ភ្នំពេញៈ បើទោះ​ជា​ទឹក​ជំនន់​​នៅ​តែ​បន្ដ​ជន់​លិច​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ក្តី ​ប៉ុន្តែ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គជប)​ បាន​អះអាង​ថា ​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ការិយា​ល័យ​បោះ​ឆ្នោត​នោះទេ​ ហើយ​ការ​បោះ​ឆ្នោត​នឹង​ប្រ​ព្រឹ​ត្ដ​ទៅតាម​ធម្មតា​ ដូច​ការ​គ្រោង​ទុក​។

លោក ឌឹ​ម សុវណ្ណារុំ ​អ្នក​នាំ​ពាក្យ ​គ.​ជ​.ប.​ បាន​ឲ្យ​ដឹង​ថា គិត​មកដល់​​ត្រឹម​ថ្ងៃពុធ ​ទី ២៥​ ខែកក្កដា​នេះ ​គ.ជ.ប.​ នៅ​មិនទាន់​ទទួល​បាន​របាយ​ការណ៍​ណា​មួយ​នៅឡើយ​ទេ​ទាក់​ទង​នឹង​ទឹក​ជំនន់​ជន់​លិច​ ការិយាល័យ​បោះ​ឆ្នោត​។ ប៉ុន្តែ​ បើ​ទោះ​បី​ជា​មាន​ការ​ជន់​លិច​ខ្លះ​ក៏​ដោយ ក៏​ការ​បោះ​ឆ្នោត​នៅ​តែ​ប្រព្រឹត្ត​ទៅ ​តាម​ការ​គ្រោង​ទុក ​ថ្ងៃទី​២៩ ​ខែកក្កដា ​ចាប់ពី​ម៉ោង​៧ព្រឹក ​ដល់​ម៉ោង​៣​រសៀល ​នៅក្នុង​ការិយា​ល័យ​បោះឆ្នោត​សរុប​ចំនួន​២២៩៦៧​ការិយាល័យ​ទូទាំង​ប្រទេស​។

លោកសុ​វណ្ណា​រុំ ​អះអាង​ថា​៖​«យើង​មិនទាន់​មាន​របាយ​ការ​ណ៍អ្វី​ទេ ឥឡូវ​កំពុង​រង់ចាំ​របាយ​ការ​ណ៍ពី​ខេត្ដ។ ចំពោះ​ការ​ត្រៀម​លក្ខណៈ​នៃ​គ្រោះ​ទឹក​ជំនន់​នេះ ​យើង​នឹងធ្វើ​ទៅតាម​នីតិ​វិធី​បោះ​ឆ្នោត​»​។

លោក​ថា៖«​នៅពេលដែល​យើង​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៧ ​ពេល​យើង​សម្រេច​កំណត់​លេខ​ការិយា​ល័យ ​និង​ទីតាំង​ការិយាល័យ​បោះឆ្នោត ​ក៏​យើង​បាន​ប្រ​មើល​មើល​ដែរ​អំពី​ឧបសគ្គ​ក្នុង​ការកំណត់​ឲ្យ​មាន​ការិយា​ល័យ​បោះ​ឆ្នោត​នេះ​។ ការ​បោះឆ្នោត​កន្លងមក​ គ.ជ.ប. ​មានបទ​ពិសោធហើយ​ ចំពោះ​ការបោះឆ្នោត​នៅក្នុង​រដូវ​វស្សា​នេះ​ អ៊ីចឹង​គ.ជ.ប ​មានបទ​ពិសោធគ្រប់គ្រាន់​ក្នុងការ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​បោះឆ្នោត​ឲ្យ​បាន​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​ទូទាំង​ប្រទេស»​។

លោក ប៉ែន ​ឈុន​ឌី ​ប្រធាន​គណៈ​កម្មកា​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ដ​រត​ន​គិរី​បាន​ឲ្យ​ដឹង​ថា៖​«ទឹក​ឡើង​ខ្លាំង​នៅ​ទន្លេ​សេសាន តែ​នៅ​មិន​ទាន់​លិច​ដល់​ការិយា​ល័យ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ​។ ​ប៉ុន្ដែ​ផ្លូវ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លះ​ដែរ ព្រោះ​មេឃ​ភ្លៀង​អ៊ីចឹង​ផ្លូវ​រអិល តែ​យើង​នៅ​តែ​ទៅ​បាន​មិន​អី​ទេ»​ ខណៈ​ការិយា​ល័យ​បោះ​ឆ្នោត​នៅ​ខេត្ដ​រតន​គិរី មាន​ចំនួន​សរុប ២៧៥ ការិយា​ល័យ​។

