ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​រយៈពេល ៣ ថ្ងៃ​ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​នា​ចុង​ខែ​កក្កដា ឆ្នាំ​នេះ ជា​អ្វី​ដែល​អ្នក​នាំពាក្យ គ.ជ.ប ថ្លែង​ថា ក្នុង​ប្រវត្តិសាស្ត្រ​បោះ​ឆ្នោត ២០ ឆ្នាំ នៅ​កម្ពុជា គ.ជ.ប តែង​ប្រើប្រាស់​ដោយ​សំអាង​លើ​មូលហេតុ​ចំនួន ៣ យ៉ាង ។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គ.ជ.ប នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​ចំនួន ២ គ្រឿង​ដែល​ជួល​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ត្រៀម​សម្រាប់​ប្រើប្រាស់​រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃ​ទី ២៨, ២៩ និង ៣០ ខែ​កក្កដា។

លោក​ថ្លែងថា នេះ​មិនមែនជា​ការភ្ញាក់ផ្អើល​ទេ ដោយសារ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​រយៈពេល ២០ ឆ្នាំ​នេះ គ.ជ.ប តែង​ប្រើ​យន្តហោះ​ដើម្បី​សម្រួល​ដល់​ដំណើរការ​បោះ​ឆ្នោត។ លោក​បាន​លើក​ហេតុផល ៣ យ៉ាង​ដែល គ.ជ.ប សម្រេច​ធ្វើ​ដូច្នេះ​ដោយ​ថ្លែង​ថា៖ «ទី ១ គឺ​វា​ជា​រដូវ​ភ្លៀង ពេល​ខ្លះ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ។ គ.ជ.ប គោរព​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ដែល​មាន​គ្នា​ប្រមូល​ផ្តុំ​ចាប់​ពី ៣០០ នាក់​ឡើង​ទៅ​ត្រូវ​មាន​ការិយាល័យ​បោះ​ឆ្នោត​មួយ...។

ទោះបី​នៅ​កន្លែង​ណា​ក៏ដោយ គជប ត្រូវ​អនុវត្ត​តាម​ច្បាប់​គឺ​ធ្វើ​ការិយាល័យ​បោះ​ឆ្នោត​នៅ​ក្បែរ​ផ្ទះ​គាត់។ អ៊ីចឹង​តំបន់​ខ្លះ​ជា​តំបន់​ភ្នំ​ដែល​ឡើង​ទៅ​ដល់​ដោយដំរី​ឬ​ដោយ​ថ្មើរ​ជើង​ជាដើម។ ពេល​ខ្លះ​ដី​រអិល​មិន​អំណោយ​ផល​ដល់​ការ​ធ្វើ​ដំណើរ អាច​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ដឹក​ជញ្ជូន​ហិប​ឆ្នោត បន្ទប់​សម្ងាត់ ឬ​សន្លឹក​ឆ្នោត និង​ឧបករណ៍​ជាដើម។យើង​ព្យាយាម​រៀបចំ​ហើយ តែ​បើ​ដល់​ថ្ងៃ​បោះឆ្នោត មាន​ភាព​ចន្លោះ​ប្រហោង យើង​នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បី​ដោះ​ស្រាយ»។

លោក​បន្តថា៖ «ទី ២ ឧ​ទាហរ​ណ៍​ថ្ងៃ​បោះឆ្នោត បើក​មក​សន្លឹកឆ្នោត​វា​មាន​ខូច​អី​ជាដើម​ឬ​បាត់បង់​សម្ភារ​អី​យើង​ត្រូវ​ដោះស្រាយ​ភ្លាមៗ មាន​តែ​ឧទ្ធម្ភាគចក្រ​ទេ​លឿន​ជាង​ឡាន។ ទី ៣ ក្រោយ​ការ​បោះឆ្នោត​មាន​ការ​ដឹក​ជញ្ជូន​មក​វិញ​នូវ​សម្ភារ​បច្ចេកទេស​យើង​ត្រូវ​បាន​យក​មក​វិញ»។

លោក​ថា លោក​មិន​ចាំ​ចំនួន​ថវិកា​សរុប​ប៉ុន្មាន​ក្នុង​ការជួល​នេះ​ទេ ប៉ុន្តែ​លោក​ថា ការជួល​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការ​ដេញ​ថ្លៃ។ ទោះ​យ៉ាង​ណា​លោក​ថា​ឧទ្ធម្ភាគចក្រ​ទាំង ២ នឹង​ត្រៀម​រង់ចាំ​នៅ​អាកាស​ចរណ៍​ស៊ីវិល​ក្នុង​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង ក្នុង​តម្លៃ​ជិត ១ ដុល្លារ​ក្នុង ១ នាទី ចំណែក​តម្លៃ​នៃ​ការ​ហោះ​ហើរ​គឺ​គុណ​នឹង ២ នៃ​តម្លៃ​រង់ចាំ។

ស្របពេល​ជាមួយគ្នានេះ គ.ជ.ប កាលពី​ម្សិលមិញ​បានរៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​រំឭក​អំពី​ការ​ឃោសនា​បោះ​ឆ្នោត​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ដែល​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​កក្កដា។ គ.ជ.ប បានរំឭក​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ឱ្យ​គោរព​តាម​ច្បាប់​បោះឆ្នោត ក្នុង​ក្រម​សីលធម៌​ក្នុង​ពេល​ឃោសនា។

ក្នុងការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ​គ.ជ.ប ក៏បាន​បង្ហាញ​ឈ្មោះ​ស្ថានីយទូរទស្សន៍​ចំនួន ៥ ផង​ដែរ​ដែល​បាន​កំណត់​តម្លៃ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​ពួកគេ​ក្នុង​រយៈពេល ២១ ថ្ងៃ។ ស្ថានីយទាំង​នេះ​រួម​មាន ទូរទស្សន៍​ហង្សមាស ដែល​បាន​កំណត់​តម្លៃ​ខ្ពស់​ជាង​គេ​គឺ​ក្នុង​តម្លៃ ៨៨០ ដុល្លារ​ក្នុង ១ នាទី ចំណែក​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ប៉ុស្តិ៍​លេខ ៣ និង​ក្រុមហ៊ុន CBS (CNT, MyTV, CNC) បាន​កំណត់​តម្លៃ​ពី ៥០០ ដុល្លារ​ក្នុង ១ នាទី​សម្រាប់​ម៉ោង​ធម្មតា​និង ៧០០ ដុល្លារ​ក្នុង ១ នាទី​សម្រាប់​ម៉ោង​មាស។

ចំណែក​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ទាប​ជាង​គេ​បន្តិច​គឺ​ប៉ុស្តិ៍​អប្សរា​លេខ ១១ ដែល​កំណត់​តម្លៃ​ពី ៤៥០ ដុល្លារក្នុង ១ នាទី​សម្រាប់​ម៉ោង​ធម្មតា​និង ៦៧០ ដុល្លារ ក្នុង ១ នាទី​សម្រាប់​ម៉ោង​មាស។

ចំណែក​ទូរទស្សន៍​ជាតិ ទ​ទក វិញ​នឹង​ផ្សាយ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នីមួយៗ​ចាប់​ពី​ម៉ោង ៨ និង ៣០ នាទី​ដល់​ម៉ោង ១១ និង ១០ នាទី​ព្រឹក ហើយ​និង​មាន​ការ​ផ្សាយ​ឡើង​វិញ​នៅ​ម៉ោង ៩ ដល់​ម៉ោង ១១ និង ៤៥ នាទី​យប់។ ក្រៅ​ពី​នេះ​ក៏មាន​ការ​ផ្សាយ​នៅ​លើ​វិទ្យុជាតិ​ផង​ដែរ៕