ភ្នំពេញៈ នៅចំណតរថយន្តក្រុងខ្សែទីពីរនិង ទី៣ ថ្មីនៅផ្សាររាត្រី ក្នុងរាជធានីភ្នំពេញ រថយន្តពីរគ្រឿងបានចាប់ផ្តើមចេញដំណើរលើផ្លូវរថថ្មីរបស់ខ្លួន ហើយដែលនៅនឹងចំណតរថយន្តក្រុងនេះគឺមានលក្ខណៈធម្មតា ប៉ុន្តែគ្រាន់តែមានពេលខ្លះ រថយន្តធ្វើដំណើរទៅតាមទិសដៅរបស់ខ្លួនដោយគ្មានអ្នកដំណើរជិះឡើយ។
អ្នកបើកបររថយន្តក្រុងខ្សែ ទី២ លោក ក្រី សឺជា បានឲ្យដឹងថា មានពេលខ្លះលោកបើករថយន្តក្រុងចេញពីផ្សាររាត្រីទៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយគ្មានអ្នកដំណើរជិះនិងត្រឡប់មកវិញដោយមានអ្នកដំណើរតែ ៦-៧ នាក់ប៉ុណ្ណោះ។
លោកបន្តថា៖ «នេះដោយសារតែមានចំនួនរថយន្តក្រុងច្រើនពេក»។
ពិតណាស់មួយខែបន្ទាប់ពីការបើកខ្សែរថយន្តក្រុង ទី២ ថ្មីនេះ គឺមានអ្នកដំណើរទៅមកតែពីរទៅបីនាក់។ នេះបើតាមអ្នកបើកបររថយន្តក្រុងនិងអ្នកដំណើរអះអាង បើទោះបីជាខ្សែរថយន្តក្រុង ទី៣ ដែលរត់ពីផ្សាររាត្រីទៅម្តុំ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានប្រជាប្រិយភាពជាងក៏ដោយ។
នៅពេលលោក សឺជា ចាប់ផ្តើមធ្វើការនៅខ្សែ ទី៣ ដំបូងគាត់បានសង្កេតឃើញមានអតិថិជនមានចំនួនច្រើនជាង ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានរថយន្តក្រុងមានអ្នកដំណើរពេញ ឬជាងពាក់កណ្តាលជិះនៅឡើយ»។
ប៉ុន្តែទោះយ៉ាងណាក្តី អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងថា លោកមានមោទនភាពណាស់ចំពោះដំណើរការនៃខ្សែរថយន្តក្រុងថ្មីទាំងពីរខ្សែនេះ។
លោកអះអាងថា៖ «សូមកុំស្តាប់អ្នកបើករថយន្តសូមអ្នកស្តាប់ខ្ញុំវិញ»។
បើតាមមន្ត្រីសាលារាជធានីភ្នំពេញ ខ្សែរថយន្តក្រុង ទី១ ដែលរត់តាមបណ្តោយមហាវិថីព្រះមុនីវង្ស បច្ចុប្បន្នមានអ្នកដំណើរប្រចាំថ្ងៃ ១ ១៧១ នាក់ហើយខ្សែ ទី២ មានអ្នកដំណើរចំនួន ៩៣៨ នាក់ចំណែកខ្សែ ទី៣ មានអ្នកដំណើរចំនួន ១ ៦២៥ នាក់។
ទោះជាយ៉ាងដូច្នេះក្តី ក៏នៅមានអ្នកខ្លះមានសុទិដ្ឋិនិយមដែរថា ចំនួននេះនឹងបន្តកើនឡើងខណៈប្រជាជនកាន់តែច្រើនឡើងៗ ចាប់ផ្តើមយល់ដឹងអំពីខ្សែរថយន្តក្រុងនេះ។
បើទោះជាមានអ្នកធ្វើដំណើរតែ ១០ នាក់ជិះនៅលើរថយន្តក្រុងរបស់លោកក្តី លោក នាង សុភា អាយុ ៣០ឆ្នាំ ដែលជាអ្នកបើករថយន្តក្រុងខ្សែ ទី២ បាននិយាយដែរថា៖ «ចំនួននេះនឹងកើនឡើងនាពេលខាងមុខ» ខណៈអ្នកលក់សំបុត្ររថយន្តក្រុងមួយរូបគឺអ្នកនាង សូត សុភាព អាយុ ២១ឆ្នាំ បានកត់សម្គាល់ថា ចរាចរណ៍រថយន្តក្រុងមានអ្នកដំណើរច្រើននៅពេលល្ងាច។
ទោះយ៉ាងណាក្តី អ្នកខ្លះមានក្តីបារម្ភខ្លាចថា គម្រោងរថយន្តក្រុងនេះនឹងលែងដំណើរការវិញ ដូចជា គម្រោងសាកល្បងកាល ឆ្នាំ២០០១ ប៉ុន្តែ លោក ឡុង ឌីម៉ង់ បានថ្លែងបញ្ជាក់កន្លងមកហើយថា រថយន្តក្រុងចំនួន ១៨ ខែ្សនឹងត្រូវបង្កើតឡើងនៅត្រឹម ឆ្នាំ២០៣៥។
លោក អិត សាមុន អាយុ ៣០ឆ្នាំ ដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុងជារៀងរាល់ថ្ងៃម្នាក់ បានថ្លែងថា គាត់ចូលចិត្តជិះរថយន្តក្រុង ពីព្រោះវាមានតម្លៃសមរម្យ ប៉ុន្តែលោកបារម្ភថា មិនដឹងជាយ៉ាងម៉េចទេ នៅពេលខាងមុខទៀត។
លោកបាននិយាយថា៖ «ខ្ញុំបារម្ភថា សាលាក្រុងមិនអាចមានសមត្ថភាពផ្តល់សេវានេះ ខណៈខ្ញុំស៊ាំនឹងការប្រើប្រាស់រថយន្តក្រុង»៕