ភ្នំពេញៈ ប្រមាណ​ជាង​ ១ ​ម៉ោង​ក្រោយ​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​បាន​ប្រកាស​លទ្ធផល​​បឋម​ចំពោះ​ការជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​នីតិកាល​ទី​ ៦ ​គឺជា​ជោគជ័យ​របស់​កម្ពុជា​ដែល​មាន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បានចេញ​ទៅ​បោះឆ្នោត​ចំនួន​ជាង​ ៨២ ​ភាគរយ​បើ​ប្រៀបធៀប​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៣ មាន​ចំនួន​តែ​ជាង ៦៩ ​ភាគរយ បើ​ទោះបី​មាន​ការ​រិះគន់​ខ្លាំង​ពី​គូប្រជែង​របស់​បក្ស​កាន់​អំណាច​ក៏ដោយ​។

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បាន​ថ្លែង​ថា​៖ «​នេះ​ជា​ជោគជ័យ​ការបោះឆ្នោត​របស់​យើង​»​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គជប ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ចុងក្រោយ​អំពី​លទ្ធផល​បណ្ដោះអាសន្ន​ចំនួន​អ្នក​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​វេលា​ម៉ោង​ ៥ ​ល្ងាច​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកបោះឆ្នោត​បាន​បោះឆ្នោត​មាន ៦ ៨៨៥ ៧២៩ ស្មើ​ ៨២,១៧ ភាគរយ ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន ៨ ៣៨០ ២១៧​។ ចំណែក​នៅ​ឆ្នាំ​ ២០១៣ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មាន​ចំនួន​ ៩ ៥០៩ ៧៣២ តែ​អ្នក​បោះឆ្នោត​មាន​តែ​ ៦៩,៦១ ​ភាគរយ​ប៉ុណ្ណោះ​។

លោក ស៊ិក ប៊ុនហុក ថ្លែង​ថា លទ្ធផល​បឋម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ១១ សីហា ២០១៨ ប្រសិន​បើ​មិនមាន​ករណី​បោះឆ្នោត​ឡើង​វិញ ហើយ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៥ សីហា ២០១៨​។

លទ្ធផល​នេះ​ត្រូវ​បាន​លោក ស៊ិក ប៊ុនហុក ថ្លែង​ថា​ជា​ជោគជ័យ​នៃ​ការបោះឆ្នោត​នីតិកាល​ទី​ ៦ ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញ​ថា​មនោសញ្ចេតនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​អ្នក​ប្រឆាំង​ថា​ឬ​ទេ​? គេ​សប្បាយ​រីករាយ​ប៉ុនណា ហើយ​កន្លែង​ណា​ដែល​ថា​មាន​ការ​គំរាម​? គឺ​អស់​លោក​ឃើញ​នូវ​ទឹកមុខ សម្តី​ដែល​គេ​បាន​ស្រែក​នៅ​គ្រប់​ការផ្សាយ​នៅពេល​គេ​សួរ​អំពី​មនោសញ្ចេតនា​នៃ​ការបោះឆ្នោត​។ នេះ​ហើយ​ជា​ចម្លើយ មិន​ចាំបាច់​ខ្ញុំ​ឆ្លើយ​ទេ​ចំពោះ​គណបក្ស​ប្រឆាំង​។ រឿង​នេះ​ហើយ​កុំ​យល់​ថា មតិ​របស់​គណបក្ស​ប្រឆាំង​សុទ្ធត្រូវ​។ ត្រូវ​ ឬ​មិនត្រូវ គ្រាន់តែ​ឃើញ​ភាគរយ ហ្នឹង​ហើយ​ការពិត​របស់​កម្ពុជា​»​។

លោក ស៊ិក ប៊ុនហុក បាន​ថ្លែង​ថា​ការ​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ភាគរយ​ច្រើន​នេះ​បង្ហាញ​ពី​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។ លោក​ថា​គ្មាន​កើតឡើង​ការគំរាម​កំហែង​អ្វី​ឡើយ​។ លោក ស៊ិក ប៊ុនហុក ថ្លែង​ថា​ឆ្នាំ​ ២០១៨ ​នេះ​ពលរដ្ឋ​ក៏​មាន​ការសប្បាយ​រីករាយ​ក្នុង​ការបោះឆ្នោត​ដូច​ឆ្នាំ​មុន​ដែរ​។

