ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ឲ្យ​​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​។

ការអំពាវនាវ​​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អតីត​​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​រួម​ទាំង​មាន​ការ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ពិចារណា​ក្នុង​ការ​ចូលរួម​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត និង​អង្គការ​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​ ៤ ​មិន​ទាន់​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ចូលរួម​សង្កេតការណ៍ ដោយសារ​សា្ថនភាព​នយោបាយ និង​បញ្ហា​ជំនួយ​។

ប្រតិកម្ម​របស់​ គជប ធ្វើ​ឡើង​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត បើ​សិន​ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅ​តែ​បន្ត​ដូច​សព្វថ្ងៃ និង​បើ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការអត្ថាធិប្បាយ​របស់​លោក គល់ បញ្ញា នាយកប្រតិបតិ្ត​អង្គការ​ខុមហ្វ្រែល​ឲ្យ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ពិចារណា​មុន​ពេល​ចូលរួម​ឃ្លាំ​មើល​ការបោះឆ្នោត​នេះ​។

ការ​អំពាវ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ខែ​ក្រោយ​ពេល​ដែល​តុលាការ​កំពូល​សម្រេច​ក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ហើយ​បាន​ចាប់​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ កឹម សុខា ដាក់​ពន្ធនាគារ​ដោយ​ជាប់ចោទ​ពី​អំពើ​ក្បត់ជាតិ​។

គ.ជ.ប. បាន​អះអាង​ថា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មាន​បុគ្គល​មួយ​ចំនួន​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ និង​ឲ្យ​អ្នក​សង្កេតការណ៍​ជាតិ​អន្តរជាតិ​ធ្វើការ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ចូល​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ នា​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​ព្រោះ​តែ​បុគ្គល​ទាំង​នោះ​បាន​ចាត់​ទុក​ការបោះឆ្នោត​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ថា​ជា​ការ​បោះឆ្នោត​មួយ​ដែល​ខុស​ច្បាប់​។

គ.ជ.ប មិន​បាន​លើក​ឡើង​ចំ​ឈ្មោះ​បុគ្គល​មួយ​ណា​ដែល​បាន​អត្ថាធិប្បាយ​ដូច្នេះ​ទេ ខណៈ​លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ​ គ.ជ.ប ក៏​បាន​បដិសេធ​មិន​បង្ហាញ​ឈ្មោះ​អ្នក​ដែល​​ គ.ជ.ប បាន​ប្រតិកម្ម​នោះ​ដែរ​។

គ.ជ.ប បាន​លើក​ឡើង​ថា​៖ «​គ្មាន​មាត្រា​ណា​មួយ​ក្នុង​ច្បាប់​នេះ​ (​ច្បាប់​បោះឆ្នោត​) ​ចែង​ថា លុះត្រា​តែ​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការបោះឆ្នោត​ទើប​ចាត់​ថា ការបោះឆ្នោត​មាន​លក្ខណៈ​ស្រប​ច្បាប់​នោះ​ដែរ​»​។

កាលពី​ថ្ងៃ​សៅរ៍ វិទ្យុ​អាស៊ីសេរី​បាន​ធ្វើ​បទសម្ភាស​ជាមួយ​លោក សម រង្ស៊ី ដែល​នៅ​ក្នុង​បទសម្ភាស​នោះ​លោក រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​ បើ​សិន​ជា​ការបោះឆ្នោត​ខាង​មុខ​នេះ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង ហើយ​អះអាង​ថា​ការចូលរួម​របស់​គណបក្ស​តូចៗ​ក្នុង​ការបោះឆ្នោត​នេះ​គឺ​ដើម្បី​ធ្វើឲ្យ​ការបោះឆ្នោត​មាន​ភាព​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃទី​ ៤ ខែ​មេសា​លោក គល់ បញ្ញា ថ្លែង​តាម​វិទ្យុ​អាស៊ីសេរី និង​ Reuters ​ថា អ្នក​សង្កេតការណ៍​អន្តរជាតិ​គប្បី​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ជាង​ពេល​ណាៗ​ទាំងអស់​មុន​នឹង​ឆ្លើយតប​ទៅ​នឹង​ការប្រកាស​រក​អ្នកសង្កេតការណ៍​អន្តរជាតិ ឲ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ ព្រោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ​សុទ្ធ​តែ​មាន​បទដ្ឋាន​នៃ​លក្ខខណ្ឌ​តម្រូវ​របស់​ខ្លួន ដែល​ត្រូវ​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​អាច​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​។

