ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង នៅ​ថ្ងៃទី​ ២៣ ខែ ឧសភា ឆ្នាំ​ ២០២១ ដើម្បី​ពិនិត្យ​លើ​សុក្រឹតភាព​នៃ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បញ្ជី​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត និង​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​អនុវត្ត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​ ២០២២ ​និង​ ២០២៣​។

លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យដឹងថា សម្រាប់​ការបោះឆ្នោត​សាកល្បង​នាពេល​ខាងមុខ​នេះ គ.ជ.ប បានកំណត់​ការិយាល័យ​បោះឆ្នោត​ចំនួន ​២ នៅក្នុង​ឃុំ-សង្កាត់ ១ ដែល​ត្រូវបាន​ជ្រើសរើស​នៅក្នុង​រាជធានី-ខេត្ត​នីមួយៗ ដែល​នឹងត្រូវ​មាន​ការបោះឆ្នោត​នៅក្នុង​ឃុំ-សង្កាត់​ សរុប​ចំនួន​ ២៥ ​នៅ​ទូទាំងប្រទេស​នឹងមាន​ការិយាល័យ​បោះឆ្នោត​ចំនួន​ ៥០ ​ការិយាល័យ​។

លោក សោម សូរិដា ថ្លែងថា​៖ «​គ.ជ.ប នឹង​យកឈ្មោះ ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​នៅក្នុង​ឃុំ​សង្កាត់​នេះ​ទាំងអស់​ដើម្បី​បង្កើត​ជា​បញ្ជី​បោះឆ្នោត​សាកល្បង​។ ការបោះឆ្នោត​លើក​នេះ គ.ជ.ប នឹង​បញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ឱ្យ​កុំព្យូទ័រ គណនាការ​បូកសរុប​លទ្ធផល​ដោយ​ខ្លួនឯង​ចាប់តាំងពី​ថ្នាក់ឃុំ សង្កាត់ រហូតដល់ គ.ជ.ប​»​។

ទោះយ៉ាងណា​ក៏ដោយ គ.ជ.ប មិនទាន់​អាច​បញ្ជាក់​បាន​ថា​តើ​នឹងមាន​គណបក្ស​នយោបាយ​ប៉ុន្មាន​នឹងចូលរួម​ការបោះឆ្នោត​សាកល្បង​នេះ​នៅឡើយ​ទេ​។

លោក សោម សូរិដា បាន​ថ្លែងថា គោលបំណង​នៃ​ការបោះឆ្នោត​សាកល្បង​នេះ​នឹង​ប្រើប្រាស់​កម្មវិធី​ចុះឈ្មោះ​របស់​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​មានន័យថា ការរៀបចំ​បោះឆ្នោត​លើកក្រោយ​នេះ​មិនមែន​ជា​ការរៀបចំ​ដោយ​ដៃ​នោះទេ ។

លោក​ថា ការបោះឆ្នោត​សាកល្បង​លើក​នេះ​ក៏​នឹង​ត្រួតពិនិត្យ បូកសរុប​លទ្ធផល​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​កាលពីមុន គ.ជ.ប ស្រង់​ដោយ​ដៃ​ទាំងអស់ ប៉ុន្តែ​ការបោះឆ្នោត​សាកល្បង​នេះ គ.ជ.ប នឹង​បញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ឱ្យ​កុំព្យូទ័រ​គណនាការ​បូកសរុប​លទ្ធផល​ដោយ​ខ្លួនឯង ចាប់តាំងពី​ថ្នាក់ឃុំ​សង្កាត់​រហូត​ដល់ គ.ជ.ប ។

ក្រៅពីនេះ គ.ជ.ប ​ចង់ដឹង​ពី​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ត្រា​គំនូស​គាំទ្រ​ដល់​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​ជំនួស​ឱ្យ​ប៊ិក​សម្រាប់​គូសសញ្ញា​គាំទ្រ​ដល់​គណបក្ស​នយោបាយ ដោយសារ​កន្លងមក​នេះ​ការគូសសញ្ញា​គាំទ្រ​ដល់​គណបក្ស​នយោបាយ​នេះ បាន​ធ្វើឱ្យ​ជជែក​គ្នា ឬ មន្ទិល​ទៅលើ​ភាព​សម្ងាត់​លើ​ការបោះឆ្នោត​។

