ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃ​ទី​១​ដល់​១៨​ ខែ​តុលា​ខាង​មុខ​ ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ដោយ​គ្រោង​នឹង​ចុះ​ឈ្មោះ​ឲ្យ​បាន​ជាង​៤០​ម៉ឺន​នាក់​។ នេះ​បើ​តាម​លោក​ ហង្ស​ ពុទ្ធា អ្នក​នាំ​ពាក្យ​(គ.​ជ.ប​)​កាល​ពី​ម្សិល​មិញ​​។

លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា គ.ជ.ប គ្រោង​ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាប់​ពី​ដើមខែ​តុលា​ខាង​មុខ​នេះ ដោយ​គ្រោង​ស្រង់​ឈ្មោះ​ពល​រដ្ឋ​ឲ្យ​បាន​ជាង​៤​០ម៉ឺន​នាក់។

លោក​ថា គ.ជ.ប​ ធ្វើតា​ម​កាត​ព្វកិ​ច្ច​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ពល​រដ្ឋ​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​ទើប​គ.​ជ.​ប​ត្រូវ​ធ្វើ​បញ្ជី​បោះ​ឆ្នោត​ថ្មី​និង​ត្រឹម​ត្រូវ​។

លោក​បន្ត​ថា​បញ្ជី​នេះ​ ត្រូវ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ឲ្យ​មាន​ឈ្មោះ​គ្រប់ៗ​គ្នា​និង​​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ចំពោះ​អ្នក​ទទួល​មរណ​ភាព អ្នក​ដែល​ច្បាប់​បាន​ព្យួរ​ទោស​​មិន​ឲ្យ​បោះ​ឆ្នោត​និង​​អ្នក​​ផ្លាស់​ប្ដូរ​លំ​នៅ​ថ្មី​។

លោក ពុទ្ធា ​បន្ត​ថា៖​«គោល​ដៅ​ធ្វើ​បច្ចុប្បន្ន​ភាព​ឈ្មោះ​បោះ​ឆ្នោត​នេះ ឧ​ទារ​ហណ៍​ថា ​មាន​អ្នក​ខ្លះ​ស្នើ​សុំ​អាជ្ញា​ធរ​សុំ​ដូរ​ឈ្មោះ​ឬ​នាម​ត្រកូល​ឬ​នៅ​ក្នុង​អត្ត​សញ្ញា​ណ​ប័ណ្ណ​អាច​មាន​ខុស​អក្ខរា​វិរុទ្ធឬ​ខុស​ខែ​ឆ្នាំ​កំណើត​។​ អ៊ីចឹង​ សាមី​ខ្លួន​អាច​ស្នើ​​ភ្ជាប់​ជា​មួយ​នឹង​ឯក​សារ​ត្រឹម​ត្រូវ គេ​នឹង​កែ​ឲ្យ​គាត់​ហើយ​ហើយ​គ.ជ.ប​នឹង​ត្រូវ​ការ​កែ​តម្រូវ​ដែរ»​។

បន្ថែម​លើ​នេះ​លោក​បាន​បញ្ជាក់​ថា៖​«យើង​ធ្វើ​ត្រឹម​អំឡុង​​ខែ​តុលា ហើយ​ផ្អាក​ធ្វើ​សិន​ ទាល់​តែ​ឆ្នាំ​ក្រោយ​ ទើប​ធ្វើ​ម្ដង​ទៀត ហើយ​ថ្ងៃទី​២៦​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ​យើង​នឹង​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​ផង​ដែរ»​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់ ​គ.ជ.ប​ កាល​ពី​ថ្ងៃទី​៧ កញ្ញា​ ​បាន​បង្ហាញ​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​​បោះ​ឆ្នោត​ឆ្នាំ ​២០១៨​ មាន​គោល​ដៅ​ធានា​ឲ្យ​បញ្ជី​បោះ​ឆ្នោត​មាន​​ភាព​ពេញ​លេញ​ ភាព​ត្រឹម​ត្រូវ​ និង​មាន​បច្ចុប្បន្នភាព​ប្រកប​ដោយ​សុវត្ថិ​ភាព​តាម​រយៈ ការ​ស្រង់ និង​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​ទទួល​មរណ​ភាព ​អ្នក​ត្រូវ​​ដកហូត​សិទ្ធិ​បោះ​ឆ្នោត​ជា​បណ្ដោះ​អាសន្ន ​និង​អ្នក​​ផ្លាស់​លំ​នៅ​ឋានឬ​ចាក​ចេញ​ទៅ​នៅ​ឃុំ ​សង្កាត់​ផ្សេង​ដោយមា​ន​ឯក​សារ​​សំ​អាង​ត្រឹម​ត្រូវនិង​ច្បាស់​លាស់​ដើម្បី​លុប​​ចេញ​​ពី​បញ្ជី​​បោះ​ឆ្នោត​៕