ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប. កាលពី​ម្សិលមិញ​បាន​ចាប់ផ្ដើម​បំផ្លាញ​សន្លឹកឆ្នោត​ចាស់ៗ​ជាង​ ២២ ​លាន​សន្លឹក​ដោយ​ត្រូវ​ប្រើពេល​ ៦ ​ថ្ងៃ​ទៅលើ​សន្លឹកឆ្នោត​ដែល​ត្រូវបាន​ប្រើប្រាស់​រួច​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​ ២០១២ ​ឆ្នាំ​ ២០១៣ ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៧ បន្ទាប់ពី​បាន​រក្សាទុក​តាមច្បាប់​កំណត់​។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ថ្លែងថា នេះ​ជា​លើក​ទី​ ៤ ​ហើយ​ដែល គ.ជ.ប. បំផ្លាញ​សន្លឹកឆ្នោត​ចាស់ៗ​ដែល​បាន​ប្រើ​រួចហើយ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៨ មក​។ ការបំផ្លាញ​លើក​ទី​ ១ ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០០៥ ដែល​ជា​សន្លឹកឆ្នោត​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ១៩៩៨ ​និង​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​ ២០០២​។

ការបំផ្លាញ​សន្លឹកឆ្នោត​លើក​ទី​ ២ ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០០៩ ទៅលើ​សន្លឹកឆ្នោត​ដែល​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០០៣ ​និង​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​ ២០០៧​។ ចំណែក​ការបំផ្លាញ​លើក​ទី​ ៣ ធ្វើ​នៅ​ឆ្នាំ​ ២០១៤ ដែលមាន​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០០៨ និង​បោះឆ្នោត ឃុំ​សង្កាត់ ឆ្នាំ​ ២០១២​។

លោក​បាន​បន្តថា ការបំផ្លាញ​សន្លឹកឆ្នោត​ចាស់ៗ​នេះ​ធ្វើ​ឡើង​តាមច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ គ.ជ.ប. ​មាត្រា ៤២ ចំណុច​ ២៧ ដែល​ត្រូវ​ឲ្យ​ គ.ជ.ប. បំផ្លាញ​សន្លឹកឆ្នោត​ចោល បន្ទាប់ពី​បាន​រក្សាទុក​ត្រឹមត្រូវ​រយៈពេល​ ៦ ​ឆ្នាំ ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ ៣ ​ឆ្នាំ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​។ ​ការបំផ្លាញ​នេះ​ធ្វើ​ឡើង​ដោយ​ការកាត់​ហើយ​វា​ត្រូវការ​រយៈពេល​ ៦ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ពុធ​ម្សិលមិញ​តទៅ​។

សន្លឹកឆ្នោត​ចាស់ៗ​ដែល​ គ.ជ.ប យក​មក​បំផ្លាញ​ពី​ម្សិលមិញ​។ហ៊ាន រង្សី

លោក ទេព នីថា បាន​បញ្ជាក់​ថា​៖ «​ពិតណាស់​ការបំផ្លាញ​សន្លឹកឆ្នោត​ដែល​ប្រើប្រាស់​ហើយ គឺជា​ការអនុវត្ត​តាម​ការកំណត់​នៃ​ច្បាប់ និង​នីតិវិធី​ដែល​កំណត់​ដោយ​ គ.ជ.ប. ហើយ​ព្រម​ជាមួយ​នេះ​ក៏​ជា​ការរួមចំណែក​ផងដែរ ក្នុង​ការសន្សំសំចៃ​ថវិកា​ចំណាយ​សម្រាប់​ការថែរក្សា ការពារ​ព្រោះថា គ.ជ.ប. ត្រូវ​បន្ត​ថែរក្សា​ការពារ​សន្លឹកឆ្នោត​ដែល​ប្រើ​រួច​ក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០១៩ ​បន្តទៀត​»​។

លោក នុត សុខុម អនុប្រធាន គ.ជ.ប. ​បាន​ថ្លែង​ក្នុង​ពិធី​បំផ្លាញ​សន្លឹកឆ្នោត​ថា គ.ជ.ប. កំពុង​បន្ត​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ការពិនិត្យ និង​ចុះបញ្ជី​បោះឆ្នោត​សម្រាប់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាង​ ៨ ​លាន​នាក់ និង​អ្នក​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។

លោក​ថ្លែងថា​៖ «​ខំប្រឹង​ធ្វើការ​បោះឆ្នោត​ឲ្យ​មាន​តម្លាភាព សេរី យុត្តិធម៌ ឲ្យ​ទទួលយក​បាន​ជា​ការប្រសើរ​។

អ្វីដែល​ខំ​ធ្វើ​ទាំងអស់​គ្នា​របស់​ភាគី​ពាក់ព័ន្ធ​គឺ​ចំណុច​នេះ​»​។

កាលពីពេល​ថ្មីៗ​នេះ អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ការឃ្លាំមើល​ការចុះបញ្ជី​បោះឆ្នោត និង​ស្នើ​ដល់ គ.ជ.ប. ពិនិត្យ​លទ្ធភាព​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។

ក៏ប៉ុន្តែ​លោក នុត សុខុម ថ្លែង​ថា​កិច្ចការ​នេះ​មិន​ទាន់​អាច​ធ្វើ​បាន​ទេ ហើយ​ គ.ជ.ប. ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ បំពេញ​សកម្មភាព​នានា​តែ​តាមច្បាប់​កំណត់​ប៉ុណ្ណោះ​។

លោក​បាន​បន្តទៀត​ថា កិច្ចការ​ដែល គ.ជ.ប កំពុង​ធ្វើ​គឺ​ធ្វើយ៉ាងណា​មិន​ឲ្យ​មាន​បាតុភាព​ក្រោយពេល​បោះឆ្នោត​។ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នេះ លោក​ស្នើ​ដល់​ប្រទេស​ជប៉ុន​តាមរយៈ​អង្គការ JICA ឲ្យ​ជួយ​ដល់ គ.ជ.ប. ​បន្ថែម​ទៀត​។

មន្ត្រី​ គ.ជ.ប. ថ្លែង​ថា បើទោះបី​ជា​ការបោះឆ្នោត​អាណត្តិ ក្រោយ​នៅ​វែងឆ្ងាយ​ហើយ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ហាក់​ដូចជា ស្ងប់ស្ងាត់​ក៏ដោយ ក៏​ គ.ជ.ប. កំពុង​ប្រឹងប្រែង​លើ​ការងារ​ស្នូល​ជាច្រើន​ទាំង​ផ្ទៃក្នុង និង​ការចុះឈ្មោះ​បោះឆ្នោត​ដែល​បាន​ពន្យារពេល​ដោយសារ​បញ្ហា​កូវីដ ​១៩ ប៉ុន្តែ​នឹង​ចាប់ផ្ដើម​ឡើងវិញ​នៅ​ខែ​តុលា​ដល់​ខែ​ធ្នូ​៕