ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហៅ​កាត់​ថា គ.ជ.ប.ជ បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្លើយតប​នឹង​ការវាយតម្លៃ​របស់​សហរដ្ឋ​អាមេរិក បន្ទាប់ពី​អាមេរិក​ដាក់​កម្ពុជា​ក្នុង​លំដាប់​ទី​ ២ នៃ​បញ្ហា​ជួញដូរ​មនុស្ស​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​កន្លងមក​បាន​អនុវត្ត​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី គណៈកម្មាធិការ​នេះ​បាន​កំណត់​នូវ​ផែនការ​បន្ត​សម្រាប់​អនុវត្ត​ក្នុង​ការពង្រឹង​យុទ្ធនាការ​សកម្មភាព​នេះ​បន្ថែមទៀត ស្រប​ទៅ​តាម​ការវិវឌ្ឍ​ក្នុង​សង្គម​នាពេល​បច្ចុប្បន្ន ដើម្បី​ធ្វើយ៉ាងណា​បន្ត​កាត់បន្ថយ និង​ឈាន​ទៅ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​នេះ​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​មហាផ្ទៃ​ថ្លែង​ថា ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​បាន​ខំប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការដោះស្រាយ​អំពើ​ជួញដូរ​មនុស្ស​។

លោក​ថា កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​ធ្វើ​ឡើង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​កិច្ចការងារ និង​ការរៀបចំ​របាយការណ៍​ឲ្យ​ឆ្លើយតប​ទៅនឹង​សកម្មភាព​ជាក់ស្តែង​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ទៅ​លើ​ការគាំទ្រ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​។

កាលពី​ខែ​មិថុនា​ ​ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​របាយការណ៍​ឆ្នាំ​ ២០២០ អំពី​ស្ថានភាព​ការជួញដូរ​មនុស្ស​នៅ​ទូទាំង​សកលលោក​។ កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ឃ្លាំមើល​កម្រិត ២ ដែល​ជា​ប្រទេស​មិនបាន​បំពេញ​តាម​ស្តង់ដា​អប្បបរមា​ក្នុង​ការលុបបំបាត់​ការជួញដូរ​មនុស្ស ប៉ុន្តែ​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​លើ​កិច្ចការ​នេះ​។

កិច្ចប្រឹងប្រែង​របស់​កម្ពុជា​រួម​មានការ​ផ្ដន្ទាទោស​ជនល្មើស ការបង្កើត​ផែនការ​សកម្មភាព ៥ ​ឆ្នាំ​ក្នុង​ការប្រឆាំង​ការជួញដូរ​មនុស្ស និង​ការបង្កើត និង​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រមូល​ទិន្នន័យ និង​អត្តសញ្ញាណ​ជនរងគ្រោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ជារួម​មិនបាន​បង្ហាញ​កិច្ចប្រឹងប្រែង​ឲ្យ​លើសពី​ឆ្នាំមុន​ទេ​។ អាជ្ញាធរ​មិនបាន​ប្រឹងប្រែង​ក្នុង​ការចែករំលែក​ព័ត៌មាន​សំខាន់ៗ​អំពី​ការអនុវត្ត​ច្បាប់​។ អំពើពុករលួយ​នៅ​តែ​បន្ត​កើតមាន​ដែល​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់នីតិវិធី​ព្រហ្មទណ្ឌ និង​ការការពារ​ជនរងគ្រោះ​។

អាជ្ញាធរ​ក៏​មិនបាន​ស៊ើបអង្កេត​លើ​របាយការណ៍​អំពី​ការជួញដូរ​មនុស្ស​ក្នុង​សេវា​កម្សាន្ត និង​នៅតាម​ឡឥដ្ឋ និង​មិន​បាន​ធ្វើឲ្យ​ប្រសើរឡើង ផ្នែក​ផ្សេង​ទៀត​នៃ​ការជួញដូរ​មនុស្ស​។ នេះ​បើ​តាម​របាយការណ៍​ដដែល​។

របាយការណ៍​របស់​អាមេរិក​លើក​ជា​អនុសាសន៍​ជាច្រើន​ចំណុច​រួមមាន​ឲ្យ​កម្ពុជា​គោរព​នីតិវិធី​ត្រឹមត្រូវ​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​បទល្មើស​ជួញដូរ​មនុស្ស​។ រដ្ឋាភិបាល​គួរ​អនុញ្ញាត​ការប្រើប្រាស់​បច្ចេកទេស​ស៊ើបអង្កេត​បង្កប់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ការជួញដូរ​មនុស្ស និង​ត្រូវ​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​កិច្ចការ​នេះ​។

របាយការណ៍​លើក​ជា​អនុសាសន៍​ថា​៖ «[​កម្ពុជា​] ត្រូវតែ​បង្កើន​ការធ្វើ​អធិការកិច្ច​ដោយ​មិន​ប្រកាស​មុន​នៅ​កន្លែងធ្វើការ​ដែល​មាន​ភាពងាយ​រងគ្រោះ​ខ្លាំង ជាពិសេស​នៅ​ឡឥដ្ឋ ជលផល​កសិដ្ឋាន ដោយ​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​ច្រវាក់​បំណុល​»​។

លោកស្រី ជូ ប៊ុនអេង បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង តែ​មិន​អាច​ឲ្យ​បាន​ដូច​ស្ដង់ដា​ទាមទារ​ទេ​។ លោកស្រី​លើកឡើង​ថា​៖ «​ឆ្នាំនេះ​យើង​ប្រឈម​នឹង​កូវីដ​១៩​ទៀត តែ​យើង​នៅតែ​ប្រឹងប្រែង​ធ្វើ ប៉ុន្តែ​រឿង​ដែល​សំខាន់ ការវាយតម្លៃ គាត់​មាន​ស្ដង់ដា​ផ្អែក​របស់គាត់ ដែល​យើង​ពិបាក​នឹង​និយាយ​។ ប៉ុន្តែ​បើ​ថា យើង​មិនបាន​ប្រឹងប្រែង​គឺ​អត់​ត្រូវ​ទេ​។ យើង​ឆ្ងល់​ដែរ យើង​បាន​សរសេរ​ប្រាប់ថា យើង​បាន​ធ្វើ​ច្រើន​ជាង​មុន ប៉ុន្តែ​គាត់​ដាក់​មកវិញ​ថា វា​តិចជាង​មុន​។ គាត់​ថា ការងារ​ខ្លះ អត់​ពេញ​ក្នុង​ស្តង់ដា តែ​យើង​ថា វា​ជា​រឿង​ដែល​យើង​បាន​ធ្វើ​ត្រឹមត្រូវ​។ ដូច្នេះ​យើង​ឃើញ​ស្តង់ដា​ ២ ​បាត់​ហើយ​»៕