លោក ស៊ិក ប៊ុនហុក ថ្លែង​ថា​៖ «​គេ​កាន់តែ​យល់​អំពី​ភារកិច្ច និង​កាតព្វកិច្ច​របស់​គេ គេ​ចេះ​ប្រើ​សិទ្ធិ​របស់​គេ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​គេ​ក្នុង​ ៥ ​ឆ្នាំ​ម្ដង​នេះ​ហើយ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ដុះ​កាន់តែ​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា យើង​គួរ​តែ​មាន​មោទនភាព​ហើយ​»​។

​លោក ស៊ិ​ក ប៊ុន​ហុក (​ឆ្វេង​) ប្រធាន គ​.​ជ​.​ប និង​លោក ទេព នីថា នៅក្នុង​សន្និសីទកាសែត​នៅ គ​.​ជ​.​ប កាលពី​ម្សិលមិញ​។ហេង ជីវ័ន

ប្រធាន គ.ជ.ប បាន​ថ្លែង​ថា​ការបោះឆ្នោត​នេះ​ធ្វើ​ឡើង​ក្រោម​ការឃ្លាំមើល​របស់​អន្តរជាតិ​មិន​មាន​សម្ពាធ​អន្តរជាតិ​ណា​ទៀត​ព្រោះ​អន្តរជាតិ​ទាំងនេះ​បាន​ឃ្លាំ​មើល​ការបោះឆ្នោត ហើយ​អន្តរជាតិ​ណា​ដែល​មិន​ទទួល​ស្គាល់​គឺជា ការប្រមាថ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​។

លោក​ថ្លែង​ថា​៖ «​ឆន្ទៈ​ខ្មែរ​នេះ​វា​ស្ដែង​ចេញ​ពី​តួលេខ​នេះ​ឯង​ទៅ​ដល់​អន្តរជាតិ​ដែល​ចង់​បង្ហាញ​នូវ​ភាព​វាយតម្លៃ​ទាប​ចំពោះ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ នេះ​ជា​ចម្លើយ​ហើយ​ចំពោះ​មជ្ឈដ្ឋាន​អន្តរជាតិ​ដែល​អន្តរជាតិ​មួយ​ចំនួន​ឆ្លើយ​ហើយ​ថា ខ្មែរ​គេ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ទេ ដែល​អស់​លោក​ថា ក្លែងក្លាយ​។ គេ​នឹង​មិន​ល្ងង់​ផ្កាប់មុខ​ទេ​។ គេ​ជា​ប្រទេស​ជឿនលឿន ហើយ​គេ​ជា​ប្រទេស​មួយ​ដែល​មាន​បញ្ញវន្ត​ច្រើន​ណាស់​។ មនសិការ​ក្នុង​នាម​បញ្ញវន្ត គេ​មិន​ចេះ​តែ​ធ្វើ​អ្វី​តាម​ងងឹត​ងងុល​ទេ​»​។

បរិយាកាស​នៃ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួនៈ​

គណបក្ស​ប្រជាជន​កម្ពុជា

លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ភរិយា​កាលពី​ម្សិលមិញ​បាន​មក​ដល់​ការិយាល័យ​បោះឆ្នោត ១៦៩៧ នៅក្នុង​សាលា​គរុកោសល្យ​ និង​វិក្រឹត្យការ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ក្នុង​ប្រមាណ​ជា​ម៉ោង​ ៧ ​និង​ ១៥ ​នាទី​ព្រឹក​បាន​ទម្លាក់​សន្លឹកឆ្នោត​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត​ ១០០ ​នាក់ ដើម្បី​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅក្នុង​នីតិកាល​ទី​ ៦ ​។

ក្រោយពី​បាន​ទម្លាក់​សន្លឹកឆ្នោត​ចូល​ទៅក្នុង​ហិប​ឆ្នោត​លោក​ក៏​បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​រថយន្ត​ដោយ​មិន​បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នក​សារព័ត៌មាន​នោះ​ទេ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​យើង​គោរព​ច្បាប់​ណា៎ កន្លែង​នេះ​គេ​មិន​ឲ្យ​យើង​និយាយ មិន​ឲ្យ​យើង​សួរ​ហើយ​មិន​ឲ្យ​យើង​និយាយ​ដែរ​។ ខ្ញុំ​បាន​ប្រាប់​ហើយ​ថា​កុំ​និយាយ​អី​នៅ​កន្លែង​នេះ យើង​ត្រូវ​គោរព​ច្បាប់ ហើយ​ខ្ញុំ​មិន​ឆ្លើយតប​សំណួរ​ទាំងអស់​»​។

