ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ ជ ប) ​បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ចំពោះ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្ត​កំពត​ចំនួន ៣ គណបក្ស បន្ទាប់​ពី​មាន​គណបក្ស​ចំនួន ៤ បាន​ដាក់​ពាក្យ​សុំ។

កាល​ពី​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​តំបន់​បូកគោ​នៃ​ខេត្ត​កំពត​ជាក្រុង​បូកគោ​ថ្មី​ដោយ​បាន​កាត់​យក​ឃុំ​ចំនួន ៣ ចេញ​ពី​ស្រុក​ទឹកឈូ ខេត្ត​កំពត គឺ​ឃុំបឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃទី ៥ [ថ្ងៃ​ចុង​ក្រោយ] នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​លើក​ទី១ ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្ត​កំពត របស់ គ ជ ប ចុះ​ថ្ងៃទី ១០ ឧសភា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី ១០ ខែ​ឧសភា គិត​ត្រឹម​ម៉ោង ១៧:៣០ នាទី គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​លើក​ទី១ ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្ត​កំពត។

គ ជ ប បាន​បញ្ជាក់​ថា៖ «ក្នុង​រយៈពេល ៥ ថ្ងៃ នៃ​ការ​ដាក់​ពាក្យ​សុំចុះ​បញ្ជី​ទាំង​ពីរ​នេះ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពត បាន​ទទួល​ពាក្យ​សុំពី​គណបក្ស​នយោបាយ​ចំនួន ៤ ដែល​បាន​ដាក់​ពាក្យ​សុំ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២១»។

គជប បាន​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​ទាំង ៤ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​នេះ គឺ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​ដែល​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពត​ បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​ចំពោះ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។

ចំណែក​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពត នឹង​ពិនិត្យ​សម្រេច​លើ​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល​យ៉ាង​យូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​នៅ​ថ្ងៃ​ចន្ទ។ សេចក្តី​ប្រកាស​របស់ គ ជ ប ក៏​បាន​ដឹង​ដែរ​ថា ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​នេះ​ គណបក្ស​នីមួយៗ​បាន​ដាក់​បេក្ខជន​ពេញ​សិទ្ធិ និង​បេក្ខជន​បម្រុង​ចន្លោះ​ពី ២៦ នាក់ ទៅ ២៨ នាក់។

លោក សេង សុខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា ដោយឈរ​លើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា បើ​ទោះ​គណបក្ស​លោក​មិន​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ឬ​អង្គ​បោះឆ្នោត​នៅ​ក្នុង​តំបន់​នេះ ក៏​គណបក្ស​លោក​រីករាយ​នឹង​ចូលរួម​គ្រប់​សកម្មភាព ដើម្បី​គាំទ្រ​ដល់​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

លោក​បាន​បន្ត​ថា ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ប្រជាពលរដ្ឋ​ច្បាស់​ជា​ចង់​ឃើញ​មាន​ការ​ចូលរួម​បោះឆ្នោត​ពី​គ្រប់​គណបក្ស ហើយ​អង្គ​បោះឆ្នោត​ក្នុង​តំបន់​នោះ នឹង​ជ្រើសរើស​គណបក្ស​ដែល​បាន​ចូលរួម​ក្នុង​ពេល​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «បេក្ខជន​របស់​យើង​ទាំង​អស់​នឹង​ទៅ​ឃោសនា ឬ​សុំ​ការ​គាំទ្រ​ពី​អង្គបោះ​ឆ្នោត​ក្នុង​សង្កាត់​ទាំង ៣ នោះ ដោយ​ផ្ទាល់ ព្រោះ​ការ​បោះឆ្នោត​នេះ គឺ​មិនមែន​ជា​ការ​បោះឆ្នោត​ជា​ទូទៅ​ទេ។ យើង​ឲ្យ​បេក្ខជន​របស់​យើង​ទៅ​ឃោសនា​ជាមួយ​អង្គ​បោះឆ្នោត​តែ​ម្តង ហើយ​អង្គ​បោះឆ្នោត​លើក​នេះ មាន​តែ ៣ សង្កាត់ ដែល​មិន​មាន​អ្វី​ច្រើន​ទេ»។

សូម​ជម្រាប​ថា នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពត​កន្លង​ទៅ គឺ​មាន​ក្រុង​ស្រុក​ចំនួន ៨ ក្នុង​នោះ​ក្រុង ១ និង​ស្រុក ៧ ប៉ុន្តែ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​ខេត្ត​នេះ​មាន​ក្រុង​ចំនួន ២ និង​ស្រុក​ចំនួន ៦ វិញ៕