ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ជួប​ពិភាក្សា​ជាមួយ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​​​កាត់​ថា ខុមហ្វ្រែល​ ស្តី​អំពី​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​​បោះឆ្នោត​ឆ្នាំ ២០១៩ ដោយ​ខុមហ្វ្រែល​បានបង្ហាញ​របាយ​ការណ៍​មួយចំនួន​ ពី​​​ក​រ​ណី​​ឈ្មោះ​ស្ទួន ​ក្នុង​បញ្ជី​បោះឆ្នោត និង​​ស្នើ​ឲ្យ​មាន​ការបង្កើត​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចុះ​ថ្ងៃទី ០៥ ខែមិថុនា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា​ បាន​ឲ្យ​ដឹង​ថា គ.ជ.ប បាន​ទទួល​របាយ​ការណ៍​របស់​ខុម​ហ្វ្រែល​រួច​ហើយ​ តាមរយៈ​ការសង្កេត​មើល​ដំណើរ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត និង​ការធ្វើ​សវនកម្ម​ លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៩ ដែល​ខុម​ហ្វ្រែល​បាន​រក​ឃើញថា គុណភាព​នៃ​បញ្ជី​បោះឆ្នោត ​ចាប់ពី​មាន​ការ​កែទម្រង់​បញ្ជី​បោះឆ្នោត និង​ចុះឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១៦ មកដល់​ឆ្នាំ​ ២០១៩ នៅតែ​មាន​ភាព​ល្អ​ប្រ​សើ​រ។ លើសពីនេះ ខុមហ្វ្រែល​បាន​រកឃើញថា ៩៩,៧ ភាគរយ ​នៃ​អ្នកបោះឆ្នោត​ពិតជា​មា​នវ​ត្ត​មាន នៅ​ទីតាំង​ដូចគ្នា​ និង​ទី​តាំង​ក្នុង​បញ្ជី​បោះឆ្នោត គឺជា​សូចនាករ​ ដែល​វាស់​ឲ្យ​ឃើញ​អំពី​គុណភាព​នៃ​បញ្ជី​បោះឆ្នោត​របស់ គ.ជ.ប។

សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា ខុមហ្វ្រែល​បាន​រកឃើញ​ករណី​ឈ្មោះ​ស្ទួន​ ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៤៤ ឈ្មោះ​ នៅក្នុង​ប​ញ្ជី​​បោះឆ្នោត ដោយ​ក្រុមការងារ​បច្ចេកទេសរ​បស់ គ.ជ.ប ទទួលស្គាល់ថា ពិតជា​មាន​មែន ប៉ុន្ដែ​ឈ្មោះ​ស្ទូ​ន​ទាំងនេះ​គឺ​ប​ណ្ដាលមកពី​ការច្រឡំ​ឯកសារ លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដូចគ្នា តែ​ខុសប្រ​ភេទ ​និង​ករណី​បងប្អូន​ភ្លោះ​មាន​លេ​ខ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដូច​គ្នា តែ​ខុស​ប្រភេទ។

លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​ គ.ជ.ប បាន​ថ្លែង​នៅ​ថ្ងៃ​ទី ៧​ខែ​មិថុនា​​ថា ក្រៅពី​ដា​ក់​​របាយការណ៍​ទាំងនេះ​មក ​គ.ជ.ប អង្គការ​ខុម​ហ្វ្រែល​ បានស្នើ​ឲ្យ​បង្កើត​ការិយា​ល័យ​ចុះឈ្មោះ​បោះឆ្នោត​ នៅក្រៅ​ប្រ​ទេ​ស​។ ចំពោះ​ការទាមទារ​នេះ គ.ជ.ប ធ្លាប់​បាន​បំភ្លឺ​ជាច្រើនលើក​​​រួចហើយ​ថា គ.ជ.ប មិនអាច​ធ្វើ​បានទេ ដោ​យ​សា​រ​​ច្បា​ប់​មិន​អនុញ្ញាត​ដូច​មានចែង​ក្នុង​មាត្រា ៥០ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។