ទោះ​យ៉ាងណា​ក៏ដោយ​លោក ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ហ្វេសប៊ុក ក្រោយ​បិទ​ការិយាល័យ​ថា​៖ «​អរគុណ​បងប្អូន កូនក្មួយ ជនរួមជាតិ​ដែល​បាន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ​ដ៏ច្រើន​លើសលប់​! បងប្អូន​ពិតជា​បាន​ជ្រើសរើស​​ផ្លូវ​ប្រជាធិបតេយ្យ និង​បាន​ប្រើប្រាស់​សិទ្ធិ​របស់​បងប្អូន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បាន​គូស​សន្លឹកឆ្នោត​នៃ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​»​។

លោក ព្រីង សត្យា ប្រធានការិយាល័យ​បោះឆ្នោត​ ១៦៩៧ បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​ការិយាល័យ​ដែល​លោក​ប្រធាន​គណបក្ស​ប្រជាជន​មក​បោះឆ្នោត​នេះ​មាន​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ៦៥៣ ​នាក់​ដែល​គណបក្ស​ប្រជាជន​តែង​ឈ្នះ​នៅ​ការិយាល័យ​មួយ​នេះ​រាល់​ការបោះឆ្នោត​។

លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​ដែល​បាន​មក​ដល់​ការិយាល័យ​នេះ​ហើយ​បាន​បោះឆ្នោត​មុន​គេ​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​​ប្រជាជន​កម្ពុជា​ហើយ ការបោះឆ្នោត​នីតិកាល​ទី​ ៦ ​នៃ​រដ្ឋសភា គោលបំណង​សំខាន់​គឺ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ដើម្បី​រួមចំណែក​ការកសាង​កម្ពុជា​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ដើម្បី​ឲ្យ​កម្ពុជា​មាន​សន្តិភាព​​រឹងមាំ និង​មាន​ការ​អភិវឌ្ឍ​»​។

នៅ​ការិយាល័យ​ដែល​លោក ហ៊ុន សែន បាន​ចូលរួម​បោះឆ្នោត​នេះ​មាន​សភាព​អ៊ូអរ​តាំងពី​ព្រលឹម​ដោយ​នៅក្នុង​បរិយាកាស​ល្អ​ដោយ​មិន​មាន​ភាព​មិន​ប្រក្រតី​ត្រូវ​បាន​មន្ត្រី​រៀបចំ​ការបោះឆ្នោត​រាយការណ៍​ឲ្យ​ដឹង​នោះទេ​កាលពី​ម្សិលមិញ​។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ក៏​បាន​មក​ការិយាល័យ​នេះ​បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​អំពី​ការធានា​ការបោះឆ្នោត​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​។

លោក ឌឹម សុវណ្ណារុំ បាន​ថ្លែង​ថា​៖ «​ងាយស្រួល​ណាស់ ទី​ ១ គឺ​យើង​មាន​គណបក្ស​នយោបាយ​ចូលរួម​ ២០ ​បក្ស​ដែល​ប្រកួត​នៅ​ថ្ងៃទី​ ២៩ កក្កដា តែ​ ១ ​ថ្ងៃ​ទេ​។ ទី​ ២ គឺ​យើង​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​»​។

លោក ឌឹម សុវណ្ណារុំ បាន​ថ្លែង​បន្ត​ថា​ការបោះឆ្នោត​នេះ​ធ្វើ​ឡើង​ក្រោម​ការឃ្លាំមើល​របស់​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ជាង​ ៨ ​ម៉ឺន​នាក់​ដែល​ក្នុង​ចំនួន​នេះ​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ ៥៣៩ ​នាក់​មកពី​ស្ថាប័ន​មួយ​ដែល​មាន​ឈ្មោះ​ថា​ «​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី​» ​ឬ​ហៅ​កាត់​ថា ICAPP​។

លោក ឌឹម សុវណ្ណារុំ បាន​បញ្ជាក់​ថា​ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ ព្រោះ​វា​ស្ថិត​នៅ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។ លោក​ថ្លែង​បន្ត​ថា​៖ «​ធ្វើ​ដូច្នេះ​មាន​ន័យ​ថា​ជា​ការ​រារាំង​ការបោះឆ្នោត​។ ការរារាំង​ការបោះឆ្នោត​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​មត្រា​ ១៤២»​។