គ.ជ.ប បាន​ថ្លែង​ថា​ការ​អំពាវនាវ​បែប​នេះ​គឺ​ប៉ះពាល់​អព្យាក្រឹត​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៨៤ ​នៃ​ច្បាប់​បោះឆ្នោត​។ គជប បាន​រំឭក​ដល់​អង្គការ​សង្គម​ស៊ីវិល សមាគមជាតិ និង អន្តរជាតិ​ឲ្យ​ប្រកាន់​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​ក្នុង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​។

ករណី​រំលោភ​លើ​មាត្រា​នេះ គ.ជ.ប បញ្ជាក់​ថា​នឹង​មាន​ការផាក​ពិន័យ​ក្នុង​ទឹកប្រាក់​ពី​ ១០ ​លាន​ទៅ​ ២០ ​លាន​រៀល​ដោយ​មិនទាន់​គិត​បញ្ចូល​ទោសទណ្ឌ​ព្រហ្មទណ្ឌ​ផ្សេងទៀត​។ គ.ជ.ប ក៏​បាន​លើក​មាត្រា​ ១៤២ ​នៃ​ច្បាប់​បោះឆ្នោត​ដោយ​និយាយ​ថា​អ្នក​ដែល​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ធ្វើឲ្យ​មាន​ការ​ភាន់ច្រឡំ ឬ​បាត់​ទំនុក​ចិត្ត​លើ​ការបោះឆ្នោត និង​រំខាន​ដល់​ការបោះឆ្នោត​ និង​ត្រូវ​ពិន័យ​ប្រាក់​ពី​ ៥ ​លាន​ទៅ​ ២០ ​លាន​ដោយ​មិន​ទាន់​គិត​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​។

គជប ក៏​បាន​អំពាវនាវ​សាជាថ្មី​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ព្រម​ទាំង​អំពាវនាវ​ឲ្យ​អ្នក​អង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ចុះ​ឈ្មោះ​សង្កេតការណ៍​បោះឆ្នោត​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សារ​ជូនពរ​សម្រាប់​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​សម្រេច​ជោគវាសនា​របស់​ប្រទេស​ជាតិ​ផង​ដែរ​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​ ៤ ​បង្ហាញ​ភាព​មិនប្រាកដប្រជា​អំពី​ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ដោយ​រង់ចាំ​មើល​ស្ថានការណ៍​នយោបាយ និង​បញ្ហា​ថវិកា​។

លោក កង សាវ៉ាង មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​បាន​ថ្លែង​ថា អង្គការ​ខុមហ្វ្រែល​មិន​ទាន់​សម្រេច​ចិត្ត​ទេ គឺ​នៅ​រង់ចាំ​មើល​រហូត​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា​ខាង​មុខ​។

លោក​ សំ គន្ធាមី នាយក​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ (Necfec)​ ​ក៏​អះអាង​ថា​រហូត​ដល់​ពេល​នេះ​គ្មាន​គម្រោង​ច្បាស់លាស់​ណា​មួយ​នៅ​ឡើយ​ថា​ Necfec ​នឹង​ចូលរួម​ឃ្លាំ​មើល​ការបោះឆ្នោត​នាពេល​ខាង​មុខ​ដោយ​រង់ចាំ​រហូត​ដល់​ការបិទ​បញ្ចប់​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ទាន់​មាន​គម្រោង​ច្បាស់លាស់​នៅ​ឡើយ​ថា​ចូលរួម ឬ​មិន​ចូលរួម តែ​ទោះ​យ៉ាងណា​ក៏ដោយ​ខ្ញុំ​បាន​ត្រៀម​ឯកសារ បញ្ជី​សំណួរ​ពាក់ព័ន្ធ​អស់​ហើយ យើង​មាន​ការ​ប្រជុំ ហើយ​យើង​ចាំមើល​គណបក្ស​ណា​ចូលរួម​ខ្លះ​នេះ​ពី​ ១ និង​ដោយសារ​ថវិកា​អត់​ទាន់​មាន​ដែរ យើង​កំពុង​រៀបចំ​លើក​ផែនការ​ដើម្បី​រក​ថវិកា​»​។

