ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ប្តេជ្ញា​អនុវត្ត​ឲ្យបាន​​សម្រេច​​នូវ​ភារកិច្ចសំខាន់​ៗចំនួន​ ៣ ​ព្រម​​គ្នា​ក្នុង​ឆ្នាំ​នេះ ស្របពេល​កម្ពុជា​នឹង​ធ្វើ​ការ បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ នៅ​ខែ​ឧសភា​ខាងមុខ ដែល​សង្គម​ស៊ីវិល​មើល​ឃើញថា ​គណ​បក្ស​កាន់​អំណាច​នៅតែ​បន្ត​ឈ្នះ​ភ្លូក​ទឹក​ភ្លូក ដី។

លោក​ ទេព នីថា​ អគ្គលេខាធិការ​ គ.ជ.ប. បាន​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃ​អង្គា​រថា ​ការងារ​សំខាន់ៗ​ ទាំង ៣ ​ដែល​ គ.ជ.ប. ​នឹង​សម្រេច​ឲ្យ​បាន​ក្នុង​ឆ្នាំនេះ ​គឺ​ការពិនិត្យ​បញ្ជី​​ឈ្មោះ ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៩ ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ​ក្រុមប្រឹក្សា​ខេត្ត ​ក្រុមប្រឹក្សា​ក្រុង ​ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ខណ្ឌ ​អាណត្តិ​ទី ៣ ​និង​ការប្រឡង​ប្រជែង​ជ្រើសរើស​សមាជិក​លេខាធិកា​រដ្ឋា​ន​នៃ​រាជធានី​-ខេត្ត។

លោក​ ទេព នីថា​ បញ្ជាក់ថា​៖ «ការងារ​ទាំង៣​ខាងលើនេះ​ត្រូវបាន​ គ.ជ.ប. ​ត្រៀម​ទាំង​ក្រប​ខ័ណ្ឌ​​​ច្បាប់ ​និង​ផែនការ​ដែល​ត្រូវធ្វើ​ព្រម​គ្នា​តាំងពី​ចុង​ឆ្នាំ ២០១៨។ ការងារ​នេះ​ចាប់ផ្តើម​ពី​ខែ​កុម្ភៈ ​ហើយ​ត្រូវ​បញ្ចប់​ជា​បន្តបន្ទាប់​ ទៅ​តាម​ប្រតិទិន​កំណត់»។

ជាមួយគ្នានេះ លោក​ នីថា​ បានណែនាំ​សមាជិក​របស់​ខ្លួន ​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុងការផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នកបោះឆ្នោត​ឱ្យបាន​ត្រឹមត្រូវ​ រវាង​បញ្ជី​បោះឆ្នោត​ និង​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ផ្លូវការ ​ដែល​ត្រូវ​ប្រើ​សម្រាប់​បោះឆ្នោត ​និង​សំខាន់​ទៀត​ក្នុង​ករណី​មានការ​ផ្លាស់ប្តូរ​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ (​កបឃ.ស) ​ព្រោះ​ពេលវេលា​មាន​កំណត់។

លោក​បន្តថា​៖ «ត្រូវ​រៀបចំ​ផែនការ​ប្រតិទិន​ឱ្យបាន​ត្រឹមត្រូវ ​ទាន់ពេលវេលា ​និង​មាន​ប្រសិទ្ធភាព​​សម្រាប់​ការបណ្តុះ​បណ្តាល​បន្ត​ក្នុង​រាជធានី-ខេត្ត។ ត្រូវ​កំណត់​ភារកិច្ច​ច្បាស់​លាស់​​​រវាង​​គណៈ​កម្មការ​រាជធានី ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ (គធ.ខប) ​និងលេខាធិការដ្ឋាន​រាជធានី​ ខេត្ត​រៀបចំ​ការបោះឆ្នោត (លធ.ខ​ប)។ ត្រូវ​ពង្រឹង​កិច្ចសហការ​តាម​តួនាទី​ជាមួយ​ភាគី​​ពាក់ព័ន្ធ ​ជាពិសេស​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​លើ​សេវា​គាំទ្រ និង​ការងារ​សន្តិសុខ»។

ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ​ក្រុមប្រឹក្សា​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៣ នឹងត្រូវ​រៀបចំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នៅ​ថ្ងៃអាទិត្យ ​ទី ២៦ ​ខែឧសភា ​ឆ្នាំ ២០១៩ ​ដែលមាន​ចំនួន​អ្នក​បោះឆ្នោត​ ១១ ៥៧២ នាក់​ ដែល​ពួកគេ​ជាប់ឆ្នោត​ជាក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ នាពេល​កន្លង​មក។ ​ពួកគេ​នឹង​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ សមាជិក​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត ​ចំនួន​ ៥៥៩ នាក់ ​និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ ​ចំនួន ៣ ៥៥៥ នាក់។