គណបក្ស​ឆន្ទៈ​ខ្មែរ

លោក គង់ មុនីកា ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយពី​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាលពី​ចុង​ឆ្នាំ​ ២០១៧ និង​ជា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​មក​ដល់​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​សាលាបឋមសិក្សា​សុធារស​ក្នុង​រាជធានី​បាន​ទម្លាក់​សន្លឹកឆ្នោត​ទៅក្នុង​ហិប​ឆ្នោត​កាលពី​ម្សិលមិញ​ដោយ​បាន​បង្ហាញ​ក្ដីសង្ឃឹម​ដល់​អ្នក​បោះឆ្នោត​នឹង​បោះ​ឲ្យ​គណបក្ស​នេះ​ដើម្បី​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។

លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ។ហុង មិនា

លោក មុនីកា ថ្លែង​ថា​៖ «​យើង​សង្កេត​ឃើញ​ថា​អ្នក​មក​បោះឆ្នោត​នេះ​មាន​ភាព​កុះករ​ហើយ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​គាត់​នឹង​បោះឆ្នោត​ធ្វើការ​ផ្លាស់ប្តូរ​ជា​​វិជ្ជមាន​នៅ​កម្ពុជា​ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា យើង​ត្រូវ​តែ​ចេញ​មក​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ឆន្ទៈ​ខ្មែរ​ដើម្បី​សម្រេច​ឲ្យ​បាន​ការ​ផ្លាស់ប្តូរ​ដោយ​វិជ្ជមាន​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​ការបោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​សមស្រប​តាម​នីតិវិធី​ជាពិសេស​តាម​ការរៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​បែបបទ​ត្រឹមត្រូវ​ហើយ បើ​ប្រៀបធៀប​ការបោះឆ្នោត​ឆ្នាំ​ ២០១៧ បរិមាណ​ និង​ចំនួន​អ្នក​បោះឆ្នោត​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​»​។

លោក គង់ គាំ ទីប្រឹក្សា​អតីត CNRP ដែល​ជា​ទីប្រឹក្សា​ដល់​កូន​របស់​លោក​គឺ មុនីកា ហើយ​បាន​បោះឆ្នោត​ក្នុង​ការិយាល័យ​ជាមួយ​កូន​បាន​ថ្លែង​ថា​លោក​មិន​បណ្តោយ​ឲ្យ​សិទ្ធិ​​ប្រជាពលរដ្ឋ​ត្រូវ​អ្នក​បង្ខិតបង្ខំ មិន​ឲ្យ​ទៅ​បោះឆ្នោត​ទេ​។

លោក​ថ្លែង​ថា​៖ «​ថ្ងៃ​នេះ​ខ្ញុំ​ប្រើ​សិទ្ធិ​ផ្ទាល់​ខ្លួន​ខ្ញុំ​មើល​ឃើញ​ថា អ្នក​មក​បោះឆ្នោត​ច្រើន​ដូច​រៀងរាល់​អាណត្តិ​តាម​ធម្មតា​។ ​សង្ឃឹម​ថា​ក្រោយ​ការបោះឆ្នោត​នេះ​ប្រជាពលរដ្ឋ​នឹង​មាន​សេចក្តីសុខ និង​បាន​រីកចម្រើន​តទៅ​ទៀត​។ យើង​សូម​អរគុណ​អ្នក​អង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ដែល​បាន​មក​ជួយ​ជា​សាក្សី​ថា បរិយាកាស​បោះឆ្នោត​នេះ​ពិតជា​សេរី ហើយ​លទ្ធផល​អាច​ទទួល​យក​បាន​»​។

