ភ្នំពេញៈ សន្លឹកឆ្នោត​ជិត ៥ ម៉ឺន​សន្លឹក ​នឹងត្រូវ​បាន​បោះ​ពុ​ម្ពចេញ ​ក្រោយ​មានការ​ឯកភាព​ដើម្បី​ត្រៀម​សម្រាប់​ការប្រើប្រាស់​ក្នុង ការ​បោះឆ្នោត​ជ្រើសរើស​ក្រុប្រឹក្សា​រាជធានី-ខេត្ត ​ក្រុមប្រឹក្សា​ក្រុង ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នាថ្ងៃ​អាទិត្យ​ទី ២៦ ​ខែ​ ឧសភា ខាងមុខ​នេះ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំការបោះឆ្នោត (គជប) ​លោក​ ហង្ស ពុទ្ធា ​ថ្លែង​​ម្សិល​មិញ ​ក្នុង​ពិធី​បង្ហាញ​ដំណើរ​ការបោះ​ពុ​ម្ព​សន្លឹកឆ្នោត​នៅ​រោង​ពុ​ម្ព ១ កន្លែង ​ក្នុង​សង្កាត់​បឹងកក់​ទី១ ថា ​សន្លឹកឆ្នោត​​នឹងត្រូវ​រៀបចំ​ជា​សៀវ​ភៅ​ដោយ​ក្នុង​ ១ ក្បាលៗ ​មាន​ចំនួន​ ៥០ សន្លឹក​ ហើយ​បែង​ចែក​ជា​ ២ ​ពណ៌ គឺ​ពណ៌ ស ​និង​ពណ៌​ លឿង សម្រាប់​បញ្ជូន​ឲ្យ​ទាន់​ពេល​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់។​

លោក​​និយាយថា​៖ «​ជំហាន​​ទី១​ គឺ​យើង​ធ្វើការ​រចនា​សន្លឹក​ឆ្នោត ​ដែលមាន ២ ពណ៌ គឺ​ពណ៌​ស ​ដែល​ជា​សន្លឹក​ឆ្នោត​សម្រាប់​ធ្វើការជ្រើសរើស​ក្រុមប្រឹក្សា​រាជ​ធានី​ខេត្ត ​ចំណែក​សន្លឹក​ឆ្នោត​ពណ៌​លឿង សម្រាប់​ប្រើប្រាស់​ក្នុងការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក ​ខណ្ឌ។

លោក​ គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​ដែល​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ម្សិលមិញ​ថា ​គ្មាន​​សង្ស័យ​អ្វី​ជាមួយនឹង​ការបោះ​ពុ​ម្ពសន្លឹកឆ្នោត​នេះ​ទេ​ ព្រោះ​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​រួច​ហើយ។

លោក​ថា​៖ «យើង​ចូល​រួម​ការបោះ​ឆ្នោត​នេះ​ដើម្បី​បង្ហាញ​មុខ​ទៅដល់​សាធារណជន ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ឆាប់​បាន​ស្គាល់​គណបក្ស​ឆន្ទៈ​ខ្មែរ ​ដើម្បី​យើង​ធ្វើការ​ត្រៀមខ្លួន​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​តំណាង​រាស្ត្រ​នៅ​អាណត្តិ​ក្រោយ»។

លោក ​សំ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យា​ក្រឹត្យ ​និង​យុត្តិធម៌​ថ្លែងថា ​កន្លងមក​ និង​នៅពេលនេះ ​អង្គការ​លោក​មិន​ធ្លាប់បាន​ចូលរួម​ស​ង្កេត​ការណ៍​ក្នុងការបោះឆ្នោត​អសកល​នេះ​ទេ ​ព្រោះ​លទ្ធ​ផល​បាន បញ្ជាក់​យ៉ាង​ច្បាស់​ថា​ គ្មានអ្វី​ប្រែប្រួល​ ហើយ​គណបក្ស​ណា​ជា​អ្នក​ឈ្នះ​ ក៏​ដឹង​រួចជា​ស្រេច​ដែរ។

លោកបន្តថា៖ «​ដូច្នេះយើង​មិន​មានអីត្រូវ​បារម្ភ​ខ្លាំង​ចំពោះ​ការបោះពុម្ព​ទេ»៕