ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) នឹង​បំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​ក្នុង​ការបោះឆ្នោត​ចំនួន​ ៤ ​លើក​កន្លងមក​ចំនួន​ជាង ២១ ​លាន​សន្លឹក និង​ឯកសារ​ចាស់ៗ​មួយ​ចំនួន​ទៀត​ដោយ​អំពាវនាវ​អ្នកសង្កេតការណ៍​នានា មកពី​ខាង​គណបក្ស​នយោបាយ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​ពិធី​នេះ ដើម្បី​តម្លាភាព​។

បើតាម​សេចក្តី​ជូនដំណឹង​របស់ គ.ជ.ប អនុលោម​តាមច្បាប់ គ.ជ.ប មាន​សមត្ថកិច្ច សិទ្ធិអំណាច និង​មាន​ភារកិច្ច​រៀបចំ​គណៈកម្មការ ដើម្បី​បំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​តាម​អាណត្តិ​នីមួយៗ បន្ទាប់ពី​បាន​រក្សាទុក​ដោយ​សុវត្ថិភាព​នូវ​សន្លឹកឆ្នោត​ទាំងនោះ​អស់​រយៈពេល ៦ ​ឆ្នាំ​។

គ.ជ.ប បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការកម្ទេចចោល​នូវ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ តាម​អាណត្តិ​នីមួយៗ​វិញ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​បាន​រក្សាទុក​ដោយ​សុវត្ថិភាព នូវ​សន្លឹកឆ្នោត​ទាំងនោះ​រយៈពេល ៣ ឆ្នាំ​។

សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា​៖ «​អនុវត្ត​នៃ​ច្បាប់​នៅ​ថ្ងៃទី​ ២៤ ខែ​មិថុនា ឆ្នាំ​ ២០២០ វេលា​ម៉ោង ៨:៣០ ​នាទី​ព្រឹក គ.ជ.ប នឹង​រៀបចំ​ពិធី​បំផ្លាញ​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច​ក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០១២ ឆ្នាំ​ ២០១៣ ឆ្នាំ​ ២០១៤ ឆ្នាំ​ ២០១៧ និង​ឯកសារ​ចាស់ៗ​មួយ​ចំនួន​នៅ​ទីតាំង​ផ្ទះ​លេខ​ ៩ ផ្លូវ ៣៤៥ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​»​។

លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា នេះ​គឺជា​លើក​ទី​ ៤ ហើយ​ដែល​ គ.ជ.ប បាន​បំផ្លាញ​សន្លឹកឆ្នោត​ចាប់តាំងពី គ.ជ.ប រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​ ១៩៩៨ ​មក​ដល់​បច្ចុប្បន្ន​។

លោក​បន្តថា ចំពោះ​សន្លឹកឆ្នោត​សរុប​ទាំង ៤ ​ឆ្នាំ​ដែល​គ្រោង​នឹង​បំផ្លាញ​ចោល​នេះ​គឺ​មាន​ជាង​ ២១ ​លាន​សន្លឹក​ ឬ​ស្មើ ២៤ ០៣៧ ​កញ្ចប់​ដោយ​ក្នុង​នោះ​ឆ្នាំ ២០១២ មាន​ជាង ២ ​ម៉ឺន​សន្លឹក​ឆ្នាំ ២០១៣ មាន​ជាង ១២ ​លាន​សន្លឹក ឆ្នាំ​ ២០១៤ ​មាន​ជាង​ ២ ​ម៉ឺន​សន្លឹក និង​ឆ្នាំ​ ២០១៧ ​មាន​ជាង​ ៩ ​លាន​សន្លឹក​។

លោក ពុទ្ធា បន្ថែម​ថា​ក្រៅពី​សន្លឹកឆ្នោត​ទាំងនេះ​ក៏​មាន​ឯកសារ​ជាច្រើន​ទៀត ដែល គ.ជ.ប បាន​រក្សាទុក​ជាង ១០ ​ឆ្នាំ​មក​ហើយ​ក៏​នឹងត្រូវ​យកមក​បំផ្លាញ​ចោល​ក្នុងពេល​ជាមួយ​គ្នា​នេះ​ផងដែរ ខណៈ គ.ជ.ប បានប្រកាស​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ អ្នកសង្កេតការណ៍​ជាតិ-អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​ធ្វើជា​សាក្សី និង​យក​ព័ត៌មាន​ក្នុង​ពិធី​បំផ្លាញ​សន្លឹកឆ្នោត​នេះ ដើម្បី​បង្ហាញ​តម្លាភាព​។