ម្យ៉ាងវិញទៀត ការបោះឆ្នោត​សាកល្បង​នេះ​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩ ដែល​ គ.ជ.ប បាន​ត្រៀម បង្ការ និង​ទប់ស្កាត់​នៅក្នុង​ការិយាល័យ​បោះឆ្នោត ពីព្រោះ គ.ជ.ប មើលឃើញ​ថា ឥទ្ធិពល​នៃ​ការឆ្លង​នូវ​ជំងឺ​កូវីដ ​១៩ នេះ​មិន​អាច​បញ្ចប់​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ​ទេ ដែល​ឥទ្ធិពល​របស់​វា​អាច​នឹង​បន្ត​រហូតដល់ ឆ្នាំ​ ២០២២ ដែល​ជា​ឆ្នាំ​ដែល​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ហើយ​ក៏​អាច​នឹង​រាលដាល​ដល់​ឆ្នាំ ២០២៣ ដែលជា​ឆ្នាំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៧ ដែល​នេះ គ.ជ.ប ត្រូវតែ​ត្រៀម​ទុក​ជាមុន​។

លោក សោម សូរិដា ថ្លែង​ថា​៖ «​នេះ​គឺជា​ការល្អ​មួយ​នៅក្នុង​បរិបទ​​កូវីដ​១៩ នេះ យើង​ក៏​ឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែរ​កាលពី​ឆ្នាំ​ ២០២០ គឺ​ឥណ្ឌា​មាន​ការបោះឆ្នោត​នៅក្នុង​បរិបទ​កូវីដ​១៩ យើង​បាន​បទពិសោធ​ពី​គេ​ផង និង​ធ្វើ​ខ្លួនឯង​ផង​រួម​ជាមួយ​នឹង​វិធានការ និង​ទប់ស្កាត់​នៅក្នុង​ការិយាល័យ​បោះឆ្នោត​ដើម្បី​យក​ទៅ​អនុវត្ត​ការបោះឆ្នោត​នាពេល​ខាងមុខ​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក សោម សូរិដា មើលឃើញ​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​មិន​បង្អាក់​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ ទេ ដូច្នេះ គ.ជ.ប ដាក់ចេញ​វិធានការ​សមស្រប​មួយ​ដោយ​ធ្វើយ៉ាងណា សម្រេច​ឱ្យបាន​នូវ​លទ្ធផល​បោះឆ្នោត​ដ៏ល្អ សម្រាប់​ការបោះឆ្នោត​សាកល្បង​នេះ​រួមជាមួយ​នឹង​វិធានការ​ទប់ស្កាត់​ការឆ្លង​នូវ​ជំងឺ​កូវីដ​ ១៩​។

លោក ពេជ្យ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ថ្លែង​ថា រហូត​មក​ដល់​ពេលនេះ គណបក្ស​របស់លោក​មិន​ទាន់​ទទួលបាន​ព័ត៌មាន​ពី​ការបោះឆ្នោត​សាកល្បង​នេះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា គណបក្ស​របស់​លោក​នឹង​ចូលរួម​បោះឆ្នោត​នេះ​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​នេះ​គឺ​ការល្អ​មួយ​ដែល គ.ជ.ប បាន​រៀបចំ​ឱ្យមាន​ការបោះឆ្នោត​សាកល្បង​នេះ​ដើម្បី​ដើរ​ឱ្យទាន់​សភាពការណ៍​ និង​សម័យ​ឌីជីថល បើ​អាច​ធ្វើបាន​យើង​ធ្វើ ព្រោះ​វា​មាន​សុក្រឹតភាព និង​មិនមាន​អ្នក​បន្លំ​ហើយ​យើង​នឹង​ត្រៀមខ្លួន​ក្នុង​ការចូលរួម​បោះឆ្នោត​នេះ​»​។

លោក កន សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ ខុមហ្វ្រែល ​បាន​ថ្លែង ដោយ​បង្ហាញ​ឆន្ទៈ គាំទ្រ​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​សាកល្បង​ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការត្រួតពិនិត្យ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ​គឺជា​ការល្អប្រសើរ​ថ្មី​មួយ និង​ទាន់​សភាពការណ៍​ជាក់ស្តែង​។

ទោះបី​ជា​យ៉ាងណា​លោក កន សាវាង្ស ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញ​ថា គ.ជ.ប គួរតែ​មាន​ការបើកចំហ​ឱ្យ​មាន​ការចូលរួម ជជែក និង​ផ្តល់​ជា​យោបល់​ព្រមទាំង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​ឱ្យមាន​ភាពជឿជាក់​បន្ថែម​ទៀត​ចំពោះ​ដំណើរការ​នៃ​ការបោះឆ្នោត​សាកល្បង​នេះ​៕