ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសដល់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅពាក់កណ្ដាលខែ ឧសភាខាងមុខនេះត្រូវចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោតដែលចាប់ផ្ដើមពីថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ១ ខែឧសភា។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប កាលពីចុងខែមករាចំពោះការទទួលពាក្យ សុំចុះឈ្មោះអ្នកអង្កេតការណ៍ជាតិ អន្តរជាតិនិងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកុម្ភៈ បញ្ចប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៩ ហើយអ្នកសង្កេតការណ៍អន្តរជាតិ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកុម្ភៈ បញ្ចប់ថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៩។
គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ ២០១៩ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣ ទូទាំងប្រទេស។
ចំនួនអ្នកបោះឆ្នោត ១១៥៧២ នាក់ដែលជាប់ឆ្នោតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នឹងចូលរួមបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងខេត្តចំនួន ៥៥៩ នាក់ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៥៥៥ នាក់។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បញ្ជាក់ថា៖ «គ.ជ.ប សង្ឃឹមថា គ្រប់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការបានល្អ ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣ ឆ្នាំ ២០១៩ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ»។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងថា គណបក្សប្រជាជននឹងដាក់អ្នកអង្កេតការណ៍ ចំនួន ២ នាក់ ក្នុងមួយការិយាល័យ ជាអ្នកសង្កេតការណ៍។
លោកបញ្ជាក់ថា៖ «យើងចាំមើលសិនថាការបោះឆ្នោតនេះ មានការកែប្រែយ៉ាងម៉េច»។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរបានអះអាងថានឹងចូលរួមការបោះឆ្នោតដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ ព្រោះទើបតែបង្កើតថ្មី។
លោកបញ្ជាក់ថា៖ «យើងកំពុងតែរៀបចំបេក្ខជនដើម្បីចូលរួមដូច្នេះ យើងមិនទាន់ដឹង ថាអាចដាក់អ្នកសង្កេតការណ៍ឬអត់ទេ យើងទើបតែបង្កើតថ្មីមុនការបោះឆ្នោត ២០១៨ យើងចង់ឲ្យប្រជាពលរដ្ឋបានស្គាល់ឆន្ទៈខ្មែរកាន់តែច្រើនថែមទៀត»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិថ្លែងថា៖ «ទោះជាបោះឆ្នោតសកល ឬអសកលក្តី រួមទាំងការរៀបចំ បញ្ជីបោះឆ្នោតក្តី ការចុះឈ្មោះបោះឆ្នោតក្តីយើងមានគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍មួយ ដែលយន្តការអន្តរក្រសួង ដែលមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងគជប ហើយយើងមានភារកិច្ច រៀបចំការពារសន្តិសុខព្រឹត្តិការណ៍ទាំងអស់នោះ»។
លោក យឿង សុធារ៉ា អ្នកជំនាញការបោះឆ្នោត បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ដទូទាំងប្រទេសនេះ គឺធ្វើឡើងដើម្បីឲ្យមានតុល្យភាពអំណាចគ្នារវាងគណៈអភិបាល រាជធានីខេត្ត ស្រុក ស្រុក ខណ្ឌ ព្រោះជាបុគ្គលនយោបាយ ដែលមានការតែងតាំងពីគណបក្សនយោបាយ ឲ្យមានការត្រួតអំណាចគ្នាទៅវិញទៅមក។
លោក សុធារ៉ា ថ្លែងថា៖ «ក្នុងស្ថានភាពបែបនេះ គណបក្សដទៃពិបាកនឹងប្រកួតប្រជែងយកអាសនៈនេះណាស់ ព្រោះតែអង្គបោះឆ្នោតគឺភាគច្រើន ជាសមាជិកគណបក្សប្រជាជនកម្ពុជា»៕