លោក​បញ្ជាក់ថា​៖ «​បើសិនជា គ.ជ.ប មិន​រៀបចំ​ការបំផ្លាញ​សន្លឹកឆ្នោត​ហ្នឹង​ទេ​មាន​ន័យថា គ.ជ.ប ហ្នឹង​មិន​អនុវត្ត​ច្បាប់ ព្រោះ​យើង​មាន​តួនាទី​ក្នុង​ការបំផ្លាញ​សន្លឹកឆ្នោត​ទាំងនេះ ហើយ​ក៏​ដើម្បី​កុំ​ឲ្យ​មាន​ភាពចង្អៀត​ណែន ដែល​ពិបាក​ស្វែងរក​ទីតាំង​រក្សាទុក​ឯកសារ​ទាំងនេះ​»​។

លោក​ សេង សុខេង ​ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការបំផ្លាញ​សន្លឹកឆ្នោត និង​ឯកសារ​ទាំងនេះ​គឺ​មិន​មាន​ភាពមិនប្រក្រតី ឬ​សង្ស័យ​អ្វី​នោះ​ទេ ព្រោះ គ.ជ.ប បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ ហើយក៏​បាន​ប្រកាស​ឡើង​ជា​សាធារណៈ​។

ម្យ៉ាងទៀត​លោក​យល់​ថា​៖ «​តាម​យើង​សង្កេត​ជាក់ស្តែង​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ហ្នឹង​គ្រប់ភាគី​ទាំងអស់​ដែល​បាន​យល់ព្រម​ទាំងអស់​គ្នា​ក្នុង​ការទទួល​យក (​លទ្ធផល​ឆ្នោត​) ដោយ​មាន​តំណាង​គេ​នីមួយៗ​ចូលរួម​គ្រប់​ជំនាន់​។ អ៊ីចឹង​ខ្ញុំ​គិតថា ការបំផ្លាញ​នេះ​ដូចជា​អត់​មាន​ពាក់ព័ន្ធ​អ្វី ទៅ​ហ្នឹង​ភាពចម្រូងចម្រាស ដែល​កើតមាន​អំឡុងពេល​បោះឆ្នោត​កន្លង​មក​ទេ ព្រោះ​បើ​គ្មាន​ការយល់ព្រម​ក៏​មិនមាន​ការបែងចែក​អាសនៈ ចែក​កៅអី​នោះដែរ​»​។

លោក កន សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល​ថ្លែង​ថា ដោយ​យោង​ទៅតាម​ច្បាប់​ដែល​កម្ពុជា​មាន​ការបំផ្លាញ​សន្លឹកឆ្នោត​ទាំងនេះ គឺ​ត្រឹមត្រូវ និង​ស្រប​ទៅ​តាម​ច្បាប់ ហើយ​ក៏​មិនមាន​ភាពមន្ទិលសង្ស័យ​អ្វី​នោះដែរ​។ ប៉ុន្តែ​លោក​ស្នើឲ្យ គ.ជ.ប គួរ​រក្សា​ឯកសារ​នៃ​ការបោះឆ្នោត​ទាំងនោះ​ទុក​ជា​សាធារណៈ​សម្រាប់​អ្នកជំនាន់​ក្រោយ​។

លោក​បញ្ជាក់ថា​៖ «​បើទោះបី​ជា​ការបំផ្លាញ​នូវ​ឯកសារ​ជា​ (​ក្រដាស​) ​ក៏ដោយ គ.ជ.ប គួរតែ​រក្សា​ព័ត៌មាន​ដែល​មាន​ទាំងអស់​នេះ​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត​ទាំង​ការិយាល័យ ទាំង​ភូមិ​ក៏ដោយ និង​សំណុំ​ឯកសារ​ពាក្យបណ្តឹង​ទាំងឡាយ​ដែល​បាន​ធ្វើការ​ដោះស្រាយ និង​កាត់សេចក្តី​។ ឯកសារ​ទាំងអស់​នេះ​គួរតែ​រក្សា​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ឬ​គេហទំព័រ​ប្រព័ន្ធ​ទិន្នន័យ​ណាមួយ​របស់ គ.ជ.ប ហើយ​បង្ហាញ​ជា​សាធារណៈ ព្រោះ​ឯកសារ​នេះ​គឺជា​រឿង​មួយ​ល្អ​ដ៏មាន​ប្រយោជន៍​ខ្លាំង​មែនទែន​សម្រាប់​អ្នកសិក្សា ឬ​ក៏​អ្នកពាក់ព័ន្ធ គាត់​បាន​ទទួល​ព័ត៌មាន​ទាំងនេះ​»៕