ភ្នំពេញៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ គិតត្រឹមថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងពីគណបក្ស និងភាគីពាក់ព័ន្ធចំនួន ១០៣ បណ្ដឹងក្នុងនោះដោះស្រាយជាសះចំនួន ៤១ បណ្ដឹង និងកំពុងបន្តដោះស្រាយចំនួន ៦២ បណ្ដឹង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ កាលពីម្សិលមិញបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែតុលានេះ គ.ជ.ប បានទទួលពាក្យបណ្ដឹងពីគណបក្សប្រជាជនកម្ពុជាចំនួន ៥ បណ្ដឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ៩៤ បណ្ដឹង និងប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ៤ បណ្ដឹង សរុបចំនួន ១០៣ បណ្ដឹង។
ក្នុងចំណោមបណ្ដឹងទាំងនេះមាន ៥៥ បណ្ដឹងត្រូវបានប្ដឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាពាក្យបណ្ដឹងសុំឱ្យផ្ដន្ទាទោស និង ៤៨ បណ្ដឹងប្ដឹងផ្ទាល់នៅ គ. ជ.ប ជាករណីប្ដឹងមន្ដ្រីបោះឆ្នោត និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការធ្វើបច្ចុប្បន្នភាពដំណើរការ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ កាលពីម្សិលមិញនៅទីស្ដីការ គ.ជ.ប រាជធានីភ្នំពេញថា៖ «បណ្ដឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោតរហូតមកទល់ពេលនេះមានបណ្ដឹងមួយចំនួនពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោតត្រូវបានដាក់ និងដោះស្រាយនៅឃុំ-សង្កាត់ ហើយមួយចំនួនទៀតបានបន្តដាក់មកកាន់ គ.ជ.ប»។
លោកថ្លែងថា គ.ជ.ប បញ្ចប់ការចុះឈ្មោះតាមឃុំ-សង្កាត់ ក៏ប៉ុន្ដែពុំមានន័យថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលសម្រាប់ឆ្នាំ ២០២០ ត្រូវបញ្ចប់ទាំងស្រុងនោះទេ គឺនៅមាននីតិវិធីជាច្រើនបន្តបន្ទាប់ទៀត ក្នុងនោះមានការបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស និងការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធជាដើម។
លោកបន្តថា កាលបរិច្ឆេទចុងក្រោយសម្រាប់ការពិនិត្យ សម្រេច និងផ្ដល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២០ ជាផ្លូវការគឺនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីបញ្ចប់ជាស្ថាពរនូវគ្រប់នីតិវិធី និងការដោះស្រាយលើពាក្យបណ្ដឹងដែលពាក់ព័ន្ធ។
លោក ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បញ្ជាក់បន្ថែមកាលពីម្សិលមិញថា គិតត្រឹមវេលាម៉ោង ៦ ល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំនេះ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតមានចំនួន ២៥៦ ៥៤៥ នាក់នៃចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះសរុបចំនួន ៣០០ ៣៩០ នាក់ដែលស្មើនឹង ៨៥,៤០%។
លោកថ្លែងថា៖ «យើងស្វាគមន៍រាល់បណ្ដឹង ព្រោះយើងធ្វើកិច្ចការអ្វីក៏ដោយ មិនដែលល្អឥតខ្ចោះនោះទេ។ យន្តការបណ្ដឹងមានច្រើន គឺយើងចាត់វិធានការទៅតាមយន្តការនោះ។ យើងបន្តធ្វើកិច្ចការងារនេះ ដើម្បីតម្លាភាពការងារអាចឲ្យភាគីពាក់ព័ន្ធទាំងអស់ទទួលយកបាន និងអស់ចិត្ដទាំងអស់គ្នាលើកិច្ចការងារនេះ»។
បើតាមលោក ឌឹម សុវណ្ណរុំ នៅថ្ងៃអង្គារនេះ គ.ជ.ប នឹងប្រជុំដើម្បីពិនិត្យមើលថា តើនីតិវិធីអនុញ្ញាតឲ្យធ្វើការដោះស្រាយយ៉ាងម៉េច។ ពិនិត្យមើលការប្ដឹងនោះរបៀបម៉េចគឺត្រូវដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន។ បណ្ដឹងខ្លះវាអាចបញ្ចប់នៅត្រឹម គ.ជ.ប បណ្ដឹងដែលមិនអាចបញ្ចប់នៅ គ.ជ.ប គឺអាចប្ដឹងតទៅក្រុមប្រឹក្សាធម្មនុញ្ញថែមទៀតទៅតាមប្រភេទបណ្ដឹង។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក ចិន ថុន អ្នកនាំពាក្យគណបក្សនេះបដិសេធ អត្ថាធិប្បាយកាលពីម្សិលមិញដោយប្រាប់ថា ជាប់រវល់។
លោក ឆុង ចាន់ថន តំណាងមកពីគណបក្សយុវជនកម្ពុជាសង្កេតឃើញថា ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតមិនមានបញ្ហាកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ លោកបន្ដថា៖ «ខ្ញុំសង្កេតឃើញមានគណបក្សមួយចំនួនបានប្រាប់ទៅប្រជាពលរដ្ឋថាអ្នកដែលស្រឡាញ់ជាតិ និងប្រជាពលរដ្ឋទាល់តែប្រឆាំងជាមួយ គ.ជ.ប។ ប៉ុន្ដែគណបក្សខ្ញុំសង្កេតឃើញថា គ.ជ.ប បានប្រឹងប្រែងក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោតឆ្នាំនេះទទួលបានលទ្ធផលល្អ»។
លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ NIFEC មើលឃើញថា មន្ត្រីរបស់ គ.ជ.ប បានខិតខំប្រឹងប្រែងក្នុងការអនុវត្ដកិច្ចការងាររៀបចំចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំនេះ។ ប៉ុន្ដែលោកសូមសំណូមពរឲ្យ គ.ជ.ប ធ្វើបច្ចុប្បន្នភាពលើសម្ភារ និងបរិក្ខារសម្រាប់ការរៀបចំចុះឈ្មោះបោះឆ្នោតឲ្យបានទំនើប និងទាន់ពេលវេលាក្នុងពេលអនុវត្ដការងារនាពេលខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញបញ្ហាប្រឈមមួយចំនួន ចំពោះការដំណើរការចុះឈ្មោះបោះឆ្នោតនេះក្នុងនោះមានឧបករណ៍សម្ភារសម្រាប់ដំណើរការនៃការចុះឈ្មោះបោះឆ្នោតមានសភាពចាស់ៗប្រព័ន្ធអ៊ីនធឺណិតមានល្បឿនយឺត និងបញ្ហាអគ្គិសនី។ បញ្ហាទាំងនេះនាំឲ្យមានការលំបាកដល់ការចុះឈ្មោះបោះឆ្នោត»៕