The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គជប ថា NGO និង បក្ស​អាច​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ មក​ពិនិត្យ​បញ្ជី​បាន

គជប ថា NGO និង បក្ស​អាច​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ មក​ពិនិត្យ​បញ្ជី​បាន

Content image - Phnom Penh Post
មន្ត្រី គជប ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ម្សិលមិញ។ ហុង មិនា

គជប ថា NGO និង បក្ស​អាច​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ មក​ពិនិត្យ​បញ្ជី​បាន

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប) ថា​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​អាច​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ពិនិត្យ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​តាម​​ទីសាធារណៈ​បាន​តែ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​ខណៈ​ដែល​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​នឹង​ត្រូវ​បិទ​ផ្សាយ​​នៅ​ទីតាំង​យ៉ាង​តិច​ពីរ​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ការ​បិទ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ទីស្នាក់ការ​ គ.ជ.ប. កាលពី​ម្សិលមិញ​ភាគី​គ.ជ.ប. បាន​កំណត់​យក​ថ្ងៃ​ទី​ ៣ ដល់​ថ្ងៃ​ទី​ ១៤ ខែ​កមរា ឆ្នាំ​ ២០១៧ ជា​រយៈពេល​ដែល​ត្រូវ​បិទ​បញ្ជី​បោះឆ្នោត​ដំបូង។

ក្នុង​រយៈពេល​នេះ​ពលរដ្ឋ​អាច​ពិនិត្យ​​ឈ្មោះ​របស់​ខ្លួន​ និង​ថា​បើ​មាន​រក​ឃើញ​ថា​ខុស​ទិន្នន័យ​ ឬ​បាត់​ឈ្មោះ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​សុំ​កែ​សម្រួល ឬ​ចុះ​ឈ្មោះ​ជាថ្មី​បាន​ក្នុង​ករណី​មាន​បង្កាន់​ដៃ​។ ជាមួយ​គ្នា​នោះ​​ពលរដ្ឋ​ក៏​អាច​ប្តឹង​ជំទាស់​នឹង​ឈ្មោះ​អ្នក​ផ្សេង​ដែល​ពួកគាត់​សង្ស័យ​ ឬ​ដឹង​ថា​មិន​មាន​លក្ខណ​សម្បត្តិ​​គ្រប់គ្រាន់​សម្រាប់​បោះឆ្នោត​ផង​ដែរ​។

ដើម្បី​ឲ្យ​ព័ត៌មាន​ទាំង​នេះ​បាន​ដឹង​ដល់​​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​អគ្គលេខាធិការ​ គ.ជ.ប. លោក ទេព ​នីថា ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា​ គ.ជ.ប. បាន​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​តាំងពី​ខែ​មុន​ម៉េះ។

លោក​បន្ត​ថា​ មធ្យោ​បាយ​ផ្សព្វផ្សាយ​កន្លង​មក​មាន​ដូចជា​តាម​ទូរទស្សន៍ និង​វិទ្យុ និង​ថា​មាន​អង្គការ​ដៃគូ​មួយ​ចំនួន​ក៏​បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ផង​ដែរ។

មួយ​វិញ​ទៀត​ លោក​ថា​នៅ​ថ្ងៃ​បិទ​បញ្ជី​បោះឆ្នោត​ដំបូង​ គ.ជ.ប. នឹង​មាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​តាម​ឧបករណ៍​បំពង​សំឡេង​ចល័ត​​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ។ ​ត្រង់​ចំណុច​នេះ​ដែរ​គណបក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ដែល​ចង់​ផ្សព្វផ្សាយ​បន្ថែម​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​តែ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​​ជា​មុន​សិន។

លោក ទេព នីថា ឲ្យ​ដឹង​ថា​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នេះ​នឹង​ត្រូវ​បិទ​ផ្សាយ​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ឃុំ​សង្កាត់​នីមួយៗ​តាម​សាលា​ឃុំ ឬ​សង្កាត់ និង​ទី​ពីរ​អាច​ថា​នៅ​តាម​ទីប្រជុំជន​ណា​មួយ​ក្នុង​ឃុំ​សង្កាត់​នោះ។

