ភ្នំពេញៈ លោកស្រី​ ជូ ប៊ុនអេង អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គជបជ​) ​បាន​សម្តែង​ការព្រួយបារម្ភ​ពី​​រលក​ថ្មី​នៃ​អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ក្នុង​អំឡុងពេល និង​ក្រោយពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ខណៈ​ដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​តាម​ចាប់​មេខ្យល់​ដែល​នាំ​ពលរដ្ឋ​ខ្មែរ លួច​ឆ្លងដែន​ទៅ​ថៃ​មក​ផ្តន្ទាទោស​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២០ ​របស់ គជបជ កាលពី​ថ្ងៃ​ពុធ​ថា សូម​ឲ្យ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ខិតខំ​ប្រមូល​កម្លាំង ដើម្បី​ជួយ​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​ការលួច​ឆ្លងកាត់​ព្រំដែន​ត្រឡប់​ទៅ​ថៃ​វិញ​។ លោក​ថា បើទោះជា​ព្រំដែន​កម្ពុជា ថៃ ត្រូវ​បាន​បិទ ប៉ុន្តែ​នៅតាម​ច្រករបៀង​តែង​មាន​មេខ្លោង​ដែល​លោក​ចាត់ទុក​ថា ពួកគេ​គឺជា​អ្នកជួញដូរ​មនុស្ស ហើយ​ត្រូវ​ចាប់ខ្លួន​ឲ្យ​បាន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ដោយ​មិនត្រូវ​បណ្តែតបណ្តាយ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​សូម​ឲ្យ​យកចិត្ត​ទុកដាក់​ទាក់ទង​នឹង​បញ្ហា​នេះ ព្រោះ​ទៅ​ដល់​ហ្នុង (​ប្រទេស​ថៃ​) វា​ខុសច្បាប់​។ ដូច្នេះ អ្នក​ឆ្លងដែន​ក៏​ខុសច្បាប់ អ្នក​នាំទៅ​ក៏​រឹតតែ​ខុសច្បាប់ ហើយ​ឃុបឃិត​ក្រុមហ៊ុន​ឯកជន​នៅ​ថៃ​។ អ៊ីចឹង​ខ្ញុំ​សូម​ស្នើ​ទៅ​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​ទាំងអស់ ជាពិសេស​រដ្ឋបាល​ដែនដី​កម្លាំង​កងយោធពល​ខេមរភូមិន្ទ កងកម្លាំង​នគរបាល​ជាតិ និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេង​ទៀត​សូម​រួម​សហការ​គ្នា​ទប់ស្កាត់​ប្រជាពលរដ្ឋ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ និង​ចាប់​មេខ្យល់​យកមក​ផ្តន្ទាទោស​»​។

លោកស្រី ជូ ប៊ុនអេង ក៏បាន​ថ្លែង​នាឱកាស​នោះដែរ​ថា ក្នុង​អំឡុងពេល​ប្រទេស​ថៃ​ត្រូវ​បាន​ពន្យារ​ការបិទ​ប្រទេស​បណ្តោះអាសន្ន​រហូត​ដល់​ចុងខែ​មិថុនា ដោយសារ​ជំងឺ​កូវីដ​១៩​មេខ្យល់ និង​បណ្តាញ​ឃុបឃិត​មួយចំនួន​បាន​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​។

លោកស្រី​បញ្ជាក់ថា​៖ «​មេខ្យល់ និង​បណ្តាញ​ឃុបឃិត​បាន​នាំ​ពលករ​ឆ្លងដែន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ជា​ហូរហែ និង​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់បញ្ជូន​ត្រឡប់មកវិញ​ជា​បន្តបន្ទាប់​ធ្វើឲ្យ​ពលករ​ជាច្រើន​ត្រូវ​ខាតបង់​លុយកាក់ ដែល​ត្រូវ​ឲ្យ​មេខ្យល់ និង​អ្នក​ឃុបឃិត​ក្នុង​ម្នាក់ៗ​រាប់ពាន់​បាត​»​។

