ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បាន​កំពុង​បន្ត​រៀបចំ​ធ្វើ​ទំនើបកម្ម​នៃ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព និង​គុណភាព​ក្នុង​ការចុះ​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត ការចុះបញ្ជី​គណបក្ស​នយោបាយ និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​បាន​ធ្វើការ​បណ្ដុះបណ្ដាល​ជំនាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដល់​មន្ត្រី​មកពី​គ្រប់​ផ្នែក​នៃ​ស្ថាប័ន​នេះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចុះ​ថ្ងៃទី​ ៧ ខែ​មីនា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ដើម្បី​ធ្វើ​ទំនើបកម្ម​នៃ​ដំណើរការរៀបចំ​បោះឆ្នោត​នេះ គ.ជ.ប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី​ការពង្រឹង​សមត្ថភាព​​មន្ត្រីរាជការ គ.ជ.ប សរុប ២៧២ នាក់​ដែល​ប្រើ​រយ:ពេល ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៧ ខែ​មីនា​នេះ​។

វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ដើម្បី​រៀបចំ​ធ្វើ​ទំនើបកម្ម​នៃ​ដំណើរការ​រៀបចំ​បោះឆ្នោត​នៅ​អាណត្តិ​បន្តបន្ទាប់​ខាងមុខ ដោយ​ត្រូវតែ​ពង្រឹងសមត្ថភាព ការងាររដ្ឋបាល ការគ្រប់គ្រង​អង្គភាព និង​ប្រព័ន្ធ​រដ្ឋបាល​ដោយ​ផ្តោត​ទៅ​លើ​ការគ្រប់គ្រង​ដឹកនាំ ត្រួតពិនិត្យ និង​ចាត់ចែង​ប្រើប្រាស់​ធនធាន​មនុស្ស​សម្ភារ ទ្រព្យសម្បត្តិ ឯកសារ​របៀបរបប​ការងារ ចរន្ត​ការងារ វិជ្ជាជីវៈ​តាម​បទពិសោធ និង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា លើស​ពី​នេះ​មន្ត្រី​ត្រូវ​ធ្វើការ​ឲ្យ​ស៊ីចង្វាក់​គ្នា​ឆ្ពោះទៅ​រក​ការអភិវឌ្ឍ​ប្រសើរ​ជាង​មុន​ស្រប​តាម​បរិបទ​នៃ​ការរីកចម្រើន​នវានុវត្តន៍​របស់​ស្ថាប័ន​ឆ្លើយតប​នឹង​បរិបទ​នៃ​ការកែទម្រង់​រដ្ឋបាល និង​កំណែទម្រង់​ការបោះឆ្នោត​។ មិន​តែ​ប៉ុណ្ណោះ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ក៏​បាន​ពង្រឹង​សកម្មភាព​ការងារ​ប្រតិបត្តិការ ការងារ​គ្រប់គ្រង​ទិន្នន័យ និង​បញ្ជី​បោះឆ្នោត ការងារ​ហិរញ្ញវត្ថុ ការងារ​សវនកម្ម ការងារ​អង្គភាព​លទ្ធកម្ម និង​ការងារ​លេខាធិការដ្ឋាន​ គ.ជ.ប ​ផងដែរ​។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​នៃ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ទទួលបាន​ភាពជឿជាក់​ និង​មាន​ការគាំទ្រ​មកលើ​ស្ថាប័ន គ.ជ.ប កាន់តែ​ខ្លាំង​ថែមទៀត គ.ជ.ប បានរៀបចំ​ផែនការ​កំណែ​ទម្រង់ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​គុណភាព​ចុះបញ្ជី​បោះឆ្នោត​ការចុះបញ្ជី​គណបក្ស​នយោបាយ​ និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​។

លោក​បន្តថា ការកែទម្រង់​ទាំងនោះ​មាន​គោលដៅ និង​ចក្ខុវិស័យ​អំពី​ការចុះឈ្មោះ​បោះឆ្នោត និង​ការរៀបចំ​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ លោក​បន្តថា​ចាប់ពី​ឆ្នាំ​ ២០១៦ មក គ.ជ.ប បានដាក់​ឲ្យ​អនុវត្ត​ការចុះឈ្មោះ​បោះឆ្នោត និង​រៀបចំ​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ជា​ប្រព័ន្ធ​ទំនើប ហើយ​កម្មវិធី​នេះ​ទទួល​បាន​តម្លាភាព ប្រសិទ្ធភាព​ និង​មាន​ផល​វិជ្ជមាន​។