គណបក្ស LDP

លោក ខឹម វាសនា ប្រធាន​គណបក្ស LDP បោះឆ្នោត​នៅ​ការិយាល័យ​ក្នុង​សាលា​រចនា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មក​បោះឆ្នោត ខ្ញុំ​យល់​ថា វា​មិន​អី​ទេ ក៏​ប៉ុន្តែ​បញ្ហា​ធំ​ដែល​ជា​ការតវ៉ា​របស់​យើង​អត់​បាន​សម្រេច អំពី​សន្លឹកឆ្នោត​ដែល​ចាត់ទុក​ជា​បាន​ការ និង​មិន​បាន​ការ​ដូច្នេះ​អាហ្នុង​ហើយ​ដែល​ជា​ចំណុច​ធំ​»​។ បរិយាកាស​ទូទៅ​ក្នុង​ការ​បោះឆ្នោត​សម្រាប់​ការិយាល័យ​មួយ​នេះ​គឺ​អត់​អី​ទេ ក៏​ប៉ុន្តែ​ភ្នាក់ងារ​សង្កេតការណ៍​របស់​យើង​នៅ​ការិយាល័យ​ផ្សេងៗ​ទៀត​នៅ​តាម​ស្រុក​អី គឺថា​វា​មាន​ការ​ទិញដូរ​នៅ​ហ្នឹង​។ នៅ​ក្បែរៗ​ការិយាល័យ​មាន​ដាក់​តុ​ឲ្យ​លុយ​ឲ្យ​អ៊ីចឹង វា​ទើប​តែ​ជា​ព្រឹត្តិការណ៍​ដែល​យើង​បាន​ទទួល​នៅ​ព្រឹក​ហ្នឹង​»​។

ជន​បរទេស​ចូលរួម​សង្កេតការណ៍ នៅ​ក្នុង​ពេល​បោះឆ្នោត កាល​ពី​ម្សិលមិញ។ហេង ជីវ័ន

អតីត​គណបក្ស​ប្រឆាំង

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ថា ជ័យជម្នះ​ណា​ដែល​បាន​មក​ដោយ​គ្មាន​ការប្រកួតប្រជែង​ពិតប្រាកដ​គឺជា​ជ័យជម្នះ​ក្លែងក្លាយ​។

លោក រង្ស៊ី ថ្លែង​ថា​៖ «​យើង​អាច​អត្ថាធិប្បាយ​បែប​នេះ​ពី​ជ័យជម្នះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបោះឆ្នោត​ថ្ងៃ​អាទិត្យ​នេះ ពីព្រោះ​គាត់​ទទួល​បាន​ជ័យជម្នះ​នេះ​យ៉ាង​ងាយស្រួល បន្ទាប់ពី​គាត់​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​ដែល​អាច​ដណ្តើម​យក​ជ័យជម្នះ​លើ​គណបក្ស​របស់​គាត់​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​ជ័យជម្នះ​នេះ​គ្មាន​ន័យ​អ្វី​ទេ ហើយ​មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឈម​។ សម្រាប់​មហាជន ដែល​មិន​មាន​ជម្រើស​ក្នុង​ការ​បញ្ចេញមតិ ដោយសារ​តែ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​មិន​អាច​ឆ្លុះបញ្ចាំង​ឆន្ទៈ​​ប្រជារាស្ត្រ​ខ្មែរ​បាន​ទេ​»​។

ភាព​មិន​ប្រក្រតី

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ គ.ជ.ប បាន​អះអាង​ថា យុវជន​ចំនួន​ ៤ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​យក​ដែកកេះ​ដែល​មាន​រាង​ដូច​គ្រាប់បែក​ដៃ​មួយ​គ្រាប់​ចូល​ទៅ​ការិយាល័យ​រៀបចំ​ការបោះឆ្នោត​មួយ​កន្លែង​នៅ​ខេត្ត​ព្រះវិហារ​កាលពី​សៅរ៍ ទី​ ២៨ កក្កដា​នេះ​។ បើ​តាម​សមត្ថកិច្ច ករណី​នេះ​បាន​កើតឡើង​នៅ​ការិយាល័យ​បោះឆ្នោត​លេខ ០៣១៧ ស្ថិត​នៅ​ក្នុង​សាលារៀន​ចំរើនផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អះអាង​​ថា នេះ​មិនមែន​ជា​ករណី​ធ្ងន់ធ្ងរ​ប៉ះពាល់​ដំណើរការ​បោះឆ្នោត​នោះ​ទេ​។

លោក​ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​នគរបាល​ជាតិ​ថ្លែងថា​ជា​រឿង​យល់​ច្រឡំ​ដោយសារ​តែ​ពេល​យប់​ងងឹត ហើយ​គ្រាប់បែក​ដែល​គេ​សង្ស័យ​នោះ​គឺជា​ដែកកេះ​ដែល​មាន​រូបរាង​ជា​គ្រប់​បែក​ហើយ​យុវជន​ ៤ ​នាក់​នោះ​ត្រូវ​បាន​នគរបាល​ធ្វើ​កំណត់​ហេតុ និង​អប់រំ​រួច​ដោះលែង​ទៅ​ផ្ទះ​រៀងខ្លួន​វិញ​។