លោក​ ហង្ស ពុទ្ធា ​អ្នកនាំពាក្យ​ គ.ជ.ប.​ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​រហូតមក​ដល់​ថ្ងៃនេះ ​គឺ​មិនទាន់មាន​គណបក្ស​នយោបាយ ​ឬ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​បាន​ចុះ​ឈ្មោះ​ដាក់​បេក្ខភាព​របស់​ខ្លួនមក​សង្កេត​ការណ៍​ក្នុងការបោះឆ្នោត​អសកល​នោះ​ទេ ​ខណៈ​ដែល​ការ​ទទួល​​ចុះឈ្មោះ​គណបក្ស​នយោបាយ ​ក្នុងការ​ប្រកួត​ប្រ​ជែ​ង​ការបោះ​ឆ្នោត​មាន​រយៈពេល ៥ ថ្ងៃ ​គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី ៧ ​ដល់​ថ្ងៃ​ទី ១១ ​ខែ​មីនា​ ខាង​មុខ​នេះ។

លោក​អំពាវនាវថា​៖ «សូម​គណបក្ស​ទាំងអស់​គ្នា ​មក​ធ្វើ​ការចុះ​បញ្ជី​គណបក្ស ​ហើយ​និង​បេក្ខជន​​របស់​ខ្លួនទៅតាម​ប្រតិទិន​ដែល​ប្រកាស​ផ្សាយ ​ក្នុងនោះ​គណបក្ស​នយោបាយដែល​មិនមាន​អា​សនៈ​នៅក្នុង​សភា ​ឬក៏​ក្នុង​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់ ​ក៏​អាចមាន​សិទ្ធិ​ក្នុង​ការដាក់ពាក្យ​ដើម្បី​ប្រកួត​ប្រ​ជែង​ក្នុងការ​បោះឆ្នោត​ខាង​មុខ​នេះ​ផង​ដែរ»។

លោក ​សំ គន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិច ដែលឃ្លាំមើល​ការបោះឆ្នោត ​ថ្លែង​ថា ​បើ​ទោះ​ជា​គណបក្ស​នយោបាយ​ដទៃ​ចូលរួម​ដាក់​បេក្ខភាព​​ប្រកួត​ប្រ​ជែ​ងក្នុងការ​បោះឆ្នោត​នេះ​ ក៏​គ្មានអ្វី​ប្រែប្រួល​ដែរ ព្រោះ​លទ្ធផល​បានបង្ហាញ​យ៉ាង​ច្បាស់ ថា​ គ្មាន​គណបក្ស​ណា អាច​ប្រកួត​ប្រជែង​ឈ្នះ​គណ​បក្ស​កាន់អំណាច​នោះទេ ​ដោយសារ​អង្គ​បោះ​ឆ្នោត​ទាំងអស់​ គឺ​សុទ្ធ​តែ​​មកពី​គណបក្ស​កាន់​អំណាច។

លោក​ថា​៖ «គណ​បក្ស​ដទៃ​ចុះឈ្មោះ​ប្រកួត​​ប្រ​ជែ​ង គឺ​គ្រាន់តែ​ធ្វើ​ដើម្បី​បង្គ្រ​ប់​កិច្ច​ប៉ុណ្ណោះ ឲ្យ​មើលទៅ​ឃើញ​មាន​ពហុបក្ស​ហ្នឹង ​តែ​លទ្ធផល​អត់​មានអី​ទេ។ ព្រោះ​គ្មានអ្វី​ផ្លាស់ប្តូរ​នោះទេ​ គឺ​គណបក្ស​កាន់អំណាច ​នៅតែ​គ្រប់គ្រង​អាសនៈ​ទាំងអស់​ ដូចគ្នា​នឹង​ការគ្រប់គ្រង​អាសនៈ​នៅ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ឃុំ សង្កាត់ ​ហើយ​គណបក្ស​ប្រជាជន​ហ្នឹង ​នឹង​ទទួល​ជ័យជម្នះ ១០០%»។

ប៉ុន្តែ លោក ហង្ស ពុទ្ធា ចាត់ទុក​ថា នេះ​គ្រាន់តែ​ជា​ទស្សនៈដែល​មិនអាចថា ត្រឹម​ត្រូវ​​ទេ ព្រោះ​ការទស្ស​ន៍ទាយ​បែបនេះគឺ​គ្មាន​ភាព​ប្រាកដ​ប្រជា ដែល​លទ្ធផល​ជាក់​ស្តែង​នឹង​បង្ហាញ​ក្រោយ​ការ​បោះ​ឆ្នោត៕