កំពតៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ក្រុង​បូកគោ ក្នុង​អាណត្តិ​ទី​៣ ឡើងវិញ នៅពេល​ខាងមុខ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​រមណីយដ្ឋាន​បូកគោ​ជា​ក្រុង​ថ្មី​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គជប កាលពី​ថ្ងៃទី​ ២ ខែមេសា​។

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ ៣៨ អនក្រ .បក ចុះ​ថ្ងៃទី​ ១៦ ខែ មីនា ឆ្នាំ​ ២០២១ ​ដោយ​សម្រេច​បង្កើត​ក្រុង​បូកគោ​ដែល​ក្រុង​នេះ​មាន​សង្កាត់​ចំនួន ៣ គឺ សង្កាត់​បឹងទូក សង្កាត់​កោះតូច និង​សង្កាត់​ព្រែកត្នោត​។

មាត្រា​ ៧៨ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ​ការរៀបចំ ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ដែល​បង្កើត​ថ្មី​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​យ៉ាងយូរ ២៤០ ​ថ្ងៃ បន្ទាប់ពី​ការបង្កើត​ខេត្ត ក្រុង ស្រុក ខណ្ឌ​នោះ ។

លោក​ សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សម្រាប់​ក្រុង​បូកគោ​ដែល​ទើប​បង្កើត​ថ្មី​នេះ គ.ជ.ប ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​កាលបរិច្ឆេទ​ដែល​កំណត់ដោយ​នាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ទោះជា​យ៉ាងណា​មក​ដល់​ពេល​នេះ គ.ជ.ប មិនទាន់​បានទទួល​សំណើ ឬ ការកំណត់​កាលបរិច្ឆេទ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ​។

លោក សោម សូរីដា ពន្យល់ថា ការបោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ក្រុង​បូកគោ​ប៉ុណ្ណោះ​ហើយ​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ក្រសួងមហាផ្ទៃ​មាន​សិទ្ធិ​ក្នុង​ការចុះឈ្មោះ​គណបក្ស​ ឬ​បេក្ខជន​ឈរឈ្មោះ​របស់ខ្លួន​សម្រាប់​ការបោះឆ្នោត ក្រុមប្រឹក្សា​ក្រុង​បូកគោ​នេះ​។

សម្រាប់​អង្គ​បោះឆ្នោត​មានតែ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅក្នុង​មុខតំណែង​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​នៅក្នុង​ក្រុង​បូកគោ​នេះ​មាន​សង្កាត់​ចំនួន​ ៣ ​ហើយ​សមាជិក​ក្រុមប្រឹក្សា​នៅក្នុង​ឃុំ​សង្កាត់​ទាំង ៣ នេះ​គឺជា​អង្គ​បោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ហើយ​គណបក្ស​នយោបាយ​នីមួយៗ​ប្រាកដ​ជា​ដឹង​ហើយ​ថា គណបក្ស​នយោបាយ​ណា​មាន​អាសនៈ​នៅក្នុង​សង្កាត់​ទាំង​ ៣ ​នៃ​ក្រុង​បូកគោ​នេះ​»​។

លោក​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ​ពី​ម្សិលមិញ​។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​ថ្លែង​ថា នៅក្នុង​អំឡុង​ពេលនេះ​គឺ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរង់ចាំ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នេះ ព្រោះ​រាជដ្ឋាភិបាល​បាននិង​កំពុង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូវីដ​១៩​។

ទោះយ៉ាងណា​លោក ផៃ ស៊ីផាន ថា នៅពេល​ដែល​ស្ថានភាព​មាន​ដំណើរការ​ល្អប្រសើរ​ឡើងវិញ​គឺ​អាច​ចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​នេះ​បាន​ហើយ ពីព្រោះ​នាពេលនេះ​គឺ​រដ្ឋាភិបាល​មិនឱ្យ​មានការ​ជួបជុំគ្នា​នោះទេ​ដូច្នេះ​ការរៀបចំ​ការបោះឆ្នោត ពិបាក​ក្នុង​ការធ្វើ​។

លោក​ ផៃ ស៊ីផាន ​បាន​ថ្លែងថា​៖ «​យើង​មើល​ស្ថានភាព​សព្វថ្ងៃនេះ វា​មាន​បញ្ហា​អ្វីខ្លះ ទី​១ ​ត្រូវ​រក​វិធាន​ថ្មី​នៃ​ការបោះឆ្នោត​តាមរយៈ​ការបោះឆ្នោត តាម​អនឡាញ​ ឬ​តាម​ណាមួយ​សមស្រប វា​​អាស្រ័យ​លើ គ.ជ.ប គួរតែ​ពិនិត្យមើល​បញ្ហា​នេះ​»​។

លោក​ កន សាវាង្ស​អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ Comfrel ថ្លែងថា រាល់​ការបោះឆ្នោត​ត្រូវតែ​មាន​ការប្រកួតប្រជែង​ពី​គណបក្សនយោបាយ​។ លោក​បាន​បន្តថា​៖ «​វា​មិនមែន​ការគ្រប់គ្រង​ទៅលើ​កន្លែង​​ដែល​បង្កើត​ថ្មី ហើយ​មិនមាន​ការប្រកួតប្រជែង​តាមរយៈ​ការឆ្លងកាត់​ពី​គណបក្ស​នយោបាយ​នោះទេ ពី​ឃុំ​សង្កាត់ ទើប​ដល់​ក្រុង​»​។

លោក សាវាង្ស ផ្តល់​ជា​យោបល់​ថា ការបោះឆ្នោត​នីមួយៗ​ត្រូវ​តែ​មាន​ការចូលរួម​ពី​គណបក្សនយោបាយ​ ប៉ុន្តែ​បើ​មិនមាន​ទេ គួរតែ​ពិនិត្យ​សារ​ឡើងវិញ ដើម្បីឱ្យ​ការគ្រប់គ្រង​ទីក្រុង​បូកគោ​ថ្មី​នេះ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។

យោងតាម​មាត្រា​ ១៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​មាន​ក្រុមប្រឹក្សា​របស់ខ្លួន​ដែល​ត្រូវបាន​ជ្រើសរើស​ឡើង​តាមរយៈ​ការបោះឆ្នោត​អសកល ស្រប​តាម​នីតិវិធី​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ដែល​ហៅកាត់​ថា «​ក្រុមប្រឹក្សា​»៕