
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីឯកសារនិងចំនួនសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក្នុងប្រទេសកម្ពុជា ដែលសរុបក្រុមប្រឹក្សាទាំងអស់មានចំនួនជាង ៤០០០ រូប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្ដិទី ៣ ឆ្នាំនេះ។
សេចក្ដីប្រកាសរបស់ គ.ជ.ប. បានបង្ហាញថា ឯកសារទាំង ៤ ប្រភេទនេះ មានការទាក់ទងទៅនឹងចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ដែលមានរហូតដល់ ៤១១៤ រូប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្ដិទី៣ ឆ្នាំ ២០១៩។ សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត មានចំនួន ៥៥៩ រូប និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន ៣ ៥៥៥ រូប។
បើតាម គ.ជ.ប. ឯកសារដែលត្រូវបានផ្សព្វផ្សាយទាំងនោះរួមមាន
១៖ ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ តាមរយៈតំណភ្ជាប់ www.necelect.org.kh/khmer/content/3729។
២៖ តារាង ចំនួនសមាជិកក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០១៩ តាមរយៈ តំណភ្ជាប់ www.necelect.org.kh/khmer/content/3730។
៣៖ តារាងចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ចំនួនអ្នកបោះឆ្នោតនិងការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ ២០១៩ តាមរយៈតំណភ្ជាប់ www.necelect.org.kh/khmer/content /3731។
៤៖ តារាងចំនួនការិយាល័យបោះឆ្នោត ចំនួនអ្នកបោះឆ្នោត និងចំនួនអាសនៈសមាជិកក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០១៩ តាមរយៈតំណភ្ជាប់ www.necelect.org.kh /khmer/content/3732 ។
ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាអាណត្ដិទី៣ នេះ និងឆ្លើយតបទៅនឹងជនមួយចំនួនដែលធ្លាប់លើកឡើងថាការបោះឆ្នោតនៅកម្ពុជាមិនមានតម្លាភាពនោះ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប. បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា៖ «គ្មានការងារណាល្អឥតខ្ចោះ ១០០ ភាគរយនោះទេ»។
លោកថា មនុស្សកើតមកមានមុខមាត់ខុសគ្នា មានយោបល់ខុសគ្នា ប៉ុន្ដែដើម្បីឲ្យមានការព្រមព្រៀងគ្នារដ្ឋទាំងមូល សកលលោកទាំងមូលបានបង្កើតច្បាប់ ដែលច្បាប់នេះជារង្វាស់រង្វាល់។
លោកបញ្ជាក់ថា៖ «ក្នុងនាម គ.ជ.ប. គឺយើងអនុវត្ដឲ្យបានត្រឹមត្រូវតាមច្បាប់ រាល់មតិទាំងឡាយណាដែលមិនយកច្បាប់មកឆ្លុះបញ្ចាំង នោះគឺជាមតិដែលមិនគួរមានយោបល់ដើម្បីបំផ្លាញនិងធ្វើឲ្យមានការប៉ះពាល់ដល់ដំណើរការបោះឆ្នោតរបស់ស្ថាប័ន គ.ជ.ប និងដំណើរការអនុវត្ដច្បាប់»។
លោកថា៖ «ក្នុងនាម គ.ជ.ប. មានការប្ដេជ្ញាថា គោរពម៉ឺងម៉ាត់នូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ»។
លោក សម គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច ដែលជាអង្គការឃ្លាំមើលការបោះឆ្នោត បានមើលឃើញថា ការបោះឆ្នោតកន្លងមកនៅមិនទាន់មានបក្សប្រឆាំងដែលមានការគាំទ្រច្រើនប្រហាក់ប្រហែលគ្នាជាមួយនឹងបក្សកាន់អំណាចនៅឡើយទេ។
លោកបន្ដថា៖ «មានគណបក្ស ២០ មែនកន្លងមក ក្នុងការបោះឆ្នោតសភា ប៉ុន្ដែគណបក្សហ្នឹងជាគណបក្សដែលមិនមានប្រជាប្រិយភាពដូចគណបក្សប្រឆាំងសង្គ្រោះជាតិទេ។ ដូច្នេះយើងចង់ឲ្យមានវត្ដមានគណបក្សប្រឆាំងដូចគ្នាបក្សសង្គ្រោះជាតិនេះចូលរួម ដើម្បីធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែលយើងអាចទទួលយកបាន»។
លោកថា ទោះបីជាមានគណបក្ស ប៉ុន្តែគ្រាន់តែជាការបង្កើតឲ្យមានជាពហុបក្សក្នុងការចូលរួមប៉ុណ្ណោះ។
បើតាម គ.ជ.ប. ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ នឹងប្រព្រឹត្តទៅថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០១៩។ មានអ្នកបោះឆ្នោតសរុប ១១ ៥៧២ រូប និងការិយាល័យបោះឆ្នោតមាន ២០៣ ការិយាល័យ៕