ទោះ​យ៉ាង​ណា ​លោក​ថា ​គណបក្ស​នយោបាយ​ក៏​អាច​ទិញ​បញ្ជី​ឈ្មោះ​នេះ​ពី គ.ជ.ប. ដើម្បី​យក​ទៅ​បិទ​ផ្សាយ​នៅ​តាម​ស្នាក់ការ​បក្ស​របស់​ខ្លួន​បាន​ដែរ​ដោយ​​​ឯកសារ​នោះ​មាន​តម្លៃ​ទៅ​តាម​តម្លៃ​ផលិត​ជាក់ស្តែង។

លោក​បន្ថែម​ថា៖ «រួម​មក​វិញ​នេះ​ជា​ការងារ​ដែល​យើង​បាន​ធ្វើ​ជា​យន្តការ​ដែល​យើង​បាន​ផ្សព្វផ្សាយ​...ជាមួយ​គ្នា​នេះ​នៅ​ទី​នេះ​មាន​តំណាង​អង្គការ​គណបក្ស​នយោបាយ​អ្នក​យក​ព័ត៌មាន​ក៏​អំពាវនាវ​ផង​ដែរ​សហការ​ផ្សាយ​ព័ត៌មាន​នេះ​ដល់​ពលរដ្ឋ...ទាក់ទង​នឹង​ការ​​ផ្សព្វផ្សាយ​​របស់​គណបក្ស​នយោបាយ..ជា​សាធារណៈ​ណា​មួយ​នោះ​ត្រូវ​សុំ​ទៅ​អាជ្ញាធរ»។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី ម៉េង សុភារី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា​គណបក្ស​នឹង​ដាក់​ពាក្យ​ទិញ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តាម​នីតិវិធី​របស់​ គ.ជ.ប. ដើម្បី​បិទ​ផ្សាយ​នៅ​តាម​ស្នាក់ការ​របស់​ខ្លួន។

ទោះ​យ៉ាង​ណា លោកស្រី​ថា​ តម្លៃ​របស់​ឯកសារ​ទាំង​នេះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ជាមួយ​គ្នា​នេះ​អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា​គណបក្ស​នឹង​ចូលរួម​ផ្សព្វផ្សាយ​ពី​ការ​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ផង​ដែរ។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា​គណបក្ស​ក៏​ត្រៀម​ដាក់​ពាក្យ​ប្តឹង​ជំទាស់​លើ​អ្នក​ចុះ​ឈ្មោះ​ប្រហែល​ជា​ប្រាំ​ពាន់​នាក់​លើ​លក្ខខណ្ឌ​សញ្ជាតិ​ដោយ​ថា​អ្នក​ទាំង​នោះ​ជា​ជនជាតិ​វៀតណាម​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ថា​ភាគច្រើន​នៅ​ភ្នំពេញ និង​​ខេត្ត​ស្វាយរៀង។

លោកស្រី​បន្ថែម​ថា៖ «យើង​ឃើញ​ថា​ជន​ទាំង​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ​ប៉ុន្តែ​ថា​តើ​អត្តសញ្ញាណប័ណ្ណ​នោះ​ត្រឹមត្រូវ​តាម​សញ្ជា​តូបនីយកម្ម​ដោយ​មាន​ព្រះរាជក្រឹត្យ​ដែរ​ឬ​យ៉ាង​ណា?

ភ្នាក់ងារ​គណបក្ស​តាម​មូលដ្ឋាន​អាច​ដឹង​ពី​រឿង​នេះ​ច្រើន»។

ជា​បណ្តោះអាសន្ន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​នឹង​ត្រូវ​បិទ​ផ្សាយ​នោះ​មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ចំនួន​ ៧ ៨៧៥ ៥១២ នាក់។

ដោយ​ឡែក​សុពលភាព​ និង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នឹង​ប្រកាស​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពី​ដោះស្រាយ​បណ្តឹង​ទាស់​រួច​រាល់។ ក្រោយ​ការ​ប្រកាស​បញ្ជី​ផ្លូវការ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្តឹង​តវ៉ា​ចំពោះ​បញ្ជី​ឈ្មោះ​នេះ​ទៀត​ទេ៕

អត្ថបទគួរចាប់អារម្មណ៍