លោក សេង​ ណេង ​ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ដ​កោះកុង ​បាន​ឲ្យដឹង​​ដែរ​ថា គ្រោះ​ទឹក​ជំនន់​នេះ បាន​ប៉ះពាល់​តែ​ការធ្វើ​ដំ​ណើរ និង​ការដឹក​ជញ្ជូន​ប៉ុណ្ណោះ មិន​មាន​ប៉ះពាល់​ដល់​ការិយា​ល័យ​បោះ​ឆ្នោត​ទេ។

លោក​ថា​៖​ «យើង​មិន​មាន​ផល​ប៉ះ​ពាល់​ និង​ការដូរ​ទីតាំង​អ្វី​ទេ ក្នុង​ចំណោម​ការិយា​ល័យ​សរុប​ចំនួន១៨២​ការិ​យាល័យ​នេះ​។ ខាង​ខ្ញុំ​នេះ​ទោះ​ភ្លៀង​ខ្លាំង​យ៉ាង​ម៉េច​ ក៏​ការិ​យា​ល័យ​នៅ​ដំណើរការ​បាន​ដែរ​ ព្រោះ​ទីតាំង​ការិយា​ល័យ​យើង​បាន​ដាក់​នៅ​ទី​តាំង​សុវត្ថិ​ភាព​ នៅ​វត្ដ​អារាម និង​សាលា​រៀន»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក ​វន ថន​ ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ដ​បាត់​ដំបង បាន​ឲ្យ​ដឹងថា ទឹក​នៅ​បាត់​ដំបង់​បាន​ស្រក​ចុះ​ច្រើន​ហើយ​ ចំពោះ​ការិយាល័យ​បោះ​ឆ្នោត​ ក៏មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដែរ ​ប៉ុន្ដែ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ការិ​យាល័យ នៅ​មាន​ភក់​ល្បាប់​ខ្លះ។

លោក មាង ម៉េង ហ៊ួ​ន ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ដ​កំពង់ចាម ថ្លែង​ថា មកដល់​ថ្ងៃទី២៥ ខែកក្កដា​ មិន​មាន​​បញ្ហា​ទឹក​ជំ​នន់​អ្វី​ទេ​នៅ​ខេត្ដ​កំពង់ចាម​ទោះ​ទឹកទន្លេ​បន្ដ​ឡើង​ក៏ដោយ ប៉ុន្ដែ​មានការ​លំបាក​ចំពោះ​ការធ្វើដំណើរ ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង។

លោក ​ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ បានថ្លែង​​ថា​ ​វា​ជាការ​ទទួល​ខុស​ត្រូវ​របស់​ គ.ជ.ប.​។

លោកបាន​បន្ដ​ថា៖«​ពិតជា​បញ្ហា ​ចំពោះ​ការលិច​ទឹក​អ៊ីចឹង ​តែជា​ការទទួល​ខុស​ត្រូវ​របស់ ​គ.ជ.ប.​។ យើង​បាន​ស្នើ​ហើយ​ទៅ​ គ.ជ.ប.​ ប៉ុន្ដែ​មិនដែល​បាន​ទេ ​អ៊ីចឹង​ទុក​ឲ្យ ​ គ.ជ.ប​. ជាអ្នក​ទទួល​ខុស​ត្រូវ​ទៅ​»។

​លោក​ សុខ ​ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន ​បាន​ថ្លែង​ថា បើ​ទឹក​លិច​កន្លែង​ណា ​នឹង​ផ្លាស់​កន្លែង​នោះ​ទៅ​ទីទួល​សុវត្ថិភាព​វិញ​។

លោក​បានថ្លែង​ថា​៖«ដែ​បើ​ប៉ះពាល់​កន្លែង​ណា​ គេ​នឹង​ផ្លាស់​កន្លែង​នោះ​ទៅ​ទីទួល​សុវត្ថិភាព​វិញ​ហើយ​។ ប៉ះពាល់​បន្តិចបន្តួច​ បួនដប់​ការិយាល័យ​ គេ​មិន​ចាត់ទុក​ជា​មូលដ្ឋាន​ទេ​»។