លោក​បញ្ជាក់ថា​៖ «​តាម​ការអនុវត្ត​កន្លងមក​ការចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​បាន​ចុះ​ដោយ​ដៃ​គ្មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ធ្វើឲ្យ គ.ជ.ប ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន ហេតុនេះ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ គ.ជ.ប នឹង​រៀបចំ​ឲ្យ​មានការ​ចុះបញ្ជី​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​អនឡាញ​»​។

លោក ស៊ិក ប៊ុនហុក បន្ថែមថា ការធ្វើ​ទំនើបកម្ម​នេះ​នឹងធ្វើឲ្យ​ចំណេញ​ពេលវេលា​ទាំង​គណបក្ស​នយោបាយ និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត ងាយស្រួល​ក្នុង​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​ការគ្រប់គ្រង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ហើយ​ធានា​ថា ឈ្មោះ​ និង​ទិន្នន័យ​របស់​បេក្ខជន​ពិតជា​ត្រឹមត្រូវ ក៏ដូចជា​ធានាថា បេក្ខជន​ម្នាក់ៗ​មិនអាច​ឈរឈ្មោះ​លើសពី​មួយ​មណ្ឌល​បោះឆ្នោត​បានទេ​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការធ្វើ​ទំនើប​កម្មនេះ​ក៏​ជួយ​រាល់​ការកែតម្រូវ​ទិន្នន័យ​ត្រូវបាន​រក្សា​ទុកជា​ឯកសារ​ដោយ​ស្វ័យប្រវត្តិ​។ ចំពោះ​ការផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត​មាន​ទូលំទូលាយ ទាន់ពេលវេលា​នៅលើ​គេហទំព័រ​ផ្លូវការ គ.ជ.ប ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​បណ្តាញ​សង្គម​នានា​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ គ.ជ.ប ក៏ដូចជា​កាត់បន្ថយ​បណ្ដឹង​ច្រើន​ដែល​អាច​កើតមានឡើង​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​យើង​បណ្ដុះបណ្ដាល​មន្ត្រី​គឺ​មានន័យថា យើង​កំពុង​ធ្វើ​ទំនើបកម្ម ដើម្បី​ឲ្យ​មន្ត្រី​មាន​ចំណេះដឹង​ខាង​ផ្នែក​ដែល​គាត់​ទទួលខុស​ត្រូវ​តែម្ដង​។ ម្យ៉ាងវិញទៀត​យើង​ជំរុញ​ឲ្យ​មន្ត្រី​យើង​តាម​រាជធានី ខេត្ត​មាន​សមត្ថភាព​អាច​ប្រើប្រាស់​សម្ភារ​ទំនើបៗ​ព្រមទាំង​រាយការណ៍ សរសេរ​របាយការណ៍ និង​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​ទំនើប​»​។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់ និកហ្វិក បាន​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​ការបណ្ដុះបណ្ដាល​មន្ត្រី​ឲ្យ​មាន​ជំនាញ​ និង​ចំណេះដឹង​បែបនេះ​ ប៉ុន្ដែ​ការបណ្ដុះ​បណ្ដាល​នេះ​ត្រូវតែ​ស៊ីជម្រៅ ដោយ​ចៀសវាង​ប្រព្រឹត្ត​កំហុស​ដូចជា បាត់ឈ្មោះ​​ ឬ​បង្កើត​ឲ្យ​មាន​បណ្ដឹង​ច្រើន​ជាដើម​។ «​ខ្ញុំ​គិតថា ការបណ្ដុះបណ្ដាល​មន្ត្រី​នេះ​ល្អ​ហើយ ប៉ុន្ដែ​ខ្ញុំ​នៅ​បារម្ភ​ថា មន្ត្រី គ.ជ.ប តាម​បណ្ដា​ខេត្ត​ភាគច្រើន​គឺ​គាត់​ធ្វើ​ក្នុង​រយៈពេល​ខ្លី មានន័យ​ថា គាត់​ធ្វើការ​នៅ គ.ជ.ប តែ​អំឡុងពេល​បោះឆ្នោត​ប៉ុណ្ណោះ ហើយ​ក្រៅពី​រដូវកាល​បោះឆ្នោត គាត់​ទៅ​ប្រកប​ការងារ​ផ្សេងទៀត​។ អ៊ីចឹង គាត់​អត់​មាន​ជំនាញ​ខាង​ការងារ​បោះឆ្នោត​ហ្នឹង​ច្បាស់លាស់​ទេ​។ អ៊ីចឹង​បើ​ចង់​ឲ្យ​គាត់​មាន​ជំនាញ​គឺ​ទាល់តែ​គាត់​ចូល​ប្រឡូក​ក្នុង​វិស័យ​បោះឆ្នោត​ហ្នឹង​តែម្ដង​»៕