ឪពុកម្តាយ និង​អ្នក​មើលថែ​ក្មេងៗ​ដទៃ​ទៀត​រៀន​ពី​វិធី​អនុវត្ត​បច្ចេកទេស​បង្ការ​ពី​កូវីដ​១៩​។ វីដេអូ​នេះ​នឹង​បង្កើន​ឱកាស​ឱ្យ​កុមារ​អាច​រៀន​ និង​អនុវត្តតាម​បាន​។

លោកស្រី​បន្ថែមថា​៖ «​លទ្ធផល​ចុងក្រោយ​គឺ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២០ ​ខាងមុខនេះ ហើយ​យើង​សង្ឃឹមថា យើង​អាច​ឈ្នះ​ពានរង្វាន់​នេះ​»​។

បើតាម​លោកស្រី អេលីហ្សាប៊ែត ភៀស នាយិកា​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា គឺ​អង្គការ​របស់លោក​ស្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ក្រសួង អប់រំ យុវជន និង​កីឡា និង​អង្គការ យូនីសេហ្វ ចំពោះ​ការគាំទ្រ និង​សហការ​ក្នុងការ​ទទួលបាន​លទ្ធផល​ដ៏អស្ចារ្យ​នេះ​ជាមួយគ្នា​។

លោកស្រី​ថ្លែងថា​៖ «​យើង​សូម​ថ្លែងអំណរគុណ​ដល់​ប្អូន​កុមារ និង​យុវជន ដែល​បាន​ចូលរួម​ក្នុងការ​ផ្តល់ព័ត៌មាន​ត្រឡប់​មុន​នឹង​បញ្ចប់​វីដេអូ​ទាំងនេះ​»​។

អ្នកឈ្នះ​ចុងក្រោយ​ក្នុង​ប្រភេទ​វីដេអូ​នីមួយៗ​នឹង​ទទួល​បាន​ពានរង្វាន់​កិត្តិយស​ជា​មាស​ដែល​មាន​ឈ្មោះថា «Goddess of Creativity» ​ដែល​ជា​រូបចម្លាក់​រចនា និង​ផលិត​ដោយ​ក្រុមហ៊ុន​ដែល​ទទួល​ខុសត្រូវ​ដូចជា Emmy និង Golden Globes​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​ខាងលើ​។

គួរបញ្ជាក់​ផងដែរ​ថា ខ្សែវីដេអូ​ជីវចល​ភាគ​ «​គ្រួសារ​រីករាយ​» ​នេះ​បាន​ធ្វើការ​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​មួយចំនួន និង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ Save the Children និង​អង្គការ UNICEF កាលពី ខែឧសភា រហូតដល់​ចុងខែ​តុលា ឆ្នាំ​ ២០២០ ​នេះ​៕