លោក ពុទ្ធា បាន​អះអាង​ថា​មាន​ស្ត្រី​ម្នាក់​ជា​អនុប្រធាន​ការិយាល័យ​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់ពី​គាត់​បាន​ព្យាយាម​លួច​ផ្ទេរ​ទឹកខ្មៅ ជ្រលក់​ដៃ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ដើម្បី​យក​ចេញ​​មក​ក្រៅ​ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ដទៃ​ផ្សេង​ទៀត​ធ្វើការ​ឃាត់ ហើយ​និង​សាកសួរ​។

លោក​បន្ថែម​ថា​៖ «​ប្រសិន​បើ​រកឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​បែប​ហ្នឹង គាត់​នឹង​ទទួល​ការផាកពិន័យ​»​។

លោក គៀត ច័ន្ទថារិទ្ធ បាន​បន្ថែម​ថា​៖ «​គេ​នៅ​សួរនាំ​គាត់​ថា តើ​នរណា​ជា​អ្នក​បង្គាប់​បញ្ជា​គាត់ និង​ថា​គាត់​ធ្វើ​ហ្នឹង​ក្នុង​គោលបំណង​ដើម្បី​អ្វី​? គាត់​កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ​»​។

អ្នក​សង្កេតការណ៍

អ្នក​សង្កេតការណ៍​បរទេស​មកពី​អង្គការ​អន្តរជាតិ​ដែល​មាន​ឈ្មោះ International Conference of the Asian Political Parties (ICAPP) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយពី​បិទ​ការិយាល័យ​បោះឆ្នោត​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​ថ្លែង​ថា បរិយាកាស​ជា​រួម​របស់​ស្ថានភាព​នៃ​ការបោះឆ្នោត​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​សភាព​ស្ងប់ស្ងាត់ សន្តិសុខ និង​គ្មាន​​អំពើ​ហិង្សា​។

លោក ខឹម វាសនា ប្រធាន​គណបក្ស LDP បោះឆ្នោត​នៅ​ការិយាល័យ​ក្នុង​សាលា​រចនា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ហេង ជីវ័ន

អ្នក​សង្កេតការណ៍​បរទេស​បាន​ថ្លែង​ទៀត​ថា ការបោះឆ្នោត​ត្រូវ​បាន​ប្រព្រឹត្ត​ទៅក្នុង​ស្មារតី​ប្រកួត​ប្រជែង និង​តម្លាភាព​ជាមួយ​នឹង​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​គណបក្ស​​នយោបាយ​ជាច្រើន​។

អាជ្ញាធរ​បាន​ជួយ​បង្កើត​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​សំខាន់ៗ​ជាច្រើន​សម្រាប់​គណបក្ស​នយោបាយ​ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​អាច​ចូលរួម​ដោយ​​សេរី​ក្នុង​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​។ ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​ទៅ​តាម​ការបោះឆ្នោត​ដោយ​ផ្ទាល់​ជា​សកល​ដោយ​ការប្រើប្រាស់​សន្លឹកឆ្នោត​សម្ងាត់​ និង​ផ្អែក​ទៅ​លើ​សេរីភាព និង​ការប្រើប្រាស់​សិទ្ធិ​នយោបាយ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​។

សេចក្ដី​ថ្លែងការណ៍ ICAPP បាន​ឲ្យ​ដឹង​ថា​៖ «​យើង​សូម​ថ្លែង​កោតសរសើរ​ចំពោះ​ប្រជាជន​កម្ពុជា​សម្រាប់​ការចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការបោះឆ្នោត​ និង​សូម​ជូនពរ​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​របស់​ខ្លួន​»​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ដោយ​ប៉ាន់​ប្រមាណ​ថា CPP ​នឹង​ទទួល​បាន​កៅអី​នៅក្នុង​រដ្ឋសភា​យ៉ាង​តិច​មិន​លើស​ពី​ ៩០ ​ក្នុង​ចំណោម​កៅអី​សរុប​ចំនួន​ ១២៥ ​កៅអី​ដែល​អាច​បង្កើត​រាជរដ្ឋាភិបាល​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​រាំងស្ទះ​ក្នុង​បរិយាកាស​មួយ​សន្តិភាព ស្ថិរភាព​នយោបាយ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​ប្រទេសជាតិ​៕