
លោក អ៊ី សាំងឡេង (ឆ្វេង) អ្នកនាំពាក្យ LDP ថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងមក។ ហ៊ាន រង្សី
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ៨ ខែមករា ដោយបានអះអាងថា ការចោទប្រកាន់របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លើដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការធ្វើបច្ចុប្បនភាពប្រចាំឆ្នាំនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០២០ ថាមានភាពមិនប្រក្រតីនោះគឺជាការចោទប្រកាន់គ្មានមូលដ្ឋានគតិយុត្ត។
យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប បានឱ្យដឹងថា៖ «ចំពោះពាក្យបណ្ដឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យភាគច្រើនគឺមិនមានភ័ស្តុតាងគតិយុត្តគ្រប់គ្រាន់ និងគ្មានអង្គហេតុច្បាស់លាស់ ដែលបញ្ជាក់ថា អ្នកចុះឈ្មោះបោះឆ្នោត ឬ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ឬអាជ្ញាធរឃុំ សង្កាត់បានប្រព្រឹត្តខុសពីបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ឡើយ»។
សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា ស្ទើរតែគ្រប់ការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស នៅពេលសង្កេតការណ៍នៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបង្កការអុកឡុកនៅក្នុងការិយាល័យចុះឈ្មោះ ដោយមានការឈ្លោះប្រកែកគ្នាជាមួយមន្ត្រីចុះឈ្មោះបោះឆ្នោតរួចធ្វើសកម្មភាពលួចថតរូបភាព ថតសំឡេង និងទាញកញ្ឆក់យកឯកសារបស់សាមីខ្លួនអ្នកចុះឈ្មោះបោះឆ្នោតដោយពុំបានសុំការអនុញ្ញាត។
គ.ជ.ប បានសង្កេតឃើញថា ចាប់តាំងពីការចាប់ផ្តើមដាក់ភ្នាក់ងារគណបក្សនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានព្យាយាមបង្កើតជាបញ្ហាផ្សេងៗមិនឈប់ឈរ ដូចជា បង្កើតទម្រង់ប្រើប្រាស់សម្រាប់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោតដែលទម្រង់នេះជាទម្រង់ខុសពីនីតិវិធីរបស់ គ.ជ.ប គឺទម្រង់បែបបទពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧)។
យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប បានឱ្យដឹងថា៖ «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ គ.ជ.ប ត្រេកអរយ៉ាងខ្លាំងចំពោះភាគីពាក់ព័ន្ធដែលបានសាទរចំពោះលទ្ធផលដ៏ល្អប្រសើរនេះ។ ប៉ុន្តែ គ.ជ.ប សោកស្តាយដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បដិសេធមិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតនេះថែមទាំងមានការតិះដៀលស្អប់ខ្ពើមស្ថាប័នជាតិសាសន៍ខ្លួនឯង រួមមាន គ.ជ.ប ដែលជាអាជ្ញាកណ្តាល និងបានបដិសេធក្រុមប្រឹក្សាធម្មនុញ្ញផងដែរ»។
លោក អ៊ី សាំងឡេង អ្នកនាំពាក្យ LDP បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ គ.ជ.ប បានបង្ហាញពីលក្ខណៈនយោបាយដែលប្រាសចាកពីតួនាទីរបស់ខ្លួនជាស្ថាប័នមួយមានភាពអព្យាក្រឹត យុត្តិធម៌ និងឯករាជ្យ និងមិនមានគោលនយោបាយគាំទ្រគណបក្សណាមួយ។
លោកថ្លែងថា៖ «គាត់ (គ.ជ.ប) យូរៗទៅភ្លេចតួនាទីរបស់ខ្លួនជាអាជ្ញាកណ្តាល បានក្លាយជាអ្នកប្រឆាំងជាមួយ LDP បាត់ទៅហើយហ្នឹង ហើយមួយទៀត សាររបស់គាត់ គ.ជ.ប ពោរពេញទៅដោយការបំភ្លៃការពិតជាច្រើនបន្លប់មតិសាធារណៈជាច្រើនឱ្យយល់ទៅតាមគាត់ថា LDP ប្តឹងមិនមានភ័ស្តុតាង ប៉ុន្តែគាត់អត់បានទៅស៊ើបអង្កេតទេ»។
លោក សម គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជាហៅកាត់ និចហ្វិក ថ្លែងថា អ្វីដែល LDP គេមានភ័ស្តុតាងដែលគណបក្សនេះបានរកឃើញនូវភាពមិនប្រក្រតីតាមរយៈភ្នាក់ងាររបស់គេ ហើយអង្គការសង្គមស៊ីវិលក៏គេមើលឃើញដូចគ្នាដែរ៕