លោក​ថា​មក​ទល់​បច្ចុប្បន្ន​មិន​ទាន់​មាន​ម្ចាស់ជំនួយ​ណា​គាំទ្រ​ដល់​ដំណើរការ​របស់​លោក​នៅ​ឡើយ ខណៈ​ដែល​ការបោះឆ្នោត​ឃុំ​សង្កាត់ គឺ​អង្គការ​ NDI បាន​ផ្តល់​ជំនួយ​ដល់​គម្រោង​ទាំងនេះ​។ លោក​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​មាន​ដំណឹង​អ្វី​នៅ​ឡើយ​ទេ​ [​ពី​ EU] និង​ NDI បើ​បណ្ដេញ​គេ​បាត់​ទៅ​ហើយ​»​។

លោក​បន្ថែម​ថា​៖ «​អា​នេះ​ជា​កត្តា​មួយ​ដែរ ហើយ​គួបផ្សំ​ស្ថានភាព​នយោបាយ​ទៀត តើ​មាន​ការ​រឹតត្បិត​សេរីភាព​អ្នក​សង្កេតការណ៍​យើង​អី​យ៉ាង​ម៉េច ចាំ​លើ​បន្ត​ទៀត​។ វា​ពាក់ព័ន្ធ​អ៊ីចឹង បើ​យើង​មាន​ការ​រឹតត្បិត យើង​អត់​អាច​ធ្វើ​សកម្មភាព​សង្កេតការណ៍​បាន​ទូលាយ យើង​ទៅ​ធ្វើការ​សង្កេត​ការណ៍​ម្ដេច​នឹង​កើត​។ យើង​កំពុង​ចាំ​មើល​ស្ថានភាព​នយោបាយ​»​។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ (PDP-Center) ​បាន​លើក​ពី​កង្វល់​ប្រហាក់​ប្រហែល​គ្នា​អំពី​កង្វះ​មូលនិធិ​ដែល​ជា​បញ្ហា​ចម្បង បន្ទាប់ពី​ម្ចាស់​ហាក់​មិន​បង្ហាញ​ការចាប់​អារម្មណ៍​គាំទ្រ​។

លោក​ថ្លែង​ថា​៖ «​ការបោះឆ្នោត​មួយៗ បើ​សូម្បី​តែ​ចង់ ឬ​មិន​ចង់​ម៉េច​ក៏ដោយ យើង​អត់​មាន​ថវិកា​ពី​ម្ចាស់​ជំនួយ​មិន​ដឹង​យើង​ទៅ​ធ្វើការ​សង្កេតការណ៍​ម៉េច​កើត ព្រោះ​ថា​សំខាន់​បំផុត​យើង​ពឹង​ទៅ​លើ​ថវិកា​។ នេះ​ជា​រឿង​មួយ​សំខាន់​។ មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា ថវិកា​ដែល​ពាក់ព័ន្ធ​ការបោះឆ្នោត​គឺ​កាន់តែ​តិច​ទៅៗ​មក​ដល់​ឥឡូវ​នេះ​គឺជា​បញ្ហា​»​។

លោក​ក៏​ចាំមើល​ការចុះ​បញ្ជី​របស់​គណបក្ស​នយោបាយ​ដូច​អង្គការ​នានា​ដែរ ហើយ​មាន​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​ដក​ការចាប់អារម្មណ៍​របស់​ពួកគេ​សម្រាប់​ការបោះឆ្នោត​នាពេល​ខាង​មុខ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​មាន​មូលហេតុ​ ២ ឬ​ ៣ ​។ មូលហេតុ​ទី​ ១ អាច​ថា ដោយសារ​តែ​ម្ចាស់​ជំនួយ​ខ្លះ​ក៏​គេ​គ្រោង​បញ្ចប់​បេសកកម្ម​គេ​នៅ​កម្ពុជា ម្ចាស់​ជំនួយ​ខ្លះ​ទៀត​ក៏​គេ​រង់​ចាំមើល​ស្ថានភាព​នយោបាយ​»​។

អង្គការ​តម្លាភាព​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ព្រាប កុល បាន​ថ្លែង​ថា បើសិន​ជា​ស្ថានភាព​នៅ​តែ​ដូច្នេះ ស្ថាប័ន​របស់​លោក​ពិបាក​នឹង​ចូលរួម​សង្កេតការណ៍​ណាស់​ព្រោះ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ស្ថិត​ក្រោម​ការរិះគន់​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​ធ្វើឲ្យ​ពិបាក​នឹង​ចូលរួម​៕