ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរកឃើញបញ្ហាប្រឈមជាច្រើនរួមមានកង្វះធនធានមនុស្ស បច្ចេកទេស និងទីតាំងជាដើមក្នុងការរៀបចំបញ្ជីបោះឆ្នោតឆ្នាំនេះបន្ទាប់ពីមន្ត្រីចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធអេឡិចត្រូនិករយៈពេល ១៥ ថ្ងៃ កាលពីឆ្នាំ ២០១៥ កន្លងមកនេះ។
ការបង្ហាញបញ្ហានេះបានធ្វើឡើងក្នុងសិក្ខាសាលាកាលពីម្សិលមិញស្តីពីរៀបចំបទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ ដែលមានការចូលរួមពីមន្ត្រី គ.ជ.ប តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលស្ថាប័នអង្គទូត ជំនាញការជប៉ុន និងជំនាញការសហភាពអឺរ៉ុបសរុបប្រមាណ ១៨៥ នាក់។
ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែងថាការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកគឺជាជំហានទី ១ សម្រាប់កម្ពុជាដែលមិនធ្លាប់មានពីមុនមកដូច្នេះមានជួបការលំបាកច្រើនខុសពីមុនដែលកម្ពុជាធ្លាប់ចុះឈ្មោះតាមវិធីសាមញ្ញ។
លោកថា «នៅពេលចុះឈ្មោះសាកល្បងមានចំណុចមួយចំនួនដែលមិនទាន់ឆ្លើយតបទាំងបច្ចេកទេស និងគុណភាពនៃការថតនៅមិនទាន់ល្អតែយើងខិតខំធ្វើយ៉ាងណាកុំឱ្យមានការចុះឈ្មោះស្ទួន និងភាពមិនប្រក្រតីឱ្យវាចុះយ៉ាងតិចបំផុត»។
លោកបន្តថាទោះជាជួបលំបាកច្រើនក្តីតែ គជប ថ្មីនេះបានធ្វើការជិតស្និទ្ធបំផុតជាមួយសហគមន៍អ៊ឺរ៉ុប និងអ្នកជំនាញជប៉ុនក្នុងការរកដំណោះស្រាយឱ្យមានកម្រិតអតិបរិមាទាបបំផុត។
តាមរបាយការណ៍ គ.ជ.ប ដែលបានផ្សាយឱ្យដឹងថាការចុះឈ្មោះសាកល្បង ១៥ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ១ ដល់ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ តាមភូមិសាស្ត្រ និងស្ថានភាពផ្សេងៗគ្នារកឃើញបញ្ហាជាច្រើន និងទទួលបានអនុសាសន៍មួយចំនួនពីរាជធានី ខេត្ត ក្រុមបេសកកម្ម គ.ជ.ប ព្រមទាំងជំនាញការជប៉ុន និងសហភាពអ៊ឺរ៉ុបដែលបានចុះត្រួតពិនិត្យការចុះឈ្មោះនេះ។
បញ្ហាប្រឈមទាំងនោះទាក់ទងនឹងការងារបច្ចេកទេសថ្មកុំព្យូទ័រ ម៉ាស៊ីនស្គេនស្នាមម្រាមដៃ ម៉ាស៊ីនថតរូប សេវាអ៊ីនធឺណែតមិនគ្រប់គ្រាន់ជាពិសេសប្រតិបត្តិការចុះឈ្មោះមនុស្សម្នាក់ត្រូវប្រើពេលច្រើនពី ៨ ទៅ ១០ នាទី។
បញ្ហាការិយាល័យមិនបានបង្កលក្ខណៈងាយស្រួលដល់ជនពិការ ពលរដ្ឋខ្វះឯកសារសម្រាប់ចុះឈ្មោះ កង្វះធនធានមនុស្សនៅឃុំ សង្កាត់ និងសមត្ថភាពមន្ត្រីចុះឈ្មោះបោះឆ្នោតនៅមានកម្រិតនៅឡើយ។
នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល គល់ បញ្ញា សង្កេតឃើញថាការចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធអេឡិចត្រូនិកកន្លងមកនៅមិនទាន់មានការឆ្លើយតបវិជ្ជមានទេតែលោកសង្ឃឹមថា គជប ថ្មីនេះនឹងធ្វើឱ្យបានល្អនាពេលខាងមុខ ។
លោកថា « គ.ជ.ប គួរតែកំណត់សន្ទស្សន៍ពីពាក្សល្អឱ្យបានច្បាស់ដោយយើងយល់ឃើញពីប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីដែល គជប បានកំពុងរៀបចំនេះយើងមានជំនឿថានឹងអាចធ្វើឱ្យបញ្ជីចុះឈ្មោះបោះឆ្នោតនេះបានល្អដល់កម្រិតខ្ពស់ក្នុងស្តង់ដារដែលគេអាចទទួលយកបានយ៉ាងហោចណាស់ ៩៨ ភាគរយគុណភាពនៃបញ្ជីល្អមានន័យថាគ្មានឈ្មោះស្ទួន និងឈ្មោះខ្មោច»។
លោកថាមួយវិញទៀត គជប គួរបង្កើតក្រុមមន្ត្រី គជប ចល័តសម្រាប់ចុះឈ្មោះបោះឆ្នោតជូនដល់ពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកនៅក្រៅប្រទេសជាពិសេសនៅព្រំដែនប្រទេសថៃដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលករក្នុងការចុះឈ្មោះបោះឆ្នោត។
ក្រុមការងារកំណែទម្រង់សហភាពអ៊ឺរ៉ុបបានលើកឡើងនូវបញ្ហាមួយចំនួនដើម្បីឱ្យ គ.ជ.ប យកចិត្តទុកដាក់ និងតាមដានការអនុវត្តដូចជាបញ្ហាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឯកសារបញ្ជាក់អត្តសញ្ញាណនិងបញ្ហាបច្ចេកទេសដូចជា ការបញ្ជូនទិន្នន័យ ការរកឈ្មោះស្ទួន ការអប់រំ និងការដោះស្រាយបណ្តឹងជាដើម។ ចំណែកក្រុមការងារជប៉ុនបានបញ្ចូន និងផ្តល់មតិយោបល់ចំនួន ១០០ ចំណុចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ចុះឈ្មោះបោះឆ្នោត។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសកិច្ចការបោះឆ្នោត គជប បានសម្រេចទទួលនូវមតិយោបល់សរុបប្រមាណ ៤៨ ភាគរយដើម្បីធ្វើការកែលម្អ។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថាការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចជាសកលតែម្តងនឹងប្រព្រឹត្តទៅបីខែជាប់គ្នាគឺខែ ឧសភា ដល់ខែកក្កដា ២០១៦ និងទុករយៈពេលពីរខែបន្ទាប់នេះសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើតវ៉ានៅពេលមិនមានឈ្មោះ។ លោកបញ្ជាក់ថា គជប មានគម្រោងចុះឈ្មោះបោះឆ្នោតឱ្យបាន ១០ លាននាក់សម្រាប់ត្រៀមបោះឆ្នោតឆ្នាំ ២០១៧ និង ២០១៨៕