ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​គ្រោង​ធ្វើការ​សាកល្បង​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​អនឡាញ​នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​បង្កើន​ការទុកចិត្ត​ពី​ភាគី​ពាក់ព័ន្ធ និង ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​ក៏ដូចជា​នៅលើ​ពិភពលោក​។

លោក​ ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប. ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ ថា ដំណើរការ​នៃ​ការរៀបចំ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​គ្រោង​ចាប់​ផ្តើមធ្វើ​សាកល្បង​នៅ​ឆមាស​ទី​ ១ ​នៃ​ឆ្នាំ​ ២០២១ ​ខាងមុខ​។ ប៉ុន្តែ​សម្រាប់​កិច្ចការ​នេះ គ.ជ.ប. នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​មុន​នឹង​សម្រេច​ដាក់ឱ្យ​ដំណើរការ​សាកល្បង​។

បើតាម​មន្ត្រី​នាំពាក្យ​រូបនេះ គឺ គ.ជ.ប. គ្រោង​ពិភាក្សា​ជាមួយ​សមាគម ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ពិភពលោក​ (Association of World Election Bodies) ​ក្នុង​ក្របខ័ណ្ឌ​ជា​សមាជិក​ពេញសិទ្ធិ​ចាប់តាំងពី​ថ្ងៃទី​ ៣ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ ​មក ដើម្បី​ដឹងថា សមាគម​នេះ​អាច​ជួយ​អ្វី​បាន​ចំពោះ​កិច្ចការ​បោះឆ្នោត រីឯ​សម្រាប់​សម្ភារ និង​បច្ចេកទេស​ (IT) គ.ជ.ប. នឹង​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន​។

លោក​ ឌឹម សុវណ្ណារុំ បញ្ជាក់ថា​៖ «​ចំពោះ​ការចុះបញ្ជី​តាម​ប្រព័ន្ធ IT នេះ គឺ បញ្ចៀស​បាន​នូវ​បេក្ខជន​ម្នាក់​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​នយោបាយ​លើសពី​ ១ ឬ​ចៀសវាង​ឱ្យ​បេក្ខជន​អាច​ឈរឈ្មោះ​ឱ្យ​ ២ ឬ​ ៣ ​គណបក្ស​នយោបាយ​។ សម្រាប់​អ្នក​ដែលមាន​សិទ្ធិ ឬ អាច​ចុះឈ្មោះ​បាន​តាម​ប្រព័ន្ធ​អនឡាញ ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​»​។ លោក​ថា ក្នុង​រយៈពេល​កន្លងមក​មាន​បេក្ខជន​ខ្លះ​ឈរឈ្មោះ​ឱ្យ​គណបក្ស​នយោបាយ​លើសពី​ ១ ឬ​ ២ ​គណបក្ស​។

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​ចំពោះ​ការធ្វើ​ទំនើបកម្ម​នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​របស់​ គ.ជ.ប.។ នីតិវិធី​នេះ​ស្រប​តាម​បរិបទ​នៃ​ការរីកចម្រើន​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ភាគច្រើន​គេ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញ គ.ជ.ប. រៀបចំ​នេះ​គឺ​ឆ្លើយតប​ទៅនឹង​ទំនើបកម្ម​បច្ចេកវិទ្យា​ទំនើប ព្រោះ​រាល់​កិច្ចការ​អ្វីៗ​នឹង​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ​កាន់តែ​ច្រើន ហើយ​វា​គួរ​គប្បី​ណាស់​ដែល គ.ជ.ប. ប្រកាស​ឱ្យមាន​ការប្រើប្រាស់​បច្ចេកវិទ្យា​នៃ​ការចុះឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​នេះ​»​។

លោក សុខ ឥសាន បន្តថា​៖ «​ប៉ុន្តែ​នៅក្នុង​កិច្ចការ​នៃ​ការចុះឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​នេះ មិនមែន​តែ​ចុះ​បាន​គ្រប់គ្នា​នោះទេ លុះត្រាតែ​គណបក្ស​ណា​ដែល​ស្រប​ទៅ​តាម​ច្បាប់​ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជា​ផ្លូវការ ដោយមាន​តម្កល់ទុក​នូវ​លក្ខន្តិកៈ ហើយ​បាន​បំពេញបែបបទ​ផ្សេងៗ ដែលមាន​ការចែង​នៅក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទើប​អាចមាន​សិទ្ធិ​ចុះបញ្ជី​បេក្ខជន និង​គណបក្ស​ក្នុង​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​បាន​»​។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ ពេជ្រ ស្រស់ ក៏បាន​គាំទ្រ​ចំពោះ​ផែនការ​របស់​ .គ.ជ.ប. នេះដែរ ស្របពេល​កម្ពុជា និង​ពិភពលោក​កំពុង​ជួប​បញ្ហា​ប្រឈម​ទៅនឹង​ជំងឺ​កូវីដ​ ១៩ នាពេល​បច្ចុប្បន្ន​។

លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​នេះ ក៏​ជា​មធ្យោបាយ​មួយ និង​បរិបទ​ថ្មី​សម្រាប់​កម្ពុជា ជាពិសេស​អ្នកនយោបាយ​វិវឌ្ឍ​ដល់​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុងការ​ធ្វើការងារ​តាម​ប្រព័ន្ធ​អនឡាញ​»​។

លោក​បន្ថែមថា​៖ «​បើ​អ្នកនយោបាយ​ធ្វើការ​ដោយផ្ទាល់ វា​មាន​ការលំបាក ហើយ​មាន​ភាពស្មុគស្មាញ​យ៉ាងច្រើន​ក្នុង​ការចុះបញ្ជី​នាពេល​កន្លងមកនេះ​។ បើ​មាន​ការចុះបញ្ជី​ប្រព័ន្ធ​អនឡាញ​នេះ​នឹង​បង្ក​ភាព​ងាយស្រួល ប៉ុន្តែ​អ្វីដែល​ជា​ការព្រួយបារម្ភ និង​ជា​បញ្ហា​ចោទ​គឺ​គតិយុត្ត ដែល​ត្រូវ​បញ្ជាក់​ពី​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាងដូចម្តេច​»​។

មន្ត្រី​ផ្នែក​អង្កេត​ការបោះឆ្នោត​នៅ​អង្គការ ខុម ហ្វ្រែល លោក កន សាវ៉ាង ទទួលស្គាល់​ដែរ​ថា ការចុះបញ្ជី​គណបក្ស​នយោបាយ ឬ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​ជា​រឿង​ល្អ ប៉ុន្តែ​ត្រូវតែ​មាន​ការរៀបចំ​នីតិវិធី​ឱ្យបាន​ត្រឹមត្រូវ​។ បើ​មិន​ដូច្នោះ​ទេ វា​ជាការ​រើសអើង​ចំពោះ​ការចុះបញ្ជី​តាម​ប្រព័ន្ធ​នេះ​។

លោក​ថា​៖ «​ទាក់ទង​ទៅនឹង​ការចុះបញ្ជី​ប្រព័ន្ធ​អនឡាញ​នេះ​វា​ល្អ ប៉ុន្តែ​បើ គ.ជ.ប. ​មាន នីតិវិធី និង​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​ពាក់ព័ន្ធ​បទដ្ឋាន​គតិយុត្ត និង​ច្បាប់​ហើយ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​រឹតតែ​ប្រសើរ​ ១ ​កម្រិត​ទៀត​»៕