ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ពី​ចម្ងាយ​លើកដំបូង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​ ២០១៩ ដែល​បាន​ប្រើប្រាស់​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ដូចជា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ ១ និង​ប្រភេទ​ ២ អស់​សុពលភាព​បាន​ផ្លាស់ប្ដូរ​ឯកសារ​របស់​ខ្លួន​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ថ្លែង​នៅ​ថ្ងៃទី​ ៣១ សីហា ថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ពី​ចម្ងាយ​ [​អនឡាញ​] ​នេះ ព្រោះ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ ២ របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ពី​មុន​មក ជា​ឯកសារ​ដែល​អស់​សុពលភាព​។

លោក​ថ្លែងថា​៖ «​កាលពី​មុន គ.ជ.ប. បាន​ទទួលយក​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​រួមមាន ឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ ១ និង​ប្រភេទ​ ២ ដែល​ជា​ឯកសារ​អស់​សុពលភាព​ប្រើប្រាស់ ហើយ​យោង​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​។ ដូច្នេះ​អ្នកមាន​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​ ២០១៩ ត្រូវយក​អត្តសញ្ញាណប័ណ្ណ​ថ្មី​ដែល​មាន​ឈីប​ (Chip) ​ដែល​ហៅថា អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ទី​ ៣ ​នេះ​មក​ប្ដូរ​»​។

លោក ហង្ស ពុទ្ធា ពន្យល់ថា ការផ្លាស់ប្ដូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​នេះ ផ្អែក​ទៅ​លើ​ច្បាប់​ដែល​បាន​តម្រូវឱ្យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ពេល​ទៅ​បោះឆ្នោត​ក៏​ត្រូវ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែរ​។ ការធ្វើ​បែបនេះ​ដើម្បី​ជា​ការឯកភាព​គ្នា​ទូទាំង​ប្រទេស និង​ស្រប​ទៅ​តាម​ច្បាប់​ផងដែរ​។

លោក​ ពុទ្ធា ឲ្យ​ដឹងថា ប្រព័ន្ធ​ផ្លាស់ប្ដូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ពី​ចម្ងាយ​នេះ ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស​មិន​ចាំបាច់​ទៅ​ផ្លាស់ប្ដូរ​ឯកសារ​នៅ​ការិយាល័យ​ដោយផ្ទាល់​ក៏បាន​។ ប៉ុន្ដែ​មាន​លក្ខខណ្ឌ គឺ​អ្នក​មាន​ឈ្មោះ​នៅក្នុង​អត្តសញ្ញាណប័ណ្ណ​ដែល​ខ្លួន​មាន​ត្រឹមត្រូវ​ ១០០ ​ភាគរយ​ទៅ​នឹង​ឈ្មោះ​ដែល​មាន​នៅក្នុង​បញ្ជី​បោះឆ្នោត​នោះ ទើប​អាច​ផ្លាស់ប្ដូរ​បាន​តាមរយៈ​អនឡាញ​នេះ​។

លោក​ថា​៖ «​គ.ជ.ប. គឺ​សំដៅ​ធ្វើឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​មាន​ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ចំពោះ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​»​។

គ.ជ.ប. កាលពី​ថ្ងៃទី​ ២៧ សីហា បាន​ជូនដំណឹង​ពី​ដំណើរការ ប្រព័ន្ធ​ផ្លាស់ប្ដូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ពី​ចម្ងាយ​នេះ​ថា ការដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ពី​ចម្ងាយ​លើកដំបូង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​ ២០១៩ ដែល​ប្រើ​ឯកសារ​ចុះឈ្មោះ បោះឆ្នោត ដូចជា អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ ១ និង​ប្រភេទ​ ២ អស់​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការចុះឈ្មោះ​បោះឆ្នោត បាន​ផ្លាស់ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​របស់ខ្លួន​គ្រប់ៗ​គ្នា​សំដៅ​ធ្វើឱ្យ​បញ្ជី​បោះឆ្នោត​កាន់តែ​មាន​ភាពពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​​បោះឆ្នោត ឆ្នាំ​ ២០២០ ​នេះ​។

គ.ជ.ប. ប្រាប់ថា ប្រព័ន្ធ​ផ្លាស់ប្តូរ​ឯកសារ​នេះ​នឹង​ដំណើរការ​តាម​គេហទំព័រ​ voterlist.nec.gov.kh ​ចាប់ពី​ថ្ងៃទី​ ២៨ សីហា ដល់​ថ្ងៃទី​ ១៩ តុលា ឆ្នាំ​ ២០២០​។ ​អ្នកមាន​ឈ្មោះ និង​ទិន្នន័យ​ក្នុង​ អ.ខ. [​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​] ប្រភេទ​ថ្មី​មាន​ឈីប​​ (Chip) ​ដូច​គ្នា​ទៅនឹង​ឈ្មោះ និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​ ២០១៩ អាច​ស្នើសុំ​ផ្លាស់ប្តូរ​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី​របស់​ខ្លួន​តាម​អនឡាញ​ចាប់ពី​ថ្ងៃទី​ ២៨ ខែសីហា ដល់​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ​ ២០២០​។

លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា អ្នកមាន​ឈ្មោះ​ឬ​/ និង​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ ប្រភេទ​ថ្មី​មាន​ឈីប​ខុស​គ្នា​ទៅនឹង​ឈ្មោះ ឬ​/​ និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​ ២០១៩ ត្រូវ​ទៅ​ជួប​ជាមួយ​ក្រុម​​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​ស្នើសុំ​កែតម្រូវ​ឈ្មោះ ឬ​/ និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ឱ្យ​ដូចគ្នា​ទៅនឹង​ឈ្មោះ ឬ​/​ និង​ទិន្នន័យ​ក្នុង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី​របស់​ខ្លួន​ក្នុង​អំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃ​​ទី​ ១ ដល់​ថ្ងៃទី​ ១៩ ខែ​តុលា ឆ្នាំ​ ២០២០៕