ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនឹងត្រូវចាប់ផ្តើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសក្នុងថ្ងៃតែមួយ គឺថ្ងៃទី ១ ខែតុលា នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ ដែលជាការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលចេញផ្សាយកាលពីថ្ងៃទី ២១ ខែកញ្ញា បានឱ្យដឹងថា៖ «យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០ ៣៩០ នាក់និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ១២៣ ២៥១ នាក់ រីឯការិយាល័យបោះឆ្នោតមានចំនួន ២៣ ៤១៨ ការិយាល័យ»។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០១៩ មានចំនួន ៨ ៦២៩ ៣៥៧ នាក់។ ដោយអនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២០ បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ ២០១៩ ត្រូវបិទផ្សាយតាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេសកាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា គោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ ២០១៩ គឺដើម្បីឱ្យអ្នកដែលបានចុះឈ្មោះរួចហើយមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ហើយប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោត មិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះអ្នកបោះឆ្នោតអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងអំឡុងពេលចុះឈ្មោះដែលចាប់ផ្ដើមដំណើរការនៅដើមខែតុលាខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា លេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោតសហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់បានរៀបចំបិទផ្សាយរួចរាល់ជាស្ថាពរនៅតាមឃុំ សង្កាត់ចំនួន ១ ៦៤៤ ឃុំ សង្កាត់។ ដោយឡែកមានសង្កាត់ចំនួន ២ ស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មិនទាន់បានបិទផ្សាយនៅឡើយទេ ដោយសារមានភ្លៀង និងខ្យល់ខ្លាំង។
លោក ពុទ្ធា ក៏បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានផងដែរថា៖ «មានខេត្តមួយចំនួនទៀតបានជួបនូវឧបសគ្គដូចជាភ្លៀង ខ្យល់ និងទឹកជំនន់ដែលនាំឱ្យមានការពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែមិនបានធ្វើឱ្យមានការរាំងស្ទះដល់ការងារនេះទេ»។
គ.ជ.ប ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីឱ្យប្រាកដថា ខ្លួនឯងមានឈ្មោះនៅក្នុងបញ្ជី ហើយខ្លួនឯងមានសិទ្ធិបោះឆ្នោត ហើយបើពិនិត្យទៅឃើញមានភាពមិនប្រក្រតី សុំឱ្យធ្វើការស្នើសុំ ដើម្បីធ្វើការកែតម្រូវ និងប្តឹងបដិសេធចំពោះជនទាំងឡាយណាដែលមានឈ្មោះក្នុងបញ្ជី តែមិនគ្រប់លក្ខខណ្ឌ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Comfrel បានថ្លែងថា ចំពោះបញ្ចីឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ គឺមានភាពល្អប្រសើរ តែដោយហេតុថាពី ១ ឆ្នាំទៅ ១ ឆ្នាំ ស្ថានភាពរបស់ប្រជាពលរដ្ឋតែងមានការប្រែប្រួល ដូច្នេះការធ្វើបច្ចុប្បន្នភាពរបស់ គ.ជ.ប និងការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់។
លោក កន សាវាង្យ ថ្លែងថា៖ «ខ្ញុំមិនរំពឹងថា នៅក្នុងឆ្នាំនេះនឹងមានការចូលរួមផុសផុលពីសំណាក់ប្រជាពលរដ្ឋក្នុងការទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះទេ ព្រោះថាមានកត្តា ៣ សំខាន់ៗ គឺពាក់ព័ន្ធនឹងកត្តាជីវភាព ការបែងចែកនូវព័ត៌មានដល់ប្រជាពលរដ្ឋ និងការផ្សព្វផ្សាយជាដើម»៕