លោក​បន្តថា គ.ជ.ប ត្រូវធ្វើ​ប្រតិភូ​កម្ម​អំណាច​ដល់​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ ឲ្យ​បំពេញ​តួនាទី​ជា​តំណាង​របស់ខ្លួន​ក្នុងការ​ពិនិ​ត្យ​​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត​ សម្រាប់​ឃុំ សង្កាត់។ ជា​ង​​នេះ​ទៅ​ទៀត មាត្រា ៥១ នៃ​ច្បាប់​នេះ​ បាន​ចែងថា ដើម្បី​ចុះឈ្មោះ​បោះឆ្នោត ប្រជា​ពលរដ្ឋ​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​សា​លា​ឃុំ ស​ង្កាត់​របស់ខ្លួន ឬ​ទីកន្លែង​ណាមួយ​ក្នុង​ឃុំ សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​ តាម​ការកំណត់​របស់ គ.ជ.ប ខណៈ​ដែល​​នៅក្រៅ​ប្រ​ទេ​ស ក​ម្ពុជា​មិន​មាន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ទេ។

លោក ឌឹ​ម សុ​វណ្ណា​រុំ បញ្ជាក់ថា៖ «ខុមហ្វ្រែល បានស្នើ​សុំ​ឲ្យ គ.ជ.ប ជជែក​ជាមួយ​ស្ថាប័ន​រដ្ឋសភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ដែរ។ ត្រង់ចំណុច​នេះ​ ខ្ញុំ​សូម​ជម្រាប​ថា គ.ជ.ប គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​បច្ចេកទេស​សុទ្ធសាធ ហើយ គ.ជ.ប មាន​សមត្ថកិច្ច​ត្រឹមតែ​ធ្វើ​របាយការណ៍​ជូន​រដ្ឋសភា​ប៉ុណ្ណោះ​ ដូច​មានចែង​ក្នុង​មាត្រា ១០ នៃ​ច្បាប់​ស្ដីពី​ការរៀបចំ និង​​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប»។

លោក កង សាវា​ង្ស មន្ត្រី​សម្រប​សម្រួល​អង្គការ​ ខុមហ្វ្រែល​បាន​ថ្លែង​​នៅ​ថ្ងៃ​ទី ៧​ខែ​មិថុនា​​ថា ករណី​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះ​ឆ្នោត​នេះ អាចទាក់ទង​បច្ចេកទេស​ច្រើនជាង ព្រោះ​មាន​លេខ​អត្តសញ្ញាណ​ប័ណ្ណ​ដូចៗគ្នា​ ធ្វើ​ឲ្យ​មានការ​ស្មុគស្មាញ និង​ភាន់ច្រឡំ។ ដូច្នេះ គ.ជ.ប គួរ​ធ្វើ​យ៉ាង​ណា​ រក​វិធី​សាស្ត្រ​កែ​តម្រូវ​ឡើង​វិញ ដើម្បី​ចៀស​វាង​ការច្រឡំ​ដដែលៗ ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

លោក​បញ្ជាក់​ថា៖ «អ្វីដែល​យើង​បាន​ដឹង គឺ​បច្ចេក​ទេស ឬ​នីតិវិធី​ មិន​មែនជា​បញ្ហា​រាំង​ស្ទះ​ មិន​ឲ្យ​មាន​ការិយា​ល័យ​ចុះ​ឈ្មោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​ទេ ប្រសិន គ.ជ.ប អាចមាន​លទ្ធភាព​កែសម្រួល​បាន ការ​ផ្ទៀង​ផ្ទាត់​ឈ្មោះ ​មិនចាំបាច់​មនុ​ស្ស​​មក​ផ្ទាល់​ក៏បាន​ដែរ ឲ្យ​មាន​ឯកសារ​ត្រឹម​ត្រូវ។ អ្វីដែល​ខ្ញុំ​គិតថា​ ជា​បញ្ហា​នោះ​ថា តើ​ច្បាប់​ហ្នឹង​បើកផ្លូវ​ឲ្យ​បើក​ការិ​យា​ល័​យ​​​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​នៅក្រៅ​ប្រទេស​ដែរ ឬ​អត់? ដូច្នេះ គ.ជ.ប គួរតែ​ពិភាក្សា​ជាមួយ​រដ្ឋ​សភា អំពី​ការកែ​ទម្រង់​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​នេះ»៕