លោកស្រី​បន្តថា​៖ «​ក្រៅពី​ខាតបង់​ពេលវេលា​ក្នុង​ការគេចវេះ​ពី​សមត្ថកិច្ច​ដោយ​ទៅ​មិន​ដល់​គោលដៅ ព្រោះ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ចាប់​បញ្ជូន​ត្រឡប់​មកវិញហើយ​ជន​ទាំងនោះ​ក៏​ត្រូវ​បានដាក់​ឲ្យ​នៅក្នុង​ប្រព័ន្ធ​ចត្ដាឡីស័ក ១៤ ថ្ងៃ ​ដែលមាន​ខ្លះ​ទទួលរង​គ្រោះថ្នាក់​នៅ​តាម​ផ្លូវ​ដែល​គេចវេះ​នោះ​ថែមទៀត​»​។

ក្នុងនាម​តំណាង​ឲ្យ​អគ្គលេខាធិការ គជបជ លោកស្រី ជូ ប៊ុនអេង បាន​អំពាវនាវ​ដល់​ក្រុមការងារ​ទាំងអស់ ជាពិសេស​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គប្បី​បង្កើន​ការយក​ចិត្តទុកដាក់ និង​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ការលួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដែល​លោកស្រី​បារម្ភ​ថា នេះ​ជា​រលក​ថ្មី​នៃ​អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន​។

លោកស្រី​បញ្ជាក់ប្រាប់​ភ្នំពេញប៉ុស្តិ៍​បន្ថែមថា​៖ «​នៅ​អំឡុង​ពេល​ដែល​ពលរដ្ឋ​កំពុងតែ​ខ្វាយខ្វល់​នឹង​បញ្ហា​ជីវភាព​របស់គាត់ នៅពេល​នោះ​នឹង​មាន​ការញុះញង់ ឬ​ក៏​ការអូសទាញ​ពួកគាត់​ (​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​) ​ដោយសារ​មេខ្យល់​គាត់​ត្រូវការ​លុយ​សម្រាប់​ជា​ផលប្រយោជន៍​របស់គាត់​។ ដូច្នេះ​មេខ្យល់​នឹង​រក​គ្រប់​មធ្យោបាយ​ហើយ​ពលរដ្ឋ​នឹងមាន​ការថ្លឹងថ្លែង​ថា ទៅណា​ចំណេញ ព្រោះ​មេខ្យល់​គាត់​ពូកែ​។ អ៊ីចឹង យើង​បារម្ភ ក្រែង​គាត់​គិតថា ការឆ្លង​ដែន​ខុសច្បាប់​នេះ គឺជា​រឿង​ដែល​គាត់​ត្រូវ​ទៅ​»​។

តាម​របាយការណ៍ គជបជ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ក្នុង​ឆ្នាំ ២០១៩ ​មាន​ចំនួន​ ១៦៩ លើក ដែលមាន​ការកើនឡើង​ ៣៥ ករណី ​ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២២៩ ​នាក់​ ដែល​មាន​ជនសង្ស័យ​ជា​អនីតិជន​ចំនួន​ ១១ ​នាក់ និង​ជនបរទេស​ចំនួន​ ៤០ ​នាក់​ មាន​ ៧ ​សញ្ជាតិ​។ របាយការណ៍​ដដែល​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ក្នុង​ឆ្នាំ​ ២០១៩ ​ថា​មាន​ភាពល្អប្រសើរ​ជាង​មុន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០១៨​។

ប៉ុន្តែ​របាយការណ៍​ដដែល​នេះ​លើកឡើង​ថា ស្របពេល​មាន​វិបត្តិ​សេដ្ឋកិច្ច និង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​បាន​ធ្វើឲ្យ​មាន​បម្រែបម្រួល​ថ្មី​នៃ​របត់​ទេសន្តប្រវេសន៍​នៅក្នុង​អំឡុង​ពេល​ដែល​រោងចក្រ សហគ្រាស​នៅតាម​បណ្តា​ប្រទេស​ផ្អាក​ដំណើរការ​ដែល​ចាំបាច់​ត្រូវ​តាមដាន និង​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ ដើម្បី​បង្ការ​នូវ​ហានិភ័យ​ទាំងឡាយ​ដែល​កើតមាន​ក្នុង​ការប្រព្រឹត្ត​បទល្មើស​នៃ​ការជួញដូរ​មនុស្ស​៕