ភ្នំពេញៈ គណៈ​កម្មា​ធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ចាប់ផ្ដើ​ម​ទទួល​ចុះប​ញ្ជី​គណប​ក្សន​យោ​បាយ ​និង​ចុះ​ឈ្មោះ​បេក្ខជ​ន​ចាប់​ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១១ ​ខែមីនាដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ-​ធានី​ ខេ​ត្ត ក្រុង ស្រុក ខណ្ឌ អា​ណត្តិ​ទី៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អា​ទិត្យ​ទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

លោក​ ហង្ស​ ពុទ្ធា សមា​ជិក​និង​ជា​អ្នក​នាំ​ពាក្យ ​គ.ជ.ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​គឺ​ជា​ការ​បោះឆ្នោត​អ​សកល ដែល​មាន​អង្គ​អ្នក​បោះ​ឆ្នោត​គឺជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​​ សង្កាត់ ហើយ​រាល់​គណ​បក្ស​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ​ប៉ុន្តែ​គ្មាន​អា​សនៈ​នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​រដ្ឋ​សភា ក៏​អាច​​ចុះ​បញ្ជី​ប្រកួត​បាន​ដែរ។

លោក​ថា៖​ «ទី​១ ​គណ​បក្ស​ហ្នឹង​ឯង​អាច​មក​យក​ពាក្យ​សុំ​ចុះ​ឈ្មោះ​ដើម្បី​ចុះ​បញ្ជី​គណ​បក្ស​និង​បេក្ខ​ជន​នៅ ​គ.ជ.ប។ ទី២ អាច​ចូល​ក្នុង​វេ​ប​សាយ​របស់ គ.ជ.ប ដើម្បី​ដោន​ឡូ​ដយក​ទម្រង់​ចុះ​បញ្ជី​ហ្នឹង​តែម្ដង»។

តាម​សេចក្ដី​ណែ​នាំ​ គ.ជ.ប ក៏​បាន​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អា​ណត្តិ​ទី៣ ​នេះគឺមាន​មណ្ឌលបោះ​ឆ្នោត​​សរុប​ចំនួន​ ២២៨ ​ក្នុង​នោះ​ ២៥ ​គឺជា​មណ្ឌល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​និង​ខេត្ត ​ចំណែក​ ២០៣ ​មណ្ឌល​ទៀត​​ គឺជា​មណ្ឌល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​និង​ខណ្ឌ។

ចំនួន​អាសនៈ​សម្រាប់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំ​ពេញ​គឺ​មាន​ចំនួន​សមា​ជិក​មិន​លើស​ពី ​២៧ ​រូប​ ក្រុម​ប្រឹក្សា​ខេត្ត​មាន​សមា​ជិក​ពី ១៥ ​ដល់​ ២៧ ​រូប ក្រុម​ប្រឹក្សា​ក្រុង​មាន​ចំនួន​សមា​ជិក​ពី ១១ ​ទៅ​ដល់​ ២១ ​រូបនិង​ក្រុម​ប្រឹក្សា​ស្រុក​ខណ្ឌមាន​សមា​ជិក​ពី​ ១១ ​ដល់ ​២១ រូប។

រដ្ឋាភិ​បាល​បាន​កំណត់​យក​ចំនួន​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៣ គឺ​រាជ​ធានី-ខេត្ត​ មាន​ចំនួន​សមា​ជិក​សរុប ​៥៥៩ ​រូប និង​ក្រុង ស្រុក​ ខណ្ឌ ​មាន​ចំនួន​សមា​ជិក​សរុប ​៣​ ៥៥៥ រូប។

លោក ពេជ្រ ស្រស់ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា​ដែល​ជា​គណ​បក្ស​មួយ​មិន​បាន​គ្រប់​គ្រង​ឃុំ​សង្កាត់​ណាមួយ​ បានថ្លែង​ថា គណ​បក្ស​លោក​នឹង​ចុះ​បញ្ជី​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អា​ណត្តិ​ទី​៣ ​នេះ ​ហើយ​បាន​ត្រៀម​បេក្ខ​ជន​សរុប​ជាង​ ១ ៣០០​ នាក់​ ដើម្បី​ឈរ​ឈ្មោះ​នៅ​តាម​ខេត្ត​ក្រុង​ចំនួន ១០។

លោកបាន​បញ្ជាក់​ថា៖ ​«ក្នុង​នាម​ជា​កីឡា​យើង​កុំ​ខ្លាច​សង្វៀន យើង​ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​បង្ហាញ​ពី​សក្ដានុ​ពល​របស់​គណ​បក្ស​ដែល​យើង​មាន​ធន​ធាន​មនុស្ស​ មាន​សមា​សភាព​ចូលរួម​ប្រកួត​ប្រជែង​។ ទី២ ​យើង​មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​យើង​ដែរ ​ដើម្បី​ត្រៀម​ខ្លួន​បោះ​ឆ្នោត​ជូន​គណ​បក្ស​យុវ​ជន​កម្ពុជា។ អ៊ីចឹង​យើង​មិន​អាច​បោះ​ចោល​ទីលាន​ប្រកួត​បាន​ទេ ​ទោះបីជា​មាន​លទ្ធ​ភាព​ប៉ុន​ណាក៏​​យើង​នៅតែ​ចូល​រួម ដើម្បី​បង្ហាញ​ទៅ​ពលរដ្ឋ​ថា​ យើង​ស្វិត​ស្វាញ​ទីលាន​ប្រកួត​ប្រជែង​នយោ​បាយ​ហើយ​យើង​មាន​សមត្ថ​ភាព​នឹង​ឆ្ពោះ​ទៅ​រក​ការ​ដឹក​នាំ​ប្រទេស​ផង​ដែរ​នៅ​ថ្ងៃ​អនាគត»។

ចំណែក​លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​គណ​បក្ស​កំពុង​គ្រប់គ្រង​ឃុំ​-សង្កាត់​ទាំង​អស់​ ១១៥៦ បាន​បញ្ជាក់​ដែ​រថា គណ​បក្ស​កាន់​អំណាច​មិន​ដែល​យឺត​យ៉ាវ​ក្នុង​ការ​គោរ​ពទៅ​តាម​លក្ខ​ខណ្ឌ​ការ​ងារ​របស់​ គ.ជ.ប​ នោះ​ទេ ​ហើយ​ក៏​បាន​ត្រៀម​បេក្ខ​ជន​ពេញ​សិទ្ធិ​ និង​បេក្ខ​ជន​បម្រុង​គ្រប់​ចំនួន​អស់​ហើយទៅ​តាម​ចំនួន​អា​សនៈ​ដែល​បាន​កំណត់​ដោយ​គ.ជ.ប។

លោក​ថា៖ ​«ត្រៀម​អស់​ហើយ​គ្រប់​លក្ខណសម្បត្តិ​ ​តាំង​ពី​បេក្ខ​ជន​គឺ​មាន​អស់​ហើយ»។

លោក​​ សុខ​ ឥសាន បាន​ចាត់​ទុក​ការ​បោះឆ្នោ​ត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ​ក្រុង​ ស្រុក​ ខណ្ឌ​ ថា​ ជា​ការ​ចូល​រួម​ចំណែក​គ្រប់​គ្រង​ផ្នែក​វិមជ្ឈការតាម​បែប​ប្រជា​ធិបតេយ្យ​និង​​សេរី​ពហុ​បក្ស ហើយ​លោក​ថាការ​ចូ​រួម​ប្រកួ​តប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​​របស់​គណបក្ស​ផ្សេងៗ​គឺជា​សិទ្ធិ​និង​លទ្ធភាព​របស់​ពួកគេ៕