ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បាន​ទទួល​បណ្តឹង​តវ៉ា​ចំនួន​ ១៣៩ ​ករណី​ពី​ពលរដ្ឋ​ និង​តំណាង​បក្សនយោបាយ បន្ទាប់ពី​បញ្ចប់​នៃ​ការបិទ​ផ្សាយ​នូវ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត កាលពី​ថ្ងៃទី​ ២ ខែ​ធ្នូ​។ អ្នក​ឃ្លាំមើល​ស្នើឱ្យ គ.ជ.ប. ដោះស្រាយ​ឱ្យ​មាន​សុក្រឹតភាព​នូវ​បណ្តឹង​ដែល​ទទួលបាន​។

លោក​ សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា បណ្តឹង​ទាំងអស់​ត្រូវបាន​ដាក់​នៅ​ក្រុមប្រឹក្សាឃុំ​សង្កាត់​មាន​ ១៣៨ ​បណ្តឹង និង​ ១ ​បណ្តឹង​បាន​ដាក់​នៅ​ គ.ជ.ប.។ បណ្តឹង​ទាំង​ ១៣៨ ត្រូវ​បាន​ដោះស្រាយ​សព្វគ្រប់​អស់​ហើយ​នៅ​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ថ្ងៃទី​ ៥ ខែ ​ធ្នូ ឆ្នាំ​ ២០២០​។

លោក​បន្ថែមថា​៖ «​ចំណែក​ ១ ​បណ្តឹង​ទៀត​ដែល​ត្រូវបាន​ប្តឹងមក គ.ជ.ប. ​ពាក់ព័ន្ធ​នឹង​ការដាក់ទោស​ដល់​ក្រុមប្រឹក្សា​ពី LDP [​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​] ​នៅ​ឃុំ​ទឹកថ្លា ស្រុក​ស្វាយអន្ទរ​នៃ​ខេត្ត​ព្រៃវែង​។ បណ្តឹង​ទាំងនេះ គ.ជ.ប. បាន​សិក្សា​ស្រាវជ្រាវ​រួចហើយ​ ប៉ុន្តែ​មិន​ទាន់​ចេញ​សេចក្តី​សម្រេច​នោះទេ​»​។

បើ​តាម​លោក ​សោម សូរិដា បណ្តឹង​ភាគច្រើន​បាន​មកពី​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប្បតេយ្យ​ដែល​បាន​ប្តឹង​ឱ្យ​មាន​ការលុបឈ្មោះ​ប្រជាពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត ដែល​គណបក្ស​នេះ​មើលឃើញ​ពលរដ្ឋ​ទាំងនោះ​ពុំមាន​លក្ខខណ្ឌ​លំនៅ​គ្រប់គ្រាន់​សម្រាប់​ចុះឈ្មោះ​នៅក្នុង​ឃុំ​សង្កាត់​នោះ​។ ប៉ុន្តែ សម្រាប់​ករណីនេះ​តាម​អ្វីដែល​ គ.ជ.ប. បាន​សិក្សា​ជា​ជំហាន​ដំបូង គឺ​ខាង LDP ពុំមាន​លិខិត​យថាភូត​ [​ឯកសារ​ចេញ​ដោយ​អាជ្ញាធរ​] បញ្ជាក់ថា អ្នក​ដែល​ត្រូវ​ប្តឹង​ជំទាស់​ពិតជា​គ្មាន​លំនៅ​ក្នុង​ឃុំ​សង្កាត់​ពាក់ព័ន្ធ​នោះទេ​។

លោក​បន្ថែមថា ចំពោះ​ករណី​ផ្សេងទៀត​ជា​ករណី​របស់​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​កែ​ឈ្មោះ និង​ទិន្នន័យ​មួយចំនួន​ទៀត​។ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ ២ ​នាក់ ដោយ​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់​ខេត្ត​ព្រៃវែង​បាន​ដាក់​បណ្តឹង​ជំទាស់​មក គ.ជ.ប. ដើម្បី​រក្សា​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​វិញ បន្ទាប់ពី​ការសម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​។

លោក​ ហង់ ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប. ឱ្យដឹង​ដែរ​ថា ការដោះស្រាយ​បណ្តឹង​របស់​តំណាង​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ គឺ គ.ជ.ប. ផ្អែកលើ​នីតិវិធី និង​ច្បាប់​ដែល​មាន​ស្រាប់​។ គ.ជ.ប. មិនដែល​ធ្វើ​អ្វី​ខុសពី​នីតិវិធី​ទេ និង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ការដោះស្រាយ​ពាក្យបណ្តឹង​នីមួយៗ​។ ក្នុងដំណាក់កាល​ដំបូង​ត្រូវ​ដោះស្រាយ​នៅតាម​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ គ.ជ.ប. នឹង​ដោះស្រាយ​បន្ត ប្រសិន​បើ​ភាគី​អ្នកប្តឹង​មិន​ទទួល​យក​បាន​នូវ​ដំណោះស្រាយ​ និង​ការសម្រេច​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ បើ​ភាគី​អ្នកប្តឹង​មិន​ពេញចិត្ត​ការសម្រេច​របស់ គ.ជ.ប. ​ទៀត​អាច​ប្តឹង​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ដោះស្រាយ​បណ្តឹង បញ្ចប់​ទាំង​ ៣ ​ដំណាក់កាល​រួចរាល់​ហើយ គ.ជ.ប. នឹង​បិទ​ផ្សាយ​នូវ​សុពលភាព​បញ្ជី​បោះឆ្នោត​ផ្លូវការ​សម្រាប់​ឆ្នាំ​ ២០២០ នៅ​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ សម្រាប់​បោះឆ្នោត​នាពេល​ខាង​មុខ​»​។

លោក​ ចិន ថុន អគ្គលេខាធិការ LDP ឱ្យដឹងថា រាល់​ពាក្យបណ្តឹង​របស់​គណបក្ស​លោក​មាន​ភ័ស្តុតាង ច្បាស់លាស់ មិនមែន​ចេះតែ​ប្តឹង​នោះទេ​។ ចំពោះ​ក្តី​រំពឹង​ការដោះស្រាយ​ទទួល​លទ្ធផល​យ៉ាងណា​នោះ​លោក​ថា LDP គ្រាន់តែ​ចង់​បង្ហាញ​ការពិត​ជូន​ប្រជាពលរដ្ឋ​។

លោក​និយាយថា​៖ «​រឿងនេះ មិនមែន​តែ​សម្រាប់ LDP នោះ​ទេ គឺ​សម្រាប់​ពលរដ្ឋ​ទូទៅ​ដែល​ត្រូវ​ដឹង​ការពិត​ដែល​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ប្រទេសជាតិ ហើយ​បណ្តឹង​ភាគច្រើន​ដែល​យើង​ប្តឹង​នេះ​ពាក់ព័ន្ធ​នឹង​ការចល័ត​ពលរដ្ឋ​ឱ្យ​ចុះឈ្មោះ​ដែល​ខុសពី​ច្បាប់ ខណៈ​ពលរដ្ឋ​ទាំងនោះ​មិន​មាន​លំនៅ​នៅក្នុង​ឃុំ​សង្កាត់​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នោះ​»​។

ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ (NICFEC) ​ឱ្យ​ដឹង​ដែរ​ថា មាន​តំណាង​គណបក្ស​នយោបាយ​មួយចំនួន​បាន​ប្តឹង​ជំទាស់​ទៅនឹង​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​ពាក់ព័ន្ធ​នឹង​អាសយដ្ឋាន ដែល​ពលរដ្ឋ និង​សាក្សី មិន​នៅ​កន្លែង​ដែល​ពួកគេ​ត្រូវ​ចុះឈ្មោះ​។

លោក​ថ្លែងថា​៖ «​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី ដំណើរការ​ល្អ ប៉ុន្តែ​បើ​និយាយ​ជារួម តំណាង​គណបក្ស​នយោបាយ​គឺ​មាន​សិទ្ធិ​ប្តឹង បើ​ពិនិត្យ​មើលឃើញ​ភាពមិនប្រក្រតី​»​។

លោក​បន្តថា​៖ «​គ.ជ.ប. គួរតែ​ដោះស្រាយ​ឱ្យ​មាន​ភាពសុក្រឹត​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ជំទាស់​ណាមួយ ដើម្បី​ធានាបាន​នូវ​បញ្ជី​បោះឆ្នោត​មួយ​មាន​ភាពសុក្រឹត​ និង​ត្រឹមត្រូវ​សម្រាប់​បោះឆ្នោត​នៅ​ឃុំ​សង្កាត់ ព្រឹទ្ធសភា និង​រដ្ឋសភា​នាពេល​ខាង​មុខ​»៕