ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (​គ.ជ.គ.ម.) ​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) ​ពី​ម្សិលមិញ​បាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​ និង​តាមដាន​សភាពការណ៍​ (PRISM) ​ដើម្បី​គ្រប់គ្រង​វិបត្ដិ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ក្នុង​ប្រទេស​កម្ពុជា​។

ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​តាមដាន​សភាពការណ៍ Platform for Real-time Impact and Situation Monitoring (PRISM) ពី​ម្សិលមិញ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ គន់ គីម ទេសរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​ទី​ ១ គ.ជ.គ.ម. និង​លោកស្រី Francesca Erdelmann នាយិកា WFP ប្រចាំ​កម្ពុជា​រួម​នឹង​ក្រុមការងារ​មកពី​ស្ថាប័ន​ទាំង​ ២ ​ប្រមាណ​ ១៨០ ​នាក់​ទៀត​។

លោក​ គន់ គីម ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ PRISM ថា​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​តាមដាន​សភាពការណ៍​ហៅ​កាត់​ថា ព្រីស៊ឹម​ (PRISM) ​នេះ​គឺ​ផ្ដើម​ចេញពី​កិច្ចព្រមព្រៀង​រវាង គ.ជ.គ.ម. និង WFP ស្ដីពី​ការអនុវត្ដ​សកម្មភាព​រួមគ្នា​ដើម្បី​គ្រប់គ្រង​វិបត្ដិ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​នេះ​បង្កើត​ក្របខ័ណ្ឌ​ការងារ​កិច្ចសហប្រតិបត្ដិការ​ក្នុង​ការត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ឆ្លើយតប​ទៅនឹង​ហានិភ័យ​គ្រោះមហន្តរាយ​ដែល​កើតមានឡើង ដោយ​បាន​អភិវឌ្ឍ​សមត្ថភាព​មន្ដ្រី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​»​។

លោក​ គន់ គីម មាន​ប្រសាសន៍​ថា​៖ «​តាមរយៈ​ការប្ដេជ្ញា​ចិត្ដ​របស់​យើង​ទាំងអស់​គ្នា​គឺ​យើង​បាន​ធ្វើការ​បណ្ដុះបណ្ដាល​ជូន​មន្ដ្រី គ.ជ.គ.ម ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដោយ​ឱ្យ​ទទួល​បាន​នូវ​បទពិសោធ​ពី​ការអនុវត្ដ​ផ្ទាល់​ក្នុង​ការប្រើប្រាស់​ឧបករណ៍ ថេប្ល៊ិត ក្នុង​ការ​បញ្ចូល​ទិន្នន័យ​ការប៉ះពាល់ ការខូចខាត ការបាត់បង់​ដោយ​គ្រោះមហន្តរាយ​»​។

លោក​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​ប្រធាន WFP ប្រចាំ​កម្ពុជា​ដែល​បាន​ខិតខំ​ជួយ​ឱ្យ​ដំណើរការ​សហការ​រវាង គ.ជ.គ.ម. និង WFP សម្រេច​បាន​លទ្ធផល​រហូត​ឈានដល់​ការប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​នេះ​។

លោក​ថា WFP ជា​ភ្នាក់ងារ​មនុស្សធម៌​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភាពអត់ឃ្លាន​លើ​ពិភពលោក និង​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ ១៩៧៩ ក្នុង​ការលើកកម្ពស់​សន្ដិសុខ​ស្បៀង​ដល់​សហគមន៍​ងាយ​រងគ្រោះ​។

លោក​ គន់ គីម និង​លោកស្រី​ប្រធាន WFP ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើ​ Prism ពី​ម្សិល​។ហុង មិនា

លោកស្រី Francesca Erdelmann បាន​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា WFP និង គ.ជ.គ.ម. បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​ ២០០៤ ដោយ​បាន​កសាង​ និង​បំពេញ​សមត្ថភាព​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ផ្ដល់​ការគាំទ្រ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​នៅពេល​ដែល​ប្រឈម​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​។

លោកស្រី​ថ្លែងថា​៖ «PRISM ជា​វេទិកា​ដែល​បង្ហាញ​អំពី​ព័ត៌មាន​ប៉ះពាល់​ជាក់ស្តែង និង ជា​វេទិកា​បង្ហាញពី​ព្រឹត្តិការណ៍​កន្លង​ទៅ​ដែល​អាច​ឱ្យ​អ្នកប្រើប្រាស់ វិភាគ និង​វាយតម្លៃ​ពី​ហានិភ័យ និង​ផលប៉ះពាល់​នៃ​គ្រោះធម្មជាតិ និង​ឧបទ្ទវហេតុ​ផ្សេងៗ​ទៅលើ​សហគមន៍​ដែល​ងាយ​រងគ្រោះ​»​។

លោកស្រី​បន្ថែម​ថា PRISM គឺជា​ការរួមបញ្ចូល​ព័ត៌មាន​ពី​ផ្កាយរណប និង​ប្រភពព័ត៌មាន​ពី​ចម្ងាយ​ព័ត៌មាន​ប៉ាន់ប្រមាណ​ពី​ទីវាល និង​ប្រព័ន្ធ​ផ្តល់​ដំណឹង​ជាមុន​ជាមួយ​ទិន្នន័យ​អំពី​ភាពងាយ​រងគ្រោះ​ខាង​សេដ្ឋកិច្ច​សង្គម ដើម្បី​បង្កើត​បាន​ជា​ព័ត៌មាន​ដែល​អាច​ផ្តល់​ជា​ជំនួយ​សម្រាប់​កំណត់​ចំនួន​អ្នក​ដែល​ត្រូវការ​ជំនួយ​ពិតប្រាកដ​។

លោក​ គន់ គីម បាន​ឱ្យដឹង​ផងដែរ​ថា តាម​ការព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រដូវវស្សា​ឆ្នាំនេះ​នឹង​ចូល​មក​លឿន​ជាង​ឆ្នាំ​ ២០១៩​។ ក្នុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ​ ២០២០ ​នេះ​ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បាន​ល្អ​នៅលើ​ផ្ទៃប្រទេស បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​នោះ​នឹង​អាច​បណ្ដាល​ឱ្យ​ខេត្ដ​មួយចំនួន​មាន​ភូមិសាស្ដ្រ​នៅ​ទី​ទំនាប ក្បែរ ជួរ​ភ្នំ ខ្ពង់រាប និង​តំបន់​ជាប់​នឹង​ផ្លូវទឹក​ត្រូវ​ប្រឈម​ខ្ពស់​ទៅ​នឹង​ជំនន់​ទឹកភ្លៀង​៕