ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​បាន​បើក​វគ្គប​ណ្ដុះបណ្ដាល​ដល់​មន្ត្រី​ក្រោម​ឱវាទ​មកពី​គ្រប់​រាជធានី-ខេត្ត​អំពី​របៀប​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ដែល​ការចុះ​ស្រង់​នេះ គឺ​តែងតែ​ធ្វើ​ឡើង​ជា​រៀងរាល់ឆ្នាំ​។

វគ្គបណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​តែ​រយៈពេល​ ១ ​ព្រឹក​ថ្ងៃ​អង្គារ​ប៉ុណ្ណោះ​នៅ​ទីស្ដីការ គ.ជ.ប។

លោក សោម សូលីដា អគ្គលេខាធិការ​រង គ.ជ.ប ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ថា ការបើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​មន្ត្រី​ជា​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ត​ អំពី​លក្ខណៈ​ត្រៀម​ចុះ​ស្រង់​ស្ថិតិ​អំពី​ចំនួន​ប្រជាពលរដ្ឋ​បោះឆ្នោត​ចាប់ពី​ខែមីនា​ដល់​ខែ​មេសា ឆ្នាំ​ ២០២០ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តួលេខ​អ្នកបោះឆ្នោត​មាន​ភាពត្រឹមត្រូវ និង​ពេញលេញ​តាម​បច្ចុប្បន្នភាព​ចំពោះ​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត និង​ឈ្មោះ​ត្រូវ​បញ្ចូល​បន្ថែម​ក្នុង​បញ្ជី​បោះឆ្នោត​។

លោក​ថា​៖ «​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត គឺ​មាន​ ៣ ​មុខសញ្ញា មុខសញ្ញា​ទី​ ១ ​គឺ​អ្នកស្លាប់ មុខសញ្ញា​ទី​ ២ ​អ្នក​ដែល​ផ្លាស់​ទីលំនៅ​ចេញពី​ឃុំ-សង្កាត់ និង​មុខសញ្ញា​ទី​ ៣ អ្នក​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​ដែល​យើង​ផ្អែក​ទៅ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​របស់ គ.ជ.ប ឆ្នាំ​ ២០១៩ អានេះ​គឺជា​ការងារ​ទី​ ១​។ ចំណែក​ការងារ​ទី​ ២ គឺ​ស្រង់​អ្នក​ដែល​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​កន្លងមក អ្នក​ទើប​មាន​អាយុ​ ១៨ ​ឆ្នាំ និង​អ្នក​ចំណូលស្រុក​ថ្មី​»​។

លោក សោម សូលីដា បន្តថា ក្រោយពី​បញ្ចប់​ការចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ទាំងនេះ​ហើយ​គឺ​ចំនួន​ពលរដ្ឋ​ទាំងនោះ​នឹង​ត្រូវយក​ធ្វើ​ជា​តួលេខ​ស្ថិតិ​ប៉ាន់ស្មាន ដើម្បី​បម្រើ​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០​។ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ គឺធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​ ១ ខែ​ឧសភា ដល់​ថ្ងៃទី​ ៣១ ខែ​កក្កដា​។

សេចក្ដី​ជូនដំណឹង​មួយ​របស់ គ.ជ.ប ចុះ​ថ្ងៃទី​ ២៧ ខែ​មករា​ឆ្នាំ​ ២០២០ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០១៩ មាន​ចំនួន​ជាង ៨ ​លាន​(៨ ៦២៩ ៣៥៧) ​នាក់ ស្មើនឹង​ ៨៤,៧៨% ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សរុប​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ក្នុងនោះ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជាង​ ១ ​សែន​ (១០៨២៧២) ​នាក់​។

លោក សោម សូលីដា បាន​បន្ថែមថា មន្ត្រី គ.ជ.ប នៅតាម​រាជធានី-ខេត្ត​នឹង​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​តាមរយៈ​មេភូមិ ស្មៀនឃុំ មេ​ប៉ុស្ដិ៍នគរបាល​ឃុំ មេឃុំ​ និង​ចៅសង្កាត់​ដែល​អ្នក​ទាំងនេះ​គឺជា​តួអង្គ​ដ៏សំខាន់​បំផុត​ដែល​ដឹង​ច្បាស់​ជាងគេ​អំពី​ចំនួន​ប្រជាពលរដ្ឋ​ពិតប្រាកដ​ដែល​កំពុងរ​ស់​នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ​។

លោក​បញ្ជាក់ទៀតថា ចាប់ពី​ឆ្នាំ​ ២០២០ ​នេះ​ទៅ​គឺ​ច្បាប់​នឹង​តម្រូវឱ្យ គ.ជ.ប ចុះ​ស្រង់​ស្ថិតិ​បែបនេះ​គឺ​ក្នុង​រយៈពេល​ ២ ​ខែ​ត្រូវ​ចុះ​ស្រង់​ម្ដង ដែល​មាន​គោលបំណង​ដើម្បី​លុបឈ្មោះ​ និង​ចុះឈ្មោះ​ថ្មី​។ លោក​ថា​៖ «​យើង​ធ្វើ​បែប​នេះ ពីព្រោះ​នៅត្រង់​មាត្រា​ ៥១ ​ក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ហ្នឹង​គឺ​បានដាក់​ភារកិច្ច​ឱ្យ គ.ជ.ប ត្រូវ​ស្រង់​ស្ថិតិ​រៀងរាល់​ ២ ​ខែម្ដង​នៅពេល​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២០ ត្រូវបាន​ផ្ដល់​សុពលភាព​ជា​ផ្